1. ស្តេចនេប៊ូក្នេសា ទ្រង់ប្រកាសដល់បណ្តាជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាដែលនៅលើផែនដីទាំងមូលថា សូមឲ្យអ្នករាល់គ្នាបានប្រកបដោយសេចក្ដីសុខ កាន់តែច្រើនឡើងចុះ
2. យើងបានឃើញថាគួរនឹងបង្ហាញអស់ទាំងទីសំគាល់ និងការអស្ចារ្យដែលព្រះដ៏ខ្ពស់បំផុតបានប្រោសដល់យើង
3. ទីសំគាល់របស់ទ្រង់ធំណាស់ហ្ន៎ ហើយការអស្ចារ្យរបស់ទ្រង់ក៏មានអានុភាពណាស់ដែរ រាជ្យទ្រង់ជារាជ្យដ៏ស្ថិតស្ថេរនៅអស់កល្បជានិច្ច ហើយអំណាចគ្រប់គ្រងរបស់ទ្រង់ក៏នៅគ្រប់ទាំងដំណមនុស្សតរៀងទៅ។
4. យើង នេប៊ូក្នេសា កំពុងនៅជាសុខ នៅក្នុងដំណាក់របស់យើង ហើយកំពុងចំរើននៅក្នុងព្រះរាជវាំង
5. នោះយើងឃើញនិមិត្តដែលនាំឲ្យតក់ស្លុត ហើយគំនិតដែលយើងគិតនៅលើដំណេក និងការជាក់ស្តែងនៅក្នុងខួរ ក៏នាំឲ្យយើងបារម្ភព្រួយទៅ
6. ដូច្នេះ យើងបានចេញបង្គាប់ឲ្យនាំអស់ទាំងអ្នកប្រាជ្ញក្នុងក្រុងបាប៊ីឡូន មកចំពោះយើង ដើម្បីឲ្យគេបានកាត់ស្រាយន័យសុបិននិមិត្តនោះ ឲ្យយើងដឹង
7. នោះពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ពួកខាល់ដេ និងគ្រូទាយក៏មក ហើយយើងបានប្រាប់សុបិននោះដល់គេ តែគេមិនបានកាត់ស្រាយឲ្យយើងយល់ន័យសោះ