ដានីយ៉ែល 4:17-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

17. ទោស​នេះ គឺ​ជា​ពួក​ពិនិត្យ​ត្រួត​មើល​ដែល​កាត់​ឲ្យ ហើយ​សេចក្ដី​នេះ​ក៏​តាម​បង្គាប់​នៃ​ពួក​បរិសុទ្ធ ប្រយោជន៍​ឲ្យ​មនុស្ស​ដែល​នៅ​រស់​បាន​ដឹង​ថា ព្រះ​ដ៏​ខ្ពស់​បំផុត​ទ្រង់​គ្រប់‌គ្រង​លើ​រាជ្យ​របស់​មនុស្ស ក៏​ប្រគល់​ដល់​អ្នក​ណា​តាម​ព្រះ‌ហឫ‌ទ័យ ព្រម​ទាំង​តាំង​មនុស្ស​សណ្ឋាន​ទាប​ថោក​បំផុត​ឡើង ឲ្យ​គ្រប់‌គ្រង​ផង

18. យើង​នេះ ជា​ស្តេច​នេប៊ូ‌ក្នេសា បាន​ឃើញ​សុបិន​នេះ ដូច្នេះ ឱ​បេល‌ថិស្សា‌សារ​អើយ ចូរ​កាត់​ស្រាយ​ទៅ​ពី​ព្រោះ​អស់​ទាំង​ពួក​អ្នក​ប្រាជ្ញ​ក្នុង​នគរ​យើង មិន​អាច​នឹង​កាត់​ស្រាយ​ឲ្យ​យើង​បាន​យល់​ទេ តែ​អ្នក​អាច​ស្រាយ​បាន​វិញ ដ្បិត​វិញ្ញាណ​របស់​ព្រះ​ដ៏​បរិសុទ្ធ​សណ្ឋិត​នៅ​លើ​អ្នក។

19. លំដាប់​នោះ ដានី‌យ៉ែល ដែល​មាន​ឈ្មោះ​ថា បេល‌ថិស្សា‌សារ លោក​ត្រូវ​ងឿង​នៅ​១​សំទុះ ហើយ​គំនិត​របស់​លោក​ក៏​នាំ​ឲ្យ​បារម្ភ​ព្រួយ តែ​ស្តេច​ទ្រង់​មាន​ព្រះ‌បន្ទូល​ថា បេល‌ថិស្សា‌សារ​អើយ កុំ​ឲ្យ​សុបិន​នេះ ឬ​សេចក្ដី​សំរាយ​បាន​នាំ​ឲ្យ​អ្នក​បារម្ភ​ព្រួយ​ឡើយ នោះ​បេល‌ថិស្សា‌សារ​ទូល​តប​ថា បពិត្រ​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូល‌បង្គំ សូម​ឲ្យ​សុបិន​នេះ​កើត​ដល់​ពួក​អ្នក​ដែល​ស្អប់​ទ្រង់​វិញ​ចុះ ហើយ​សេចក្ដី​សំរាយ​បាន​ដល់​ពួក​សត្រូវ​របស់​ទ្រង់​ដែរ

20. ឯ​ដើម​ឈើ​ដែល​ទ្រង់​ទត​ឃើញ​ថា​បាន​ដុះ ហើយ​ក៏​មាំ​នោះ ដែល​មាន​កំពូល​លូត​ឡើង ទល់​នឹង​ផ្ទៃ​មេឃ ហើយ មើល​វា​ឃើញ​រហូត​ដល់​គ្រប់​ទី​នៅ​ផែនដី

21. ជា​ដើម​ឈើ​មាន​ស្លឹក​ល្អ​មើល ហើយ​ផល​ក៏​មាន​ច្រើន​ទុក​សំរាប់​ជា​អាហារ ដល់​គ្រប់​ទាំង​អស់ ដែល​សត្វ​នៅ​ផែនដី​បាន​ជ្រក​ក្រោម ហើយ​សត្វ​ហើរ​លើ​អាកាស​ក៏​ធ្វើ​សំបុក​នៅ

22. បពិត្រ​ព្រះ‌ករុណា ដើម​ឈើ​នោះ គឺ​ជា​អង្គ​ទ្រង់ ដែល​បាន​ឡើង​ជា​ធំ ហើយ​មាន​អានុ‌ភាព ដ្បិត​ភាព​ធំ​របស់​ទ្រង់​បាន​លូត​ឡើង​រហូត​ដល់​ផ្ទៃ​មេឃ ហើយ​អំណាច​គ្រប់‌គ្រង​របស់​ទ្រង់​ក៏​ដល់​ចុង​ផែនដី​បំផុត​ដែរ

23. ហើយ​ដំណើរ​ដែល​ព្រះ‌ករុណា​បាន​ឃើញ​ពួក​ពិនិត្យ​ត្រួត​មើល​១​រូប និង​ពួក​បរិសុទ្ធ​១​ចុះ​មក​ពី​ស្ថាន‌សួគ៌​និយាយ​ថា ចូរ​កាប់​ដើម​ឈើ​នេះ​ចុះ ហើយ​បំផ្លាញ​ទៅ តែ​ត្រូវ​ទុក​គល់ និង​ឫស​ជាប់​នៅ​ក្នុង​ដី មាន​ទាំង​វ័ណ្ឌ​ដែក និង​លង្ហិន​ព័ទ្ធ​ជុំវិញ នៅ​កណ្តាល​ស្មៅ​នៅ​វាល ហើយ​ត្រូវ​ឲ្យ​បាន​ទទឹក ដោយ​សន្សើម​ពី​លើ​មេឃ ព្រម​ទាំង​ឲ្យ​មាន​ចំណែក ជា​មួយ​នឹង​អស់​ទាំង​សត្វ នៅ​ផែនដី ទាល់​តែ​បាន​កន្លង​អស់​៧​ខួប​ទៅ

24. បពិត្រ​ព្រះ‌ករុណា នេះ​ជា​សេចក្ដី​សំរាយ ហើយ​គឺ​ជា​បង្គាប់​ដែល​មក​ពី​ព្រះ​ដ៏​ខ្ពស់​បំផុត ជា​ការ​ដែល​ត្រូវ​មក​ដល់​ទ្រង់​ព្រះ‌ករុណា​ជា​ព្រះ‌អម្ចាស់​ជីវិត​នៃ​ទូល‌បង្គំ

ដានីយ៉ែល 4