1. ឯដារីយុសទ្រង់សព្វព្រះទ័យនឹងតាំងចៅហ្វាយខេត្ត១២០នាក់ឡើង ឲ្យត្រួតត្រាលើនគរ ជាពួកអ្នកដែលត្រូវផ្សាយចេញទៅនៅពេញក្នុងនគរទាំងមូល
2. ហើយឲ្យមានអធិបតី៣នាក់ត្រួតលើចៅហ្វាយទាំងនោះ ដើម្បីឲ្យគេរាប់រៀបប្រាប់ដល់ពួក៣នាក់នោះ ប្រយោជន៍មិនឲ្យសេ្ដចត្រូវខ្វះខាតឡើយ ឯដានីយ៉ែល លោកក៏នៅក្នុងពួកអធិបតីនោះដែរ
3. រួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី និងពួកចៅហ្វាយទាំងប៉ុន្មាន ដ្បិតលោកមានវិញ្ញាណយ៉ាងស្រួចស្រាល់ ហើយស្តេចទ្រង់គិតនឹងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។
4. ដូច្នេះ ពួកអធិបតី និងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់
5. ដូច្នេះ ពួកអ្នកទាំងនោះប្រឹក្សាគ្នាថា យើងនឹងរកឱកាសទាស់នឹងឈ្មោះដានីយ៉ែលនេះមិនបានឡើយ វៀរតែរកបានខាងឯក្រឹត្យវិន័យរបស់ព្រះនៃវាប៉ុណ្ណោះ
6. ពួកអធិបតី និងពួកចៅហ្វាយទាំងនោះ ក៏នាំគ្នាចូលទៅគាល់ស្តេច ទូលដូច្នេះថា បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរតទៅ