17. ដូច្នេះ ឱព្រះនៃយើងខ្ញុំអើយ សូមទ្រង់ស្តាប់តាមសេចក្ដីអធិស្ឋាន និងពាក្យទូលអង្វររបស់អ្នកបំរើទ្រង់ ហើយសូមធ្វើឲ្យព្រះភក្ត្រទ្រង់ភ្លឺមកលើទីបរិសុទ្ធរបស់ទ្រង់ ដែលនៅស្ងាត់ច្រៀបចុះគឺដោយយល់ដល់ព្រះអម្ចាស់
18. ឱព្រះនៃទូលបង្គំអើយ សូមផ្អៀងព្រះកាណ៌មកស្តាប់ សូមបើកព្រះនេត្រទ្រង់ទតមើលសេចក្ដីខូចបង់របស់យើងខ្ញុំ និងទីក្រុងដែលបានហៅតាមព្រះនាមទ្រង់ ដ្បិតយើងខ្ញុំមិនមែនទូលអង្វរដល់ទ្រង់ដោយព្រោះយើងខ្ញុំមានសេចក្ដីសុចរិតទេ គឺដោយព្រោះតែសេចក្ដីមេត្តាករុណាដ៏ធំរបស់ទ្រង់វិញ
19. ឱព្រះអម្ចាស់អើយ សូមទ្រង់ព្រះសណ្តាប់ ឱព្រះអម្ចាស់អើយ សូមទ្រង់អត់ទោស ឱព្រះអម្ចាស់អើយ សូមទ្រង់ស្តាប់ ហើយប្រោសមេត្តាផង ឱព្រះនៃទូលបង្គំអើយ សូមកុំបង្អង់ឡើយ ដោយយល់ដល់អង្គទ្រង់ ដ្បិតទីក្រុងនៃទ្រង់ និងរាស្ត្ររបស់ទ្រង់ បានហៅតាមព្រះនាមទ្រង់ហើយ។
20. កាលខ្ញុំកំពុងតែទូលដល់ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំព្រមទាំងអធិស្ឋាន និងលន់តួបាបរបស់ខ្លួនខ្ញុំ ហើយបាបរបស់ពួកអ៊ីស្រាអែលជាសាសន៍នៃខ្ញុំ ទាំងទូលអង្វរឲ្យភ្នំបរិសុទ្ធរបស់ព្រះនៃខ្ញុំផង
21. អើ កំពុងដែលខ្ញុំអធិស្ឋាននៅឡើយ នោះលោកដែលនាមជា កាព្រីយ៉ែល ជាអ្នកដែលខ្ញុំបានឃើញក្នុងការជាក់ស្តែងមុនដំបូង លោកហោះយ៉ាងលឿន ចូលមកឯខ្ញុំ ក្នុងរវាងពេលថ្វាយដង្វាយល្ងាច
22. ហើយក៏ប្រាប់ខ្ញុំ ព្រមទាំងសន្ទនានឹងខ្ញុំថា ដានីយ៉ែលអើយ យើងបានចេញមកឥឡូវ ដើម្បីនឹងឲ្យអ្នកមានប្រាជ្ញា ហើយនឹងយោបល់
23. កាលអ្នកទើបនឹងចាប់តាំងអធិស្ឋាន នោះមានចេញបង្គាប់ស្រេចហើយ រួចយើងបានចេញមក ដើម្បីនឹងប្រាប់ដល់អ្នក ដ្បិតអ្នកជាមនុស្សសំណប់យ៉ាងសំខាន់ ដូច្នេះ ចូរពិចារណាសេចក្ដីនេះហើយយល់ការជាក់ស្តែងចុះ។