12. ពីព្រោះឃើញថា មានវិញ្ញាណយ៉ាងវិសេស មានដំរិះ និងយោបល់ ក៏មានចំណេះចេះកាត់ស្រាយសប្តិ និងដោះស្រាយប្រស្នា ហើយកែសេចក្ដីដ៏ជ្រាលជ្រៅ នៅក្នុងខ្លួនអ្នកនោះ ដែលស្តេចទ្រង់ប្រទានឈ្មោះថា បេលថិស្សាសារ ដូច្នេះ សូមឲ្យគេហៅដានីយ៉ែលនោះមកឥឡូវ លោកនឹងបកប្រែសេចក្ដីថ្វាយទ្រង់។
13. ដូច្នេះ គេក៏នាំដានីយ៉ែលចូលមក ចំពោះស្តេចហើយស្តេចទ្រង់មានព្រះបន្ទូលទៅដានីយ៉ែលថា តើលោកជាឈ្មោះដានីយ៉ែលនោះ នៅក្នុងពួកឈ្លើយសាសន៍យូដាដែលស្តេច ជាបិតាយើង បានដឹកនាំចេញពីស្រុកយូដាមកឬអី
14. យើងបានឮនិយាយពីលោកថា មានវិញ្ញាណនៃពួកព្រះសណ្ឋិតលើលោក ហើយថាមានពន្លឺ យោបល់ និងប្រាជ្ញាស្រួចស្រាល់នៅក្នុងខ្លួនលោក
15. រីឯពួកអ្នកប្រាជ្ញ និងពួកគ្រូអង្គុយធម៌បានចូលមកចំពោះយើង ដើម្បីឲ្យបានអានមើលអក្សរនេះ ហើយនឹងប្រែន័យសេចក្ដីមកឲ្យស្តាប់បាន តែគេមិនអាចនឹងប្រែបានទេ
16. ប៉ុន្តែចំណែកលោក យើងបានឮថា លោកប៉ិនប្រសប់នឹងប្រែសេចក្ដី ហើយកែន័យដ៏ជ្រាលជ្រៅបាន ឥឡូវនេះ បើលោកអាចនឹងមើលអក្សរនេះ ហើយប្រែន័យសេចក្ដីឲ្យយើងស្តាប់បាន នោះលោកនឹងបានស្លៀកពាក់សំពត់ពណ៌ស្វាយ ហើយមានខ្សែមាសពាក់នៅកផង ក៏នឹងបានតាំងឡើងជាអ្នកគ្រប់គ្រងទី៣ក្នុងនគរ។
17. នោះដានីយ៉ែល លោកទូលតបនឹងស្តេចថា ឯអំណោយទានរបស់ព្រះករុណា សូមទុកសំរាប់ព្រះអង្គទ្រង់ ហើយសូមប្រទានរង្វាន់ដល់អ្នកដទៃទៀតចុះ ប៉ុន្តែចំណែកទូលបង្គំៗនឹងអានមើលអក្សរនេះ ថ្វាយទ្រង់ព្រះករុណា ហើយនឹងបកប្រែថ្វាយទ្រង់ជ្រាបផង
18. បពិត្រព្រះរាជាព្រះដ៏ខ្ពស់បំផុតទ្រង់បានប្រទានរាជ្យ អំណាច សិរីល្អ និងឥទ្ធានុភាពដល់នេប៊ូក្នេសា ជាព្រះបិតាទ្រង់
19. បណ្តាជនទាំងឡាយ និងគ្រប់សាសន៍ គ្រប់ភាសាក៏ញាប់ញ័រ ហើយកោតខ្លាចចំពោះទ្រង់ ដោយព្រោះអំណាច ដែលព្រះបានប្រទាននោះ អ្នកណាដែលទ្រង់ចង់សំឡាប់ នោះក៏សំឡាប់ទៅ ហើយអ្នកណាដែលចង់ទុកឲ្យរស់នៅ នោះក៏ទុកតាមព្រះទ័យ ឯអ្នកណាដែលទ្រង់ចង់តាំងឡើង នោះក៏តាំង ហើយអ្នកណាដែលទ្រង់ចង់ទំលាក់ចុះ នោះក៏ទំលាក់ទៅ
20. តែកាលព្រះទ័យទ្រង់បានប៉ោងឡើង ត្រឡប់ជារឹងត្អឹងដល់ម៉្លេះបានជាទ្រង់ប្រព្រឹត្ត ដោយសេចក្ដីអំនួត នោះទ្រង់ត្រូវទំលាក់ចុះពីបល្ល័ង្ករាជ្យរបស់ទ្រង់ ហើយគេក៏ដកកិត្តិយសរបស់ទ្រង់ចេញ
21. ទ្រង់ត្រូវបណ្តេញពីពួកមនុស្សទៅ ហើយព្រះទ័យទ្រង់បានត្រឡប់ទៅ ដូចជាចិត្តរបស់សត្វវិញ ទ្រង់មានទីលំនៅជាមួយនឹងលាព្រៃ ក៏សោយស្មៅដូចជាគោ ហើយត្រូវទទឹកដោយសន្សើមពីលើមេឃ ដរាបដល់ទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយថា ទ្រង់តាំងអ្នកណាឡើងឲ្យគ្រប់គ្រង នោះក៏តាមព្រះហឫទ័យ
22. តែទ្រង់ ដែលជាព្រះរាជបុត្រ ឱបេលសាសារអើយ ទោះបើទ្រង់បានជ្រាបរឿងទាំងនោះហើយក៏ដោយ គង់តែទ្រង់មិនបានបន្ទាបព្រះទ័យដែរ