ដានីយ៉ែល 3:2-8 ព្រះគម្ពីរបរិសុទ្ធ (KHOV)

2. រួច​ស្តេច​នេប៊ូ‌ក្នេសា​ទ្រង់​ចាត់​ឲ្យ​ទៅ​ប្រមូល​ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅ‌ហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល និង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត​ទាំង​ប៉ុន្មាន ឲ្យ​គេ​ប្រមូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង​នោះ

3. ដូច្នេះ ពួក​ចៅ‌ហ្វាយ​ខេត្ត ពួក​ភូឈួយ ពួក​ចៅ‌ហ្វាយ​ស្រុក ពួក​ចៅ‌ក្រម ពួក​មេ​ឃ្លាំង ពួក​បាឡាត់ ពួក​នាយក​នគរ‌បាល និង​អស់​ទាំង​ពួក​មន្ត្រី​ខេត្ត ក៏​មូល​គ្នា​មក​ឯ​បុណ្យ​ឆ្លង​រូប​នោះ ដែល​ស្តេច​នេប៊ូ‌ក្នេសា​តាំង​ឡើង គេ​ក៏​ឈរ​នៅ​ចំពោះ​រូប​ដែល​ទ្រង់​តាំង​ទុក​នោះ

4. រួច​មាន​អ្នក​១​ស្រែក​ប៉ាវ​ប្រកាស ជា​សំឡេង​យ៉ាង​ខ្លាំង​ថា ម្នាល​ជន​ទាំង‌ឡាយ ព្រម​ទាំង​សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា​អើយ មាន​សេចក្ដី​បង្គាប់​ដល់​អ្នក​រាល់​គ្នា​ដូច្នេះ​ថា

5. វេលា​ណា​ដែល​អ្នក​រាល់​គ្នា​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និង​ប៉ី ហើយ​ដន្ត្រី​គ្រប់​យ៉ាង នោះ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ព្រះ‌ករុណា​ទ្រង់​បាន​តាំង​ឡើង​ទៅ

6. បើ​អ្នក​ណា​មិន​ក្រាប​ថ្វាយ‌បង្គំ​ទេ នោះ​នឹង​ត្រូវ​បោះ​ទៅ​កណ្តាល​គុក​ភ្លើង ដែល​កំពុង​ឆេះ​យ៉ាង​សន្ធៅ​នៅ​វេលា​នោះ​ឯង

7. ដូច្នេះ នៅ​វេលា​នោះ កាល​ជន​ទាំង‌ឡាយ​បាន​ឮ​សូរ​ត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និង​ដន្ត្រី​គ្រប់​យ៉ាង​ហើយ នោះ​ជន​ទាំង‌ឡាយ​ព្រម​ទាំង​សាសន៍​ដទៃ និង​មនុស្ស​គ្រប់​ភាសា​ផង ក៏​ក្រាប​ថ្វាយ‌បង្គំ​ដល់​រូប​មាស ដែល​ស្តេច​នេប៊ូ‌ក្នេសា​បាន​តាំង​ទុក​នោះ។

8. នៅ​គ្រា​នោះ មាន​ពួក​ខាល់ដេ​ខ្លះ​ចូល​ទៅ​ជិត​ប្តឹង​ពី​ពួក​សាសន៍​យូដា

ដានីយ៉ែល 3