13. សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានមកលើយើងខ្ញុំដូចជាបានចែងទុកមកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ឲ្យមានគំនិតវាងវៃ ក្នុងសេចក្ដីពិតរបស់ទ្រង់វិញនោះឡើយ
14. ហេតុនោះបានជាព្រះយេហូវ៉ាបានរវាំងមើលអំពើអាក្រក់នោះ ក៏បានទំលាក់មកលើយើងខ្ញុំវិញ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់សុចរិតក្នុងគ្រប់ទាំងការដែលទ្រង់ធ្វើ តែយើងខ្ញុំមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ
15. ឥឡូវនេះ ឱព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ ដែលបាននាំរាស្ត្ររបស់ទ្រង់ចេញពីស្រុកអេស៊ីព្ទ ដោយព្រះហស្តខ្លាំងពូកែ ហើយបានល្បីព្រះនាមខ្ចរខ្ចាយ ដូចជាសព្វថ្ងៃនេះអើយ យើងខ្ញុំបានធ្វើបាប ក៏បានប្រព្រឹត្តអំពើអាក្រក់ផង
16. ឱព្រះអម្ចាស់អើយ តាមគ្រប់ទាំងសេចក្ដីសុចរិតរបស់ទ្រង់ នោះសូមឲ្យសេចក្ដីខ្ញាល់ និងសេចក្ដីក្រោធរបស់ទ្រង់ បានបែរចេញពីក្រុងយេរូសាឡិម គឺជាភ្នំបរិសុទ្ធរបស់ទ្រង់ទៅ ដ្បិតក្រុងយេរូសាឡិម និងពួករាស្ត្ររបស់ទ្រង់បានត្រឡប់ជាទីត្មះតិះដៀល ដល់មនុស្សទាំងអស់ដែលនៅព័ទ្ធជុំវិញយើងខ្ញុំ គឺដោយព្រោះតែអំពើបាបរបស់យើងខ្ញុំ ហើយនឹងអំពើទុច្ចរិតរបស់ពួកអយ្យកោយើងខ្ញុំទេ