1. នៅក្នុងឆ្នាំដំបូង នៃបេលសាសារ ជាស្តេចក្រុងបាប៊ីឡូន នោះដានីយ៉ែលលោកយល់សប្តិ ហើយឃើញការជាក់ស្តែងនៅក្នុងខួរ កំពុងដេកលើដំណេក រួចក៏កត់សប្តិនោះទុក ហើយប្រាប់ដោយសង្ខេបតាមសេចក្ដីដែលសំខាន់ៗ
2. ដានីយ៉ែលលោកបរិយាយថា ខ្ញុំបានឃើញការជាក់ស្តែងនៅពេលយប់ដូច្នេះ ខ្យល់ទាំង៤នៅលើអាកាសធ្លាក់ចុះមកលើមហាសមុទ្រ
3. រួចមានសត្វធំ៤ឡើងចេញពីសមុទ្រមក មានសណ្ឋានផ្សេងៗគ្នា
4. សត្វទី១ដូចជាសិង្ហ ហើយមានស្លាបជាស្លាបឥន្ទ្រី ខ្ញុំបានគន់មើលដរាបដល់ចំអេងស្លាបវាត្រូវដកចេញ ហើយវាត្រូវលើកឡើងផុតពីដី ក៏ដាក់ឲ្យឈរជើង២ដូចជាមនុស្ស ហើយបានឲ្យវាមានចិត្តរបស់មនុស្សដែរ
5. រួចឃើញសត្វ១ទៀត ជាសត្វទី២ មានសណ្ឋានជាខ្លាឃ្មុំ ក៏ឈរចំខែងពាំឆ្អឹងជំនី៣នៅក្នុងមាត់ ខាំដោយធ្មេញ ហើយមានគេប្រាប់ដល់វាថា ចូរក្រោកឡើង ហើយត្របាក់ស៊ីសាច់ឲ្យច្រើនៗទៅ
6. ក្រោយមក ខ្ញុំគន់មើលទៅឃើញសត្វ១ទៀតមានសណ្ឋានជាខ្លារខិន ឯនៅលើខ្នងវា មានស្លាប៤នៃសត្វហើរ ក៏មានក្បាល៤ដែរ ហើយមានអំណាចគ្រប់គ្រងប្រគល់ដល់វា
7. លំដាប់នោះ ក្នុងការជាក់ស្តែងពេលយប់ ខ្ញុំក៏ឃើញសត្វទី៤ដែលគួរស្បើម គួរស្ញែងខ្លាច ហើយមានកំឡាំងយ៉ាងក្រៃលែង មានធ្មេញដែកធំៗ វាត្របាក់លេប លំអិតកំទេច ហើយជាន់ឈ្លីសំណល់ដោយជើង សត្វនោះផ្សេងពីអស់ទាំងសត្វដែលមកជាមុននោះក៏មានស្នែង១០
8. ខ្ញុំបានពិចារណាមើលស្នែងទាំងនោះ ក៏ឃើញមានស្នែង១ទៀត ជាស្នែងតូច ដុះឡើងនៅជាកណ្តាល នៅមុខវាស្នែងចាស់៣ត្រូវដកចេញទាំងឫស ហើយឃើញថា ស្នែង១នោះមានភ្នែក ដូចជាភ្នែកនៃមនុស្ស ក៏មានមាត់កំពុងតែពោលយ៉ាងធំ។