8. នៅគ្រានោះ មានពួកខាល់ដេខ្លះចូលទៅជិតប្តឹងពីពួកសាសន៍យូដា
9. គេទូលដល់ស្តេចនេប៊ូក្នេសាថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ
10. បពិត្រព្រះករុណា ទ្រង់បានចេញព្រះរាជបង្គាប់ថា អស់មនុស្សណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងដន្ត្រីគ្រប់យ៉ាង នោះត្រូវតែក្រាបថ្វាយបង្គំដល់រូបមាសនេះ
11. ហើយថា បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ
12. រីឯក្នុងពួកអ្នកដែលទ្រង់បានតាំងឡើង លើក្រសួងការខេត្តបាប៊ីឡូន នោះមានពួកសាសន៍យូដាខ្លះ គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទាំង៣នាក់នោះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេក៏មិនទាំងគោរពប្រតិបត្តិដល់ព្រះនៃទ្រង់ ឬថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។
13. ហេតុនោះ នេប៊ូក្នេសាទ្រង់មានសេចក្ដីក្រោធ និងសេចក្ដីឃោរឃៅយ៉ាងក្រៃលែង ក៏បង្គាប់ឲ្យគេនាំសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមក ដូច្នេះ គេក៏នាំអ្នកទាំង៣នោះចូលមកនៅចំពោះស្តេច
14. នេប៊ូក្នេសា ទ្រង់មានព្រះបន្ទូលសួរគេថា ម្នាល សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ តើដោយបំណងចិត្តឬ ដែលឯងរាល់គ្នាមិនគោរពដល់ព្រះនៃយើង ឬថ្វាយបង្គំដល់រូបមាសដែលយើងបានតាំងឡើងហើយនោះ
15. ឥឡូវនេះ បើឯងរាល់គ្នាប្រុងប្រៀបក្នុងវេលាណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងដន្ត្រីគ្រប់យ៉ាង ឲ្យបានក្រាបថ្វាយបង្គំដល់រូបមាសដែលយើងបានធ្វើនេះ នោះបានហើយ តែបើមិនថ្វាយបង្គំទេ នោះនឹងត្រូវបោះឯងទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ នៅវេលានោះឯង តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន
16. តែសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោទូលឆ្លើយដល់ស្តេចថា បពិត្រព្រះរាជានេប៊ូក្នេសា យើងខ្ញុំមិនចាំបាច់ទូលឆ្លើយដល់ទ្រង់ពីដំណើរនេះទេ
17. បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ
18. តែបើមិនជួយទេ នោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។