11. ក៏ឲ្យគ្រប់ទាំងសត្វនៅវាលមានទឹកផឹកឯលាព្រៃក៏ផឹកឆ្អែតដែរ
12. អស់ទាំងសត្វហើរលើអាកាសធ្វើសំបុកតាមផ្លូវទឹកទាំងនោះហើយកញ្ជ្រៀវលេងនៅលើមែកឈើ
13. ទ្រង់ស្រោចអស់ទាំងភ្នំពីដំណាក់ទ្រង់ហើយផែនដីបានពេញដោយផលនៃស្នាដៃទ្រង់
14. ទ្រង់ធ្វើឲ្យស្មៅដុះឡើងសំរាប់សត្វហើយបន្លែសំរាប់មនុស្សដើម្បីឲ្យទាំង២បានអាហារពីផែនដីមក
15. ព្រមទាំងស្រាទំពាំងបាយជូរដែលនាំឲ្យចិត្តមនុស្សបានសប្បាយនិងប្រេង សំរាប់ឲ្យមុខគេបានរលើបភ្លឺហើយអាហារផង សំរាប់ចំរើនកំឡាំងចិត្តមនុស្ស
16. អស់ទាំងដើមឈើរបស់ព្រះយេហូវ៉ាបានឆ្អែតគឺដើមតាត្រៅនៅភ្នំល្បាណូន ជាដើមដែលទ្រង់បានដាំ
17. ជាកន្លែងដែលសត្វស្លាបធ្វើសំបុកនៅឯសត្វកុកវាបានដើមកកោះជាទីអាស្រ័យ
18. អស់ទាំងភ្នំខ្ពស់ជាទីសំរាប់ពពែព្រៃហើយអស់ទាំងថ្មជាទីពឹងជ្រកនៃទន្សាយថ្ម
19. ទ្រង់បានដំរូវព្រះចន្ទ ទុកសំរាប់ជាទីកំណត់រដូវចំណែកព្រះអាទិត្យ ក៏ដឹងពេលដែលត្រូវលិចដែរ
20. ទ្រង់ធ្វើឲ្យងងឹត នោះគឺជាយប់ហើយជាពេលដែលគ្រប់ទាំងសត្វនៅព្រៃរមែងចេញមក
21. អស់ទាំងសិង្ហស្ទាវគ្រហឹមរកចាប់រំពាក៏សូមអាហារពីព្រះមក
22. លុះថ្ងៃរះឡើងកាលណា វាក៏បាត់ទៅចូលទៅដេកក្នុងរូងវាវិញ
23. ឯមនុស្សគេចេញមកឯកិច្ចធុរៈរបស់ខ្លួនហើយក៏ធ្វើការដរាបដល់ល្ងាច
24. ឱព្រះយេហូវ៉ាអើយ អស់ទាំងស្នាដៃរបស់ទ្រង់មានច្រើនប្រការណាស់ហ្ន៎ទ្រង់បានធ្វើទាំងអស់ដោយប្រាជ្ញាផែនដីបានពេញដោយរបស់ដែលទ្រង់បង្កើត
25. នុ៎ះន៍ សមុទ្រដ៏ធំ ហើយទូលាយនៅក្នុងទឹកនោះមានរបស់រវើកឥតគណនាជាសត្វទាំងតូចទាំងធំ
26. ក៏មាននាវាបើកទៅមកហើយមានសត្វធំសំបើម ដែលទ្រង់បានបង្កើតឲ្យលេងក្នុងទឹក
27. គ្រប់សត្វទាំងនោះសង្ឃឹមចាំតែទ្រង់ឲ្យទ្រង់បានប្រទានចំណីដល់វាតាមត្រូវពេល
28. ទ្រង់ក៏ប្រទានឲ្យ ហើយវាទទួលយកកាលទ្រង់លាព្រះហស្តទៅនោះវាបានឆ្អែតដោយរបស់ល្អ
29. កាលទ្រង់លាក់ព្រះភក្ត្រ នោះវាបានថប់ព្រួយវិញកាលទ្រង់ដកយកដង្ហើមចេញ នោះវាក៏ស្លាប់ហើយត្រឡប់ទៅជាធូលីដីវិញ