22. បពិត្រព្រះករុណា ដើមឈើនោះ គឺជាអង្គទ្រង់ ដែលបានឡើងជាធំ ហើយមានអានុភាព ដ្បិតភាពធំរបស់ទ្រង់បានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដល់ចុងផែនដីបំផុតដែរ
23. ហើយដំណើរដែលព្រះករុណាបានឃើញពួកពិនិត្យត្រួតមើល១រូប និងពួកបរិសុទ្ធ១ចុះមកពីស្ថានសួគ៌និយាយថា ចូរកាប់ដើមឈើនេះចុះ ហើយបំផ្លាញទៅ តែត្រូវទុកគល់ និងឫសជាប់នៅក្នុងដី មានទាំងវ័ណ្ឌដែក និងលង្ហិនព័ទ្ធជុំវិញ នៅកណ្តាលស្មៅនៅវាល ហើយត្រូវឲ្យបានទទឹក ដោយសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែក ជាមួយនឹងអស់ទាំងសត្វ នៅផែនដី ទាល់តែបានកន្លងអស់៧ខួបទៅ
24. បពិត្រព្រះករុណា នេះជាសេចក្ដីសំរាយ ហើយគឺជាបង្គាប់ដែលមកពីព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវមកដល់ទ្រង់ព្រះករុណាជាព្រះអម្ចាស់ជីវិតនៃទូលបង្គំ
25. គឺថាទ្រង់នឹងត្រូវបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយនឹងអស់ទាំងសត្វនៅផែនដី ឲ្យទ្រង់បានសោយស្មៅដូចជាគោ ទ្រង់នឹងត្រូវទទឹក ដោយសន្សើមពីលើមេឃ ដរាបដល់បានកន្លងអស់៧ខួប ទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ
26. ឯដំណើរដែលគេបានបង្គាប់ឲ្យទុកគល់ និងឫសនៃដើមនោះឲ្យនៅ នោះគឺថា រាជ្យទ្រង់នឹងបានទុកនៅសំរាប់កាលណាទ្រង់បានជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង
27. ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសំដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។
28. ការទាំងនោះក៏កើតដល់ស្តេចនេប៊ូក្នេសា
29. លុះកន្លងបាន១២ខែហើយ នោះទ្រង់កំពុងយាងក្នុងព្រះរាជវាំងនៅក្រុងបាប៊ីឡូន
30. ខណៈនោះ ស្តេចទ្រង់មានព្រះបន្ទូលថា នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលអញបានស្អាងទុកជាព្រះរាជស្ថាន ដោយអានុភាពនៃអំណាចរបស់អញ ហើយសំរាប់ជាសិរីល្អនៃឥទ្ធានុភាពរបស់អញទេឬ
31. កាលស្តេចកំពុងតែមានព្រះបន្ទូលពាក្យទាំងនោះនៅឡើយ នោះមានឮសំឡេងធ្លាក់មកពីលើមេឃថា ម្នាលស្តេចនេប៊ូក្នេសាអើយ មានសេចក្ដីប្រាប់ដល់ឯងហើយ ថារាជ្យបានផុតចេញពីឯងហើយ