2. ហើយឲ្យមានអធិបតី៣នាក់ត្រួតលើចៅហ្វាយទាំងនោះ ដើម្បីឲ្យគេរាប់រៀបប្រាប់ដល់ពួក៣នាក់នោះ ប្រយោជន៍មិនឲ្យសេ្ដចត្រូវខ្វះខាតឡើយ ឯដានីយ៉ែល លោកក៏នៅក្នុងពួកអធិបតីនោះដែរ
3. រួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី និងពួកចៅហ្វាយទាំងប៉ុន្មាន ដ្បិតលោកមានវិញ្ញាណយ៉ាងស្រួចស្រាល់ ហើយស្តេចទ្រង់គិតនឹងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។
4. ដូច្នេះ ពួកអធិបតី និងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់
5. ដូច្នេះ ពួកអ្នកទាំងនោះប្រឹក្សាគ្នាថា យើងនឹងរកឱកាសទាស់នឹងឈ្មោះដានីយ៉ែលនេះមិនបានឡើយ វៀរតែរកបានខាងឯក្រឹត្យវិន័យរបស់ព្រះនៃវាប៉ុណ្ណោះ
6. ពួកអធិបតី និងពួកចៅហ្វាយទាំងនោះ ក៏នាំគ្នាចូលទៅគាល់ស្តេច ទូលដូច្នេះថា បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរតទៅ
7. ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកបាឡាត់ និងពួកចៅហ្វាយស្រុក បានជំនុំព្រមគ្នា ចង់តាំងព្រះរាជឱង្ការ១ច្បាប់ គឺជាសេចក្ដីបំរាមយ៉ាងតឹងរ៉ឹងថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ វៀរតែសូមពីព្រះរាជាក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ
8. បពិត្រព្រះរាជា ដូច្នេះ សូមទ្រង់តាំងច្បាប់ ហើយចុះហត្ថលេខានៅច្បាប់នោះ ប្រយោជន៍មិនឲ្យផ្លាស់ប្រែបាន តាមរបៀបច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ
9. ដូច្នេះ ស្តេចដារីយុសទ្រង់ក៏ចុះហត្ថលេខា នៅសំបុត្រជាសេចក្ដីបំរាមនោះ។
10. កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន
11. ឯពួកអ្នកទាំងនោះ គេក៏មូលគ្នាមកឃើញដានីយ៉ែលកំពុងតែអធិស្ឋាន ទូលអង្វរនៅចំពោះព្រះនៃលោក
12. រួចគេក៏ចូលទៅជិត ទូលនឹងស្តេច ពីដំណើរពាក្យបំរាមរបស់ទ្រង់ថា ទ្រង់បានចុះហត្ថលេខា នៅច្បាប់បំរាមហើយ ថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ លើកតែសូមពីព្រះរាជា ក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហមែនឬមិនមែន ស្តេចទ្រង់មានព្រះបន្ទូលសបថា សេចក្ដីនោះពិតមែនហើយ តាមរបៀបច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ
13. នោះគេក៏ទូលដល់ស្តេចថា ឈ្មោះដានីយ៉ែលនោះ ដែលជាពួកឈ្លើយសាសន៍យូដា មិនអើពើចំពោះទ្រង់ទេ ឱព្រះករុណាអើយ ក៏មិនយកចិត្តទុកដាក់នឹងច្បាប់បំរាម ដែលទ្រង់បានចុះហត្ថលេខាហើយ នោះដែរ គឺចេះតែអធិស្ឋានសូម១ថ្ងៃ៣ដងវិញ
14. កាលស្តេចបានឮពាក្យទាំងនោះ ទ្រង់ក៏ទោមនស្សជាខ្លាំង ហើយតាំងព្រះទ័យនឹងរកដោះដានីយ៉ែលឲ្យរួច ទ្រង់ខំរកផ្លូវជួយឲ្យលោករួច ដរាបដល់ថ្ងៃលិច
15. ខណៈនោះ ពួកអ្នកទាំងនោះក៏មូលគ្នាមកឯស្តេចទូលថា បពិត្រព្រះរាជា សូមទ្រង់ជ្រាបថា តាមច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ច្បាប់ណាឬបំរាមណា ដែលស្តេចបានតាំងទុកហើយ នោះនឹងផ្លាស់ប្តូរមិនបានឡើយ។
16. ដូច្នេះ ស្តេចទ្រង់ក៏ចេញបង្គាប់ ហើយគេនាំយកដានីយ៉ែលទៅបោះចុះក្នុងរូងសត្វសិង្ហទៅ ស្តេចទ្រង់មានព្រះបន្ទូលដល់ដានីយ៉ែលថា ព្រះនៃអ្នកដែលអ្នកគោរពជានិច្ចទ្រង់នឹងជួយសង្គ្រោះអ្នកជាពិត
17. គេក៏យកថ្ម១មកបិទសន្ធប់មាត់រូង ស្តេចទ្រង់ក៏ប្រថាប់ត្រាព្រះទំរង់ ហើយនឹងចិញ្ចៀនត្រារបស់សេនាបតីទ្រង់ផង ដើម្បីមិនឲ្យមានអ្វីផ្លាស់ប្តូរពីដំណើរដានីយ៉ែលឡើយ
18. រួចទ្រង់វិលទៅឯព្រះរាជវាំងវិញ ក៏អត់ព្រះស្ងោយអស់១យប់នោះ ពួកមហោរីមិនបានប្រគំថ្វាយទ្រង់ទេ ឯទ្រង់ក៏ផ្ទំមិនលក់ដែរ។