20. កាលជិតដល់រូងហើយ នោះទ្រង់ស្រែកហៅដានីយ៉ែល ដោយសំឡេងយ៉ាងកណ្តុក សួរថា ឱដានីយ៉ែល ជាអ្នកបំរើនៃព្រះដ៏មានព្រះជន្មរស់អើយ តើព្រះនៃអ្នក ដែលអ្នកគោរពជានិច្ចនោះ ទ្រង់អាចនឹងជួយឲ្យអ្នករួចពីសិង្ហបានឬទេ
21. នោះដានីយ៉ែល លោកទូលតបថា បពិត្រព្រះករុណា សូមទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរចុះ
22. ព្រះនៃទូលបង្គំទ្រង់បានចាត់ទេវតារបស់ទ្រង់ ឲ្យមកបិទមាត់សិង្ហទាំងអស់ វាមិនបានប្រទូស្តដល់ទូលបង្គំទេ ពីព្រោះនៅចំពោះព្រះ នោះមិនឃើញជាទូលបង្គំមានទោសអ្វីឡើយ ហើយបពិត្រព្រះករុណា នៅចំពោះទ្រង់ ទូលបង្គំក៏មិនបានធ្វើខុសអ្វីដែរ
23. ដូច្នេះ ស្តេចទ្រង់មានព្រះទ័យរីករាយក្រៃលែង ក៏ចេញបង្គាប់ឲ្យយោងយកដានីយ៉ែលចេញពីរូងមក គេក៏យោងយកដានីយ៉ែលចេញមក ហើយឥតឃើញមានរបួសណានៅខ្លួនលោកឡើយ ពីព្រោះលោកបានទុកចិត្តនឹងព្រះនៃលោក។
24. រួចស្តេចទ្រង់ចេញបង្គាប់ ហើយគេក៏នាំពួកអ្នកដែលប្តឹងចោទដានីយ៉ែល មកបោះគេទៅក្នុងរូងសិង្ហវិញ គឺទាំងខ្លួនគេ និងប្រពន្ធកូនគេផង ហើយសិង្ហទាំងឡាយក៏មានអំណាចលើគេ បានទាំងបំបាក់ឆ្អឹងគេឲ្យខ្ទេចខ្ទីទៅមុនដែលគេធ្លាក់ទៅដល់បាតរូងផង។
25. រួចមក ស្តេចដារីយុស ទ្រង់ចេញព្រះរាជសាសន៍ផ្ញើដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថា សូមឲ្យសេចក្ដីសុខបានចំរើនដល់អ្នករាល់គ្នាចុះ
26. យើងចេញបង្គាប់ឲ្យមនុស្សទាំងឡាយ នៅពេញក្នុងអាណាចក្ររបស់យើង បានញាប់ញ័រ ហើយកោតខ្លាច នៅចំពោះព្រះនៃដានីយ៉ែល ដ្បិតទ្រង់ជាព្រះដ៏មានព្រះជន្មរស់នៅ ក៏ស្ថិតស្ថេរនៅអស់កល្បរៀងតទៅ រាជ្យទ្រង់នឹងមិនត្រូវបំផ្លាញឡើយ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ និងនៅជាប់ដរាបដល់ចុងបំផុត
27. ទ្រង់ប្រោសឲ្យរួច ហើយក៏ជួយសង្គ្រោះ ទ្រង់ធ្វើទីសំគាល់ និងការអស្ចារ្យនៅស្ថានសួគ៌ ហើយនៅផែនដី គឺទ្រង់ដែលបានប្រោសឲ្យដានីយ៉ែលរួចពីអំណាចសិង្ហ។