1. ឯដារីយុសទ្រង់សព្វព្រះទ័យនឹងតាំងចៅហ្វាយខេត្ត១២០នាក់ឡើង ឲ្យត្រួតត្រាលើនគរ ជាពួកអ្នកដែលត្រូវផ្សាយចេញទៅនៅពេញក្នុងនគរទាំងមូល
2. ហើយឲ្យមានអធិបតី៣នាក់ត្រួតលើចៅហ្វាយទាំងនោះ ដើម្បីឲ្យគេរាប់រៀបប្រាប់ដល់ពួក៣នាក់នោះ ប្រយោជន៍មិនឲ្យសេ្ដចត្រូវខ្វះខាតឡើយ ឯដានីយ៉ែល លោកក៏នៅក្នុងពួកអធិបតីនោះដែរ
3. រួចមកដានីយ៉ែលបានត្រឡប់ជាកំពូលលើពួកអធិបតី និងពួកចៅហ្វាយទាំងប៉ុន្មាន ដ្បិតលោកមានវិញ្ញាណយ៉ាងស្រួចស្រាល់ ហើយស្តេចទ្រង់គិតនឹងតាំងលោក ឲ្យត្រួតលើនគរទាំងមូល។
4. ដូច្នេះ ពួកអធិបតី និងពួកចៅហ្វាយក៏ស្វែងរកហេតុពីដំណើររាជការផែនដី ឲ្យទាស់នឹងដានីយ៉ែល តែគេរកឱកាស ឬកំហុសអ្វីមិនបានឡើយ ក៏មិនឃើញមានថ្លស់ធ្លោយ ឬទោសទាស់អ្វីដែរ ពីព្រោះលោកជាមនុស្សស្មោះត្រង់
5. ដូច្នេះ ពួកអ្នកទាំងនោះប្រឹក្សាគ្នាថា យើងនឹងរកឱកាសទាស់នឹងឈ្មោះដានីយ៉ែលនេះមិនបានឡើយ វៀរតែរកបានខាងឯក្រឹត្យវិន័យរបស់ព្រះនៃវាប៉ុណ្ណោះ
6. ពួកអធិបតី និងពួកចៅហ្វាយទាំងនោះ ក៏នាំគ្នាចូលទៅគាល់ស្តេច ទូលដូច្នេះថា បពិត្រព្រះរាជាដារីយុស សូមឲ្យទ្រង់បានប្រកបដោយព្រះជន្មចំរើនជាយឺនយូរតទៅ
7. ពួកអធិបតីក្នុងនគរ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកបាឡាត់ និងពួកចៅហ្វាយស្រុក បានជំនុំព្រមគ្នា ចង់តាំងព្រះរាជឱង្ការ១ច្បាប់ គឺជាសេចក្ដីបំរាមយ៉ាងតឹងរ៉ឹងថា បើអ្នកណានឹងសូមអ្វីពីព្រះណា ឬពីមនុស្សណាក៏ដោយ វៀរតែសូមពីព្រះរាជាក្នុងរវាង៣០ថ្ងៃ នោះនឹងត្រូវបោះចោលទៅក្នុងរូងសិង្ហ
8. បពិត្រព្រះរាជា ដូច្នេះ សូមទ្រង់តាំងច្បាប់ ហើយចុះហត្ថលេខានៅច្បាប់នោះ ប្រយោជន៍មិនឲ្យផ្លាស់ប្រែបាន តាមរបៀបច្បាប់នៃសាសន៍មេឌី និងសាសន៍ពើស៊ី ដែលនឹងផ្លាស់ប្តូរមិនបានឡើយ
9. ដូច្នេះ ស្តេចដារីយុសទ្រង់ក៏ចុះហត្ថលេខា នៅសំបុត្រជាសេចក្ដីបំរាមនោះ។
10. កាលដានីយ៉ែលបានដឹងថា សំបុត្រនោះបានចុះហត្ថលេខាហើយ នោះលោកក៏ចូលទៅក្នុងផ្ទះរបស់លោក (រីឯបង្អួចនៃបន្ទប់របស់លោក ខាងក្រុងយេរូសាឡិម ក៏នៅចំហ) លោកលុតជង្គង់ចុះអធិស្ឋាន ហើយអរព្រះគុណដល់ព្រះរបស់លោក១ថ្ងៃ៣ដង ដូចជាកាលពីមុន
11. ឯពួកអ្នកទាំងនោះ គេក៏មូលគ្នាមកឃើញដានីយ៉ែលកំពុងតែអធិស្ឋាន ទូលអង្វរនៅចំពោះព្រះនៃលោក