5. អស់ទាំងឆ្អឹងរបស់ទូលបង្គំជាប់ជិតនឹងសាច់ដោយព្រោះដំងូរដែលទូលបង្គំថ្ងូរជានិច្ច
6. ទូលបង្គំប្រៀបដូចជាសត្វទុងនៅទីរហោស្ថានក៏បានត្រឡប់ដូចជាមៀមនៅទីសូន្យស្ងាត់
7. ទូលបង្គំចាំយាម ក៏ដូចជាចាបឥតគូ នៅលើដំបូលផ្ទះ
8. ពួកខ្មាំងសត្រូវពោលប្រទេចចំពោះទូលបង្គំជាដរាបរាល់ថ្ងៃហើយពួកអ្នកដែលស្អប់ទូលបង្គំគេយកឈ្មោះទូលបង្គំជាសេចក្ដីផ្តាសា
9. ទូលបង្គំបានទទួលទានផេះទុកជាអាហារហើយបានលាយគ្រឿងផឹករបស់ទូលបង្គំដោយទឹកភ្នែក
10. ដោយព្រោះសេចក្ដីថ្នាំងថ្នាក់និងសេចក្ដីក្រោធរបស់ទ្រង់ដ្បិតទ្រង់បានលើកទូលបង្គំឡើង ហើយបោះចោលវិញ
11. អស់ទាំងថ្ងៃអាយុនៃទូលបង្គំដូចជាស្រមោលដែលជ្រេទៅហើយទូលបង្គំក្រៀមទៅដូចជាស្មៅ។
12. ៙ ប៉ុន្តែ ឱព្រះយេហូវ៉ាអើយ ទ្រង់នឹងគង់សោយរាជ្យនៅអស់កល្បជានិច្ចហើយនឹងមានសេចក្ដីនឹកចាំពីទ្រង់នៅអស់ទាំងដំណមនុស្សតទៅ
13. ទ្រង់នឹងក្រោកឡើង ហើយមានសេចក្ដីមេត្តាករុណាដល់ក្រុងស៊ីយ៉ូនដ្បិតដល់វេលាហើយ ដែលគួរប្រោសមេត្តាដល់ទីក្រុងអើ ពេលកំណត់បានមកដល់ហើយ
14. ពីព្រោះពួកអ្នកបំរើទ្រង់គេអាល័យដល់អស់ទាំងថ្មហើយក៏ស្តាយស្រណោះដល់ធូលីដីនៃទីក្រុង
15. យ៉ាងនោះ ពួកសាសន៍ដទៃនឹងកោតខ្លាចដល់ព្រះនាមព្រះយេហូវ៉ាហើយអស់ទាំងស្តេចនៅផែនដីនឹងក្រែងខ្លាចដល់សិរីល្អនៃទ្រង់
16. ដ្បិតព្រះយេហូវ៉ាទ្រង់នឹងសង់ក្រុងស៊ីយ៉ូនឡើងវិញហើយនឹងលេចមកក្នុងសិរីល្អនៃទ្រង់
17. ទ្រង់តែងតែទទួលសេចក្ដីអធិស្ឋានរបស់មនុស្សវេទនាឥតដែលមើលងាយចំពោះពាក្យសូមអង្វររបស់គេឡើយ