6. ក្រោយមក ខ្ញុំគន់មើលទៅឃើញសត្វ១ទៀតមានសណ្ឋានជាខ្លារខិន ឯនៅលើខ្នងវា មានស្លាប៤នៃសត្វហើរ ក៏មានក្បាល៤ដែរ ហើយមានអំណាចគ្រប់គ្រងប្រគល់ដល់វា
7. លំដាប់នោះ ក្នុងការជាក់ស្តែងពេលយប់ ខ្ញុំក៏ឃើញសត្វទី៤ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកំឡាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង សត្វនោះផ្សេងពីអស់ទាំងសត្វដែលមកជាមុននោះក៏មានស្នែង១០
8. ខ្ញុំបានពិចារណាមើលស្នែងទាំងនោះ ក៏ឃើញមានស្នែង១ទៀត ជាស្នែងតូច ដុះឡើងនៅជាកណ្តាល នៅមុខវាស្នែងចាស់៣ត្រូវដកចេញទាំងឫស ហើយឃើញថា ស្នែង១នោះមានភ្នែក ដូចជាភ្នែកនៃមនុស្ស ក៏មានមាត់កំពុងតែពោលយ៉ាងធំ។
9. ខ្ញុំក៏គន់មើល ទាល់តែមានគេយកបល្ល័ង្ក មកតាំង ហើយព្រះដ៏មានព្រះជន្មពីចាស់បុរាណទ្រង់ក៏គង់លើ ព្រះពស្ត្រទ្រង់សស្គុសដូចហិមៈ ហើយព្រះកេសនៅព្រះសិរទ្រង់ ក៏សដូចរោមចៀមយ៉ាងស្អាត ឯបល្ល័ង្កទ្រង់ នោះសុទ្ធតែជាអណ្តាតភ្លើង ហើយកង់នៃបល្ល័ង្កនោះ ក៏ជាភ្លើងឆេះដែរ
10. មានដូចជាភ្លើងហូរចេញពីចំពោះទ្រង់មក មានទាំងពាន់ទាំងពាន់ដែលគោរពដល់ទ្រង់ ហើយទាំង ម៉ឺនទាំងសែនក៏ឈរនៅចំពោះទ្រង់ នោះការវិនិច្ឆ័យបានរៀបចំជាស្រេច ឯបញ្ជីទាំងប៉ុន្មានបានបើកឡើងហើយ
11. ខណៈនោះ ខ្ញុំបានគន់មើល ដោយព្រោះសំឡេងរបស់ស្នែង១ ដែលពោលយ៉ាងធំនោះ ក៏មើលដរាបដល់សត្វ នោះត្រូវសំឡាប់បង់ ហើយខ្មោចវាត្រូវបំផ្លាញ ព្រមទាំងប្រគល់ដល់ភ្លើងឲ្យឆេះផង
12. រីឯសត្វឯទៀតទាំងនោះ អំណាចគ្រប់គ្រងរបស់វាត្រូវដកចេញ តែជីវិតវាបាននៅតទៅអស់១ពេលដល់កំណត់។
13. ខ្ញុំក៏ឃើញ ក្នុងការជាក់ស្តែងពេលយប់នោះ មាន១អង្គដូចជាមនុស្សជាតិ ទ្រង់យាងមកក្នុងពពកឰដ៏អាកាស ទ្រង់យាងមកឯព្រះដ៏មានព្រះជន្មពីបុរាណនោះ ហើយមានគេនាំចូលទៅចំពោះព្រះអង្គ
14. នោះបានប្រទានឲ្យទ្រង់មានអំណាចគ្រប់គ្រង និងសិរីល្អ ព្រមទាំងឲ្យមានរាជ្យផង ដើម្បីឲ្យបណ្តាជនទាំងឡាយ សាសន៍ដទៃ និងមនុស្សគ្រប់ភាសា បានគោរពដល់ទ្រង់ ឯអំណាចគ្រប់គ្រងរបស់ទ្រង់ នោះក៏ស្ថិតស្ថេរនៅអស់កល្ប ឥតដែលកន្លងបាត់ឡើយ ហើយរាជ្យរបស់ទ្រង់នឹងបំផ្លាញមិនបានផង។
15. ឯខ្ញុំ ដានីយ៉ែល ចិត្តខ្ញុំកើតមានសេចក្ដីតប់ប្រមល់នៅក្នុងខ្លួន ហើយការជាក់ស្តែងក្នុងខួរខ្ញុំ ក៏នាំឲ្យខ្ញុំវិតក្កព្រួយ
16. ខ្ញុំក៏អែបចូលទៅជិតម្នាក់ដែលឈរនៅទីនោះ សួរន័យដ៏ពិតរបស់ការទាំងនោះ អ្នកនោះក៏ប្រាប់ដល់ខ្ញុំ ព្រមទាំងទំលាយន័យសេចក្ដីឲ្យខ្ញុំយល់ផង
17. ឯសត្វធំទាំង៤នោះ គឺជាស្តេច៤អង្គដែលនឹងកើតឡើងនៅផែនដី
18. តែពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត គេនឹងទទួលរាជ្យហើយនឹងបានរាជ្យនោះជារបស់ផងខ្លួននៅជានិច្ច គឺអស់កល្បតទៅ
19. នោះខ្ញុំចង់ដឹងន័យពិត ពីសត្វទី៤ ដែលផ្សេងពីសត្វឯទៀតនោះ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំងមានធ្មេញដែក និងក្រចកលង្ហិន ដែលត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង
20. ក៏ចង់ដឹងពីដំណើរស្នែង១០ នៅលើក្បាលវា និងពីស្នែង១នោះដែលដុះឡើងជាខាងក្រោយ ហើយមានស្នែង៣មុនដួលនៅមុខវា គឺជាស្នែង១នោះដែលមានភ្នែក និងមាត់ពោលយ៉ាងធំ ហើយឫកពាក៏មាំជាងស្នែងឯទៀត