1. នៅឆ្នាំដំបូង ក្នុងរាជ្យនៃដារីយុស ព្រះរាជបុត្រាអ័ហាស៊ូរុស ជាពូជពង្សសាសន៍មេឌី ដែលគេបានតាំងឡើងជាស្តេច ឲ្យគ្រប់គ្រងលើអាណាខេត្តរបស់សាសន៍ខាល់ដេ
2. គឺក្នុងឆ្នាំដំបូងនៃរាជ្យទ្រង់ នោះខ្ញុំ ដានីយ៉ែលបានមើលគម្ពីរ ត្រង់កន្លែងដែលព្រះបន្ទូលនៃព្រះយេហូវ៉ាបានមកដល់ហោរាយេរេមា ពីចំនួនឆ្នាំដែលត្រូវកន្លងទៅ ដើម្បីនឹងសំរេចការខូចបង់នៃក្រុងយេរូសាឡិម គឺគ្រប់៧០ឆ្នាំ
3. នោះខ្ញុំបានតាំងចិត្តចំពោះព្រះដ៏ជាព្រះអម្ចាស់ ដើម្បីរកអធិស្ឋាន ហើយទូលអង្វរ ព្រមទាំងតមអត់ស្លៀកសំពត់ធ្មៃ ហើយព្រលាំងផេះផង
4. ខ្ញុំបានអធិស្ឋានដល់ព្រះយេហូវ៉ា ជាព្រះនៃខ្ញុំ ក៏លន់តួ ដោយពាក្យថា ឱព្រះអម្ចាស់ជាព្រះដ៏ធំ ហើយគួរស្ញែងខ្លាច ជាព្រះដែលរក្សាសេចក្ដីសញ្ញា និងសេចក្ដីសប្បុរស ចំពោះអស់អ្នកដែលស្រឡាញ់ដល់ទ្រង់ ហើយកាន់តាមបញ្ញត្តទ្រង់អើយ
5. យើងខ្ញុំរាល់គ្នាបានធ្វើបាប បានប្រព្រឹត្តក្រវិចក្រវៀន គឺបានប្រព្រឹត្តអាក្រក់ ហើយបះបោរ ព្រមទាំងងាកបែរចេញពីក្រឹត្យក្រម និងបញ្ញត្តច្បាប់របស់ទ្រង់ផង
6. ក៏មិនស្តាប់តាមពួកហោរា ជាអ្នកបំរើទ្រង់ ដែលបានទាយដល់ពួកស្តេច ពួកចៅហ្វាយ ពួកអយ្យកោរបស់យើងខ្ញុំ និងបណ្តាជនក្នុងស្រុកដោយនូវព្រះនាមទ្រង់ដែរ
7. ឱព្រះអម្ចាស់អើយ សេចក្ដីសុចរិតជារបស់ផងទ្រង់ហើយ តែខាងយើងខ្ញុំ មានតែសេចក្ដីជ្រប់មុខវិញ ដូចជាសព្វថ្ងៃនេះ គឺទាំងពួកមនុស្សនៅស្រុកយូដា ពួកអ្នកនៅក្រុងយេរូសាឡិម និងសាសន៍អ៊ីស្រាអែលទាំងអស់គ្នា ដែលនៅជិតនៅឆ្ងាយ នៅក្នុងអស់ទាំងប្រទេសដែលទ្រង់បានបណ្តេញគេ ដោយព្រោះអំពើរំលង ដែលគេបានប្រព្រឹត្តទាស់នឹងទ្រង់ផង
8. ឱព្រះអម្ចាស់អើយ សេចក្ដីជ្រប់មុខជារបស់ផងយើងខ្ញុំហើយ គឺរបស់ពួកស្តេច ពួកចៅហ្វាយ និងពួកអយ្យកោនៃយើងខ្ញុំ ពីព្រោះយើងខ្ញុំបានធ្វើបាបនឹងទ្រង់
9. ឯសេចក្ដីមេត្តាករុណា និងសេចក្ដីអត់ទោស នោះជារបស់ផងព្រះដ៏ជាព្រះអម្ចាស់នៃយើងខ្ញុំវិញ ទោះបើយើងខ្ញុំបានបះបោរនឹងទ្រង់ក៏ដោយ
10. យើងខ្ញុំក៏មិនបានស្តាប់តាមព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងដើរតាមក្រឹត្យវិន័យរបស់ទ្រង់ ដែលទ្រង់បានតាំងនៅមុខយើងខ្ញុំ ដោយសារពួកហោរា ជាអ្នកបំរើទ្រង់ដែរ
11. អើ ពួកអ៊ីស្រាអែលទាំងអស់គ្នាបានរំលងចំពោះក្រឹត្យវិន័យរបស់ទ្រង់ហើយ ក៏បែរចេញ ដើម្បីមិនឲ្យត្រូវស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ ហេតុនោះសេចក្ដីបណ្តាសានេះត្រូវចាក់មកលើយើងខ្ញុំ ព្រមទាំងសេចក្ដីសម្បថដែលបានកត់ទុក នៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកបំរើនៃព្រះដែរ ពីព្រោះយើងខ្ញុំបានធ្វើបាបចំពោះទ្រង់
12. ហើយទ្រង់បានសំរេចបញ្ជាក់ព្រះបន្ទូល ដែលទ្រង់មានព្រះបន្ទូលទាស់នឹងយើងខ្ញុំ ហើយទាស់នឹងពួកចៅក្រម ដែលជំនុំជំរះយើងខ្ញុំ ដោយបាននាំសេចក្ដីអាក្រក់យ៉ាងធំនេះមកលើយើងខ្ញុំ ដ្បិតនៅក្រោមមេឃទាំងមូល មិនដែលកើតមានការអ្វី ដូចជាបានកើតដល់ក្រុងយេរូសាឡិមនោះឡើយ។
13. សេចក្ដីអាក្រក់ទាំងប៉ុន្មាននេះ បានមកលើយើងខ្ញុំដូចជាបានចែងទុកមកនៅក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេហើយ ប៉ុន្តែយើងខ្ញុំមិនបានទូលអង្វរស្វែងរកព្រះគុណរបស់ព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំ ដើម្បីនឹងបែរចេញពីអំពើទុច្ចរិតរបស់យើងខ្ញុំ ឲ្យមានគំនិតវាងវៃ ក្នុងសេចក្ដីពិតរបស់ទ្រង់វិញនោះឡើយ
14. ហេតុនោះបានជាព្រះយេហូវ៉ាបានរវាំងមើលអំពើអាក្រក់នោះ ក៏បានទំលាក់មកលើយើងខ្ញុំវិញ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំទ្រង់សុចរិតក្នុងគ្រប់ទាំងការដែលទ្រង់ធ្វើ តែយើងខ្ញុំមិនបានស្តាប់តាមព្រះបន្ទូលទ្រង់ឡើយ