1. នៅឆ្នាំទី៣ ក្នុងរាជ្យនៃស្តេចបេលសាសារ នោះមានការជាក់ស្តែងលេចមក ឲ្យដានីយ៉ែល ខ្ញុំឃើញ គឺក្រោយការជាក់ស្តែង១ដែលខ្ញុំបានឃើញពីមុននោះ
2. រីឯកាលខ្ញុំឃើញការជាក់ស្តែង១នេះ នោះខ្ញុំនៅក្នុងព្រះរាជវាំងត្រង់ក្រុងស៊ូសាន ក្នុងខេត្តអេឡាំ តែក្នុងការជាក់ស្តែងនោះខ្ញុំឃើញថា ខ្ញុំនៅឯមាត់ទន្លេអ៊ូឡាយវិញ
3. ខណៈនោះខ្ញុំបានងើបភ្នែកឡើង មើលទៅឃើញ មានចៀមឈ្មោល១ឈរនៅក្បែរទន្លេ វាមានស្នែង២ ហើយស្នែងទាំង២ក៏វែង មានតែ១វែងជាង ឯស្នែង១ដែលវែងជាង បានដុះឡើងជាខាងក្រោយ
4. ខ្ញុំក៏ឃើញចៀមឈ្មោលនោះកំពុងតែទន្ទ្រានទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង ឥតមានសត្វណាមួយអាចនឹងទប់ទល់បានឡើយ ក៏គ្មានណាអាចនឹងជួយ ឲ្យរួចពីកណ្តាប់ដៃវាបានដែរ គឺវាបានធ្វើតាមតែអំពើចិត្ត ហើយក៏ដំកើងខ្លួនឡើងផង។
5. កាលខ្ញុំកំពុងតែពិចារណា នោះឃើញមានពពែឈ្មោល១មកពីទិសខាងលិច ហោះចេញលើផែនដីទាំងដុំមូល ឥតពាល់ប៉ះនឹងដីឡើយ ពពែនោះមានស្នែង១នៅកណ្តាលភ្នែកទាំង២ ជាស្នែងគួរពិចពិលមើល
6. វាក៏មកដល់ចៀមឈ្មោលមានស្នែង២ ដែលខ្ញុំឃើញឈរនៅក្បែរទន្លេនោះ ក៏ស្ទុះទៅលើ ដោយសេចក្ដីឃោរឃៅនៃកំឡាំងវា
7. ខ្ញុំឃើញវាចូលទៅជិតចៀមឈ្មោល មានសេចក្ដីមួម៉ៅដាលឡើង ក៏ជល់ចៀមនោះ បំបាក់ស្នែងទាំង២ទៅ ចៀមនោះមិនអាចនឹងឈរនៅមុខវាបានទេ គឺត្រូវដួលចុះដល់ដី ហើយពពែបានជាន់ឈ្លីទៅ ឥតមានអ្នកណាមួយអាចនឹងជួយចៀមឲ្យរួចបានឡើយ
8. ពពែឈ្មោលនោះក៏ដំកើងខ្លួនយ៉ាងក្រៃលែង កាលបានមានកំឡាំងហើយ នោះស្នែងធំត្រូវបាក់ទៅ រួចមានស្នែង៤គួរពិចពិលមើល បានដុះឡើងជំនួសស្នែងទាំងនោះកន្ធែកទៅទិសទាំង៤។
9. រួចមកមានស្នែង១តូចដុះចេញពីស្នែង១នោះ ក៏ធំឡើងយ៉ាងក្រៃលែង មានអំណាចទៅទិសខាងត្បូង ទិសខាងកើត និងខាងស្រុកដ៏ឧត្តមដែរ