27. ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសំដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។
28. ការទាំងនោះក៏កើតដល់ស្តេចនេប៊ូក្នេសា
29. លុះកន្លងបាន១២ខែហើយ នោះទ្រង់កំពុងយាងក្នុងព្រះរាជវាំងនៅក្រុងបាប៊ីឡូន
30. ខណៈនោះ ស្តេចទ្រង់មានព្រះបន្ទូលថា នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចរបស់អញ ហើយសំរាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់អញទេឬ
31. កាលស្តេចកំពុងតែមានព្រះបន្ទូលពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងធ្លាក់មកពីលើមេឃថា ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រាប់ដល់ឯងហើយ ថារាជ្យបានផុតចេញពីឯងហើយ
32. ឯងនឹងត្រូវបណ្តេញចេញពីពួកមនុស្សលោកទៅ ឯងនឹងមានទីលំនៅជាមួយនឹងពួកសត្វនៅផែនដី ឲ្យបានស៊ីស្មៅដូចជាគោ ដរាបដល់បានកន្លងទៅអស់៧ខួប ទាល់តែឯងបានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណា តាមព្រះហឫទ័យ
33. នៅវេលានោះឯងពាក្យនោះបានសំរេចដល់នេប៊ូក្នេសា គឺទ្រង់ត្រូវបណ្តេញចេញពីពួកមនុស្សលោក ហើយក៏សោយស្មៅដូចជាគោ អង្គទ្រង់ត្រូវទទឹកដោយសន្សើមពីលើមេឃ ទាល់តែព្រះកេសទ្រង់បានដុះវែង ដូចជាស្លាបឥន្ទ្រី ហើយនខាទ្រង់ក៏ដូចជាក្រចកនៃសត្វស្លាប។
34. លុះដល់ផុតពេលកំណត់ហើយ នោះនេប៊ូក្នេសាយើងបានងើបភ្នែកឡើងទៅលើមេឃ ហើយសតិស្មារតីក៏ត្រឡប់មកឯយើងវិញ រួចយើងបានក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកដំកើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ
35. ឯអស់ទាំងមនុស្សលោកក៏រាប់ទុកជាឥតការទទេ ទ្រង់ធ្វើតាមតែព្រះហឫទ័យក្នុងពួកពលបរិវារនៃស្ថានសួគ៌ ហើយនៅកណ្តាលពួកមនុស្សលោកផង ឥតមានអ្នកណាអាចនឹងឃាត់ទប់ព្រះហស្តទ្រង់ ឬនឹងទូលសួរទ្រង់ថា ទ្រង់ធ្វើអ្វីដូច្នេះបានឡើយ
36. នៅវេលានោះឯង សតិស្មារតីរបស់យើងក៏ត្រឡប់មកវិញ ឯសិរីល្អនៃរាជ្យយើង ហើយនឹងឥទ្ធានុភាព ព្រមទាំងរស្មីពន្លឺ ក៏មកឯយើងវិញដែរ ពួកប្រឹក្សា និងពួកសេនាបតី គេមករកយើង គឺយើងបានតាំងឡើងនៅក្នុងរាជ្យរបស់យើងវិញ ហើយអំណាចយើងក៏កាន់តែធំថែមឡើង
37. ឥឡូវនេះ នេប៊ូក្នេសា យើងក៏សរសើរ ហើយលើកដំកើង ព្រមទាំងពណ៌នាគុណដល់មហាក្សត្រនៃស្ថានសួគ៌ ដ្បិតអស់ទាំងការនៃទ្រង់សុទ្ធតែពិតត្រង់ ហើយផ្លូវប្រព្រឹត្តទាំងប៉ុន្មានរបស់ទ្រង់ក៏យុត្តិធម៌ដែរ ទ្រង់អាចនឹងបន្ទាបអស់អ្នកដែលប្រព្រឹត្តដោយចិត្តធំទៅ។