15. ប៉ុន្តែត្រូវឲ្យទុកគល់ និងឫសនៅជាប់ក្នុងដីចុះ មានទាំងវ័ណ្ឌដែក និងលង្ហិនព័ទ្ធជុំវិញនៅក្នុងស្មៅខ្ចីនៅវាលដែរ ហើយត្រូវឲ្យបានទទឹកដោយសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែកនៅក្នុងស្មៅនៃផែនដី ជាមួយនឹងអស់ទាំងសត្វផង
16. ត្រូវឲ្យចិត្តវាបានផ្លាស់ប្រែពីសណ្ឋានចិត្តមនុស្ស ឲ្យទៅជាចិត្តរបស់សត្វវិញ រួចឲ្យនៅយ៉ាងនោះ ដរាបដល់កន្លងទៅអស់៧ខួប
17. ទោសនេះ គឺជាពួកពិនិត្យត្រួតមើលដែលកាត់ឲ្យ ហើយសេចក្ដីនេះក៏តាមបង្គាប់នៃពួកបរិសុទ្ធ ប្រយោជន៍ឲ្យមនុស្សដែលនៅរស់បានដឹងថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ក៏ប្រគល់ដល់អ្នកណាតាមព្រះហឫទ័យ ព្រមទាំងតាំងមនុស្សសណ្ឋានទាបថោកបំផុតឡើង ឲ្យគ្រប់គ្រងផង
18. យើងនេះ ជាស្តេចនេប៊ូក្នេសា បានឃើញសុបិននេះ ដូច្នេះ ឱបេលថិស្សាសារអើយ ចូរកាត់ស្រាយទៅពីព្រោះអស់ទាំងពួកអ្នកប្រាជ្ញក្នុងនគរយើង មិនអាចនឹងកាត់ស្រាយឲ្យយើងបានយល់ទេ តែអ្នកអាចស្រាយបានវិញ ដ្បិតវិញ្ញាណរបស់ព្រះដ៏បរិសុទ្ធសណ្ឋិតនៅលើអ្នក។
19. លំដាប់នោះ ដានីយ៉ែល ដែលមានឈ្មោះថា បេលថិស្សាសារ លោកត្រូវងឿងនៅ១សំទុះ ហើយគំនិតរបស់លោកក៏នាំឲ្យបារម្ភព្រួយ តែស្តេចទ្រង់មានព្រះបន្ទូលថា បេលថិស្សាសារអើយ កុំឲ្យសុបិននេះ ឬសេចក្ដីសំរាយបាននាំឲ្យអ្នកបារម្ភព្រួយឡើយ នោះបេលថិស្សាសារទូលតបថា បពិត្រព្រះអម្ចាស់ជីវិតនៃទូលបង្គំ សូមឲ្យសុបិននេះកើតដល់ពួកអ្នកដែលស្អប់ទ្រង់វិញចុះ ហើយសេចក្ដីសំរាយបានដល់ពួកសត្រូវរបស់ទ្រង់ដែរ
20. ឯដើមឈើដែលទ្រង់ទតឃើញថាបានដុះ ហើយក៏មាំនោះ ដែលមានកំពូលលូតឡើង ទល់នឹងផ្ទៃមេឃ ហើយ មើលវាឃើញរហូតដល់គ្រប់ទីនៅផែនដី
21. ជាដើមឈើមានស្លឹកល្អមើល ហើយផលក៏មានច្រើនទុកសំរាប់ជាអាហារ ដល់គ្រប់ទាំងអស់ ដែលសត្វនៅផែនដីបានជ្រកក្រោម ហើយសត្វហើរលើអាកាសក៏ធ្វើសំបុកនៅ
22. បពិត្រព្រះករុណា ដើមឈើនោះ គឺជាអង្គទ្រង់ ដែលបានឡើងជាធំ ហើយមានអានុភាព ដ្បិតភាពធំរបស់ទ្រង់បានលូតឡើងរហូតដល់ផ្ទៃមេឃ ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏ដល់ចុងផែនដីបំផុតដែរ
23. ហើយដំណើរដែលព្រះករុណាបានឃើញពួកពិនិត្យត្រួតមើល១រូប និងពួកបរិសុទ្ធ១ចុះមកពីស្ថានសួគ៌និយាយថា ចូរកាប់ដើមឈើនេះចុះ ហើយបំផ្លាញទៅ តែត្រូវទុកគល់ និងឫសជាប់នៅក្នុងដី មានទាំងវ័ណ្ឌដែក និងលង្ហិនព័ទ្ធជុំវិញ នៅកណ្តាលស្មៅនៅវាល ហើយត្រូវឲ្យបានទទឹក ដោយសន្សើមពីលើមេឃ ព្រមទាំងឲ្យមានចំណែក ជាមួយនឹងអស់ទាំងសត្វ នៅផែនដី ទាល់តែបានកន្លងអស់៧ខួបទៅ
24. បពិត្រព្រះករុណា នេះជាសេចក្ដីសំរាយ ហើយគឺជាបង្គាប់ដែលមកពីព្រះដ៏ខ្ពស់បំផុត ជាការដែលត្រូវមកដល់ទ្រង់ព្រះករុណាជាព្រះអម្ចាស់ជីវិតនៃទូលបង្គំ
25. គឺថាទ្រង់នឹងត្រូវបណ្តេញចេញពីមនុស្សលោកទៅ ហើយទ្រង់នឹងមានទីលំនៅជាមួយនឹងអស់ទាំងសត្វនៅផែនដី ឲ្យទ្រង់បានសោយស្មៅដូចជាគោ ទ្រង់នឹងត្រូវទទឹក ដោយសន្សើមពីលើមេឃ ដរាបដល់បានកន្លងអស់៧ខួប ទាល់តែទ្រង់បានជ្រាបថា ព្រះដ៏ខ្ពស់បំផុតទ្រង់គ្រប់គ្រងលើរាជ្យរបស់មនុស្ស ហើយក៏ប្រទានដល់អ្នកណាតាមព្រះហឫទ័យ
26. ឯដំណើរដែលគេបានបង្គាប់ឲ្យទុកគល់ និងឫសនៃដើមនោះឲ្យនៅ នោះគឺថា រាជ្យទ្រង់នឹងបានទុកនៅសំរាប់កាលណាទ្រង់បានជ្រាបថា ស្ថានសួគ៌មានអំណាចគ្រប់គ្រង
27. ដូច្នេះ ឱព្រះករុណាអើយ សូមឲ្យទ្រង់បានរាប់សេចក្ដីទូន្មានរបស់ទូលបង្គំជាគួរទទួលចុះ សូមឲ្យទ្រង់ផ្តាច់អំពើបាបរបស់ទ្រង់ចេញ ដោយប្រព្រឹត្តសេចក្ដីសុចរិតវិញ ហើយផ្តាច់អំពើទុច្ចរិតរបស់ទ្រង់ចេញផង ដោយសំដែងសេចក្ដីមេត្តាករុណាដល់ពួកក្រីក្រ ក្រែងនឹងមានសេចក្ដីសុខជាអង្វែងតទៅ។