24. បពិត្រព្រះករុណា នេះជាសេចក្ដីសំរាយ ហើយគឺជាបង្គាប់ដែលមកពីព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវមកដល់ទ្រង់ព្រះករុណាជាព្រះអម្ចាស់ជីវិតនៃទូលបង្គំ
25. គឺថាទ្រង់នឹងត្រូវបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយនឹងអស់ទាំងសត្វនៅផែនដី ឲ្យទ្រង់បានសោយស្មៅដូចជាគោ ទ្រង់នឹងត្រូវទទឹក ដោយសន្សើមពីលើមេឃ ដរាបដល់បានកន្លងអស់៧ខួប ទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ
26. ឯដំណើរដែលគេបានបង្គាប់ឲ្យទុកគល់ និងឫសនៃដើមនោះឲ្យនៅ នោះគឺថា រាជ្យទ្រង់នឹងបានទុកនៅសំរាប់កាលណាទ្រង់បានជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង
27. ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសំដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។
28. ការទាំងនោះក៏កើតដល់ស្តេចនេប៊ូក្នេសា
29. លុះកន្លងបាន១២ខែហើយ នោះទ្រង់កំពុងយាងក្នុងព្រះរាជវាំងនៅក្រុងបាប៊ីឡូន
30. ខណៈនោះ ស្តេចទ្រង់មានព្រះបន្ទូលថា នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចរបស់អញ ហើយសំរាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់អញទេឬ
31. កាលស្តេចកំពុងតែមានព្រះបន្ទូលពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងធ្លាក់មកពីលើមេឃថា ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រាប់ដល់ឯងហើយ ថារាជ្យបានផុតចេញពីឯងហើយ
32. ឯងនឹងត្រូវបណ្តេញចេញពីពួកមនុស្សលោកទៅ ឯងនឹងមានទីលំនៅជាមួយនឹងពួកសត្វនៅផែនដី ឲ្យបានស៊ីស្មៅដូចជាគោ ដរាបដល់បានកន្លងទៅអស់៧ខួប ទាល់តែឯងបានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណា តាមព្រះហឫទ័យ
33. នៅវេលានោះឯងពាក្យនោះបានសំរេចដល់នេប៊ូក្នេសា គឺទ្រង់ត្រូវបណ្តេញចេញពីពួកមនុស្សលោក ហើយក៏សោយស្មៅដូចជាគោ អង្គទ្រង់ត្រូវទទឹកដោយសន្សើមពីលើមេឃ ទាល់តែព្រះកេសទ្រង់បានដុះវែង ដូចជាស្លាបឥន្ទ្រី ហើយនខាទ្រង់ក៏ដូចជាក្រចកនៃសត្វស្លាប។
34. លុះដល់ផុតពេលកំណត់ហើយ នោះនេប៊ូក្នេសាយើងបានងើបភ្នែកឡើងទៅលើមេឃ ហើយសតិស្មារតីក៏ត្រឡប់មកឯយើងវិញ រួចយើងបានក្រាបថ្វាយបង្គំដល់ព្រះដ៏ខ្ពស់បំផុត ព្រមទាំងសរសើរ ហើយលើកដំកើងព្រះដ៏មានព្រះជន្មគង់នៅអស់កល្បជានិច្ចផង ដោយព្រោះអំណាចគ្រប់គ្រងរបស់ទ្រង់ស្ថិតស្ថេរនៅជាដរាប ហើយរាជ្យទ្រង់ក៏នៅអស់ទាំងដំណមនុស្សតរៀងទៅ