19. នោះខ្ញុំចង់ដឹងន័យពិត ពីសត្វទី៤ ដែលផ្សេងពីសត្វឯទៀតនោះ ជាសត្វដែលគួរស្ញែងខ្លាចជាខ្លាំងមានធ្មេញដែក និងក្រចកលង្ហិន ដែលត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង
20. ក៏ចង់ដឹងពីដំណើរស្នែង១០ នៅលើក្បាលវា និងពីស្នែង១នោះដែលដុះឡើងជាខាងក្រោយ ហើយមានស្នែង៣មុនដួលនៅមុខវា គឺជាស្នែង១នោះដែលមានភ្នែក និងមាត់ពោលយ៉ាងធំ ហើយឫកពាក៏មាំជាងស្នែងឯទៀត
21. ខ្ញុំគន់មើលទៅ ឃើញស្នែងនោះឯង បានច្បាំងនឹងពួកបរិសុទ្ធហើយក៏ឈ្នះផង
22. ដរាបដល់ព្រះដ៏មានព្រះជន្មពីបុរាណបានយាងមក នោះការវិនិច្ឆ័យបានប្រគល់ដល់ពួកបរិសុទ្ធរបស់ព្រះដ៏ខ្ពស់បំផុត ហើយកំណត់ក៏មកដល់ ដែលពួកបរិសុទ្ធត្រូវបានរាជ្យជារបស់ផងខ្លួន។
23. អ្នកនោះក៏ប្រាប់ថា សត្វទី៤នោះ គឺជានគរទី៤នៅលើផែនដី ដែលនឹងត្រូវជាផ្សេងពីអស់ទាំងនគរ ហើយនឹងត្របាក់លេបផែនដីទាំងមូល ក៏នឹងជាន់ពង្រាបដោយជើង ព្រមទាំងលំអិតកំទេចផង
24. ឯស្នែងទាំង១០នោះ គឺនឹងមានស្តេច១០អង្គកើតឡើងពីនគរនោះ ហើយក្រោយមក នឹងមាន១ទៀតកើតឡើង ដែលនឹងប្លែកពីស្តេចមុនៗ ក៏នឹងទំលាក់ស្តេច៣អង្គនោះចុះ
25. ស្តេចនោះនឹងពោលពាក្យទាស់នឹងព្រះដ៏ខ្ពស់បំផុត ហើយនឹងធ្វើទុក្ខបៀតបៀនដល់ពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុតដែរ ព្រមទាំងគិតបំផ្លាស់ពេលកំណត់ និងច្បាប់ផង ហើយគេនឹងត្រូវប្រគល់ទៅក្នុងកណ្តាប់ដៃនៃស្តេចនោះ នៅ១ខួប២ខួប ហើយកន្លះខួប
26. ប៉ុន្តែការវិនិច្ឆ័យនឹងបានរៀបចំជាស្រេច ហើយគេនឹងដកអំណាចវាចេញ ឲ្យត្រូវបំផ្លាញ ហើយសាបសូន្យទៅដរាបដល់ចុងបំផុត
27. នោះរាជ្យ និងអំណាចគ្រប់គ្រង ព្រមទាំងភាពរុងរឿងឧត្តមនៃអស់ទាំងនគរនៅក្រោមមេឃទាំងមូល នឹងបានប្រគល់ ដល់បណ្តាជន ជាពួកបរិសុទ្ធនៃព្រះដ៏ខ្ពស់បំផុត រាជ្យរបស់ទ្រង់ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយគ្រប់ទាំងអំណាចគ្រប់គ្រងនឹងត្រូវគោរពដល់ទ្រង់ ហើយស្តាប់បង្គាប់ផង
28. ដំណើរនោះបានចប់ត្រឹមប៉ុណ្ណេះ ចំណែកខ្ញុំ ដានីយ៉ែល គំនិតខ្ញុំបាននាំឲ្យខ្ញុំវិតក្កព្រួយជាខ្លាំង ភាពខ្ញុំក៏ផ្លាស់ប្រែទៅ តែខ្ញុំបានទុកដំណើរនោះនៅតែក្នុងចិត្តទេ។