2. រួចស្តេចនេប៊ូក្នេសាទ្រង់ចាត់ឲ្យទៅប្រមូលពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក ពួកចៅក្រម ពួកមេឃ្លាំង ពួកបាឡាត់ ពួកនាយកនគរបាល និងអស់ទាំងពួកមន្ត្រីខេត្តទាំងប៉ុន្មាន ឲ្យគេប្រមូលគ្នាមកឯបុណ្យឆ្លងរូប ដែលស្តេចនេប៊ូក្នេសាតាំងឡើងនោះ
3. ដូច្នេះ ពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក ពួកចៅក្រម ពួកមេឃ្លាំង ពួកបាឡាត់ ពួកនាយកនគរបាល និងអស់ទាំងពួកមន្ត្រីខេត្ត ក៏មូលគ្នាមកឯបុណ្យឆ្លងរូបនោះ ដែលស្តេចនេប៊ូក្នេសាតាំងឡើង គេក៏ឈរនៅចំពោះរូបដែលទ្រង់តាំងទុកនោះ
4. រួចមានអ្នក១ស្រែកប៉ាវប្រកាស ជាសំឡេងយ៉ាងខ្លាំងថា ម្នាលជនទាំងឡាយ ព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាអើយ មានសេចក្ដីបង្គាប់ដល់អ្នករាល់គ្នាដូច្នេះថា
5. វេលាណាដែលអ្នករាល់គ្នាឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និងប៉ី ហើយដន្ត្រីគ្រប់យ៉ាង នោះត្រូវក្រាបថ្វាយបង្គំដល់រូបមាស ដែលព្រះករុណាទ្រង់បានតាំងឡើងទៅ
6. បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះនឹងត្រូវបោះទៅកណ្តាលគុកភ្លើង ដែលកំពុងឆេះយ៉ាងសន្ធៅនៅវេលានោះឯង
7. ដូច្នេះ នៅវេលានោះ កាលជនទាំងឡាយបានឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ និងដន្ត្រីគ្រប់យ៉ាងហើយ នោះជនទាំងឡាយព្រមទាំងសាសន៍ដទៃ និងមនុស្សគ្រប់ភាសាផង ក៏ក្រាបថ្វាយបង្គំដល់រូបមាស ដែលស្តេចនេប៊ូក្នេសាបានតាំងទុកនោះ។
8. នៅគ្រានោះ មានពួកខាល់ដេខ្លះចូលទៅជិតប្តឹងពីពួកសាសន៍យូដា
9. គេទូលដល់ស្តេចនេប៊ូក្នេសាថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ
10. បពិត្រព្រះករុណា ទ្រង់បានចេញព្រះរាជបង្គាប់ថា អស់មនុស្សណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងដន្ត្រីគ្រប់យ៉ាង នោះត្រូវតែក្រាបថ្វាយបង្គំដល់រូបមាសនេះ
11. ហើយថា បើអ្នកណាមិនក្រាបថ្វាយបង្គំទេ នោះត្រូវបោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅ
12. រីឯក្នុងពួកអ្នកដែលទ្រង់បានតាំងឡើង លើក្រសួងការខេត្តបាប៊ីឡូន នោះមានពួកសាសន៍យូដាខ្លះ គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទាំង៣នាក់នោះ បពិត្រព្រះករុណា គេមិនបានស្តាប់បង្គាប់ទ្រង់ទេ គេក៏មិនទាំងគោរពប្រតិបត្តិដល់ព្រះនៃទ្រង់ ឬថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។
13. ហេតុនោះ នេប៊ូក្នេសាទ្រង់មានសេចក្ដីក្រោធ និងសេចក្ដីឃោរឃៅយ៉ាងក្រៃលែង ក៏បង្គាប់ឲ្យគេនាំសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោមក ដូច្នេះ គេក៏នាំអ្នកទាំង៣នោះចូលមកនៅចំពោះស្តេច
14. នេប៊ូក្នេសា ទ្រង់មានព្រះបន្ទូលសួរគេថា ម្នាល សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ តើដោយបំណងចិត្តឬ ដែលឯងរាល់គ្នាមិនគោរពដល់ព្រះនៃយើង ឬថ្វាយបង្គំដល់រូបមាសដែលយើងបានតាំងឡើងហើយនោះ
15. ឥឡូវនេះ បើឯងរាល់គ្នាប្រុងប្រៀបក្នុងវេលាណាដែលឮសូរត្រែ ខ្លុយ ស៊ុង ចាប៉ី ពិណ ប៉ី និងដន្ត្រីគ្រប់យ៉ាង ឲ្យបានក្រាបថ្វាយបង្គំដល់រូបមាសដែលយើងបានធ្វើនេះ នោះបានហើយ តែបើមិនថ្វាយបង្គំទេ នោះនឹងត្រូវបោះឯងទៅក្នុងគុកភ្លើង ដែលឆេះយ៉ាងសន្ធៅ នៅវេលានោះឯង តើមានព្រះឯណាដែលអាចនឹងដោះឯងរាល់គ្នា ឲ្យរួចពីកណ្តាប់ដៃយើងបាន
16. តែសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោទូលឆ្លើយដល់ស្តេចថា បពិត្រព្រះរាជានេប៊ូក្នេសា យើងខ្ញុំមិនចាំបាច់ទូលឆ្លើយដល់ទ្រង់ពីដំណើរនេះទេ
17. បើជាយ៉ាងនោះមែន នោះព្រះនៃយើងខ្ញុំ ដែលយើងខ្ញុំគោរពប្រតិបត្តិតាម ទ្រង់អាចនឹងជួយឲ្យខ្ញុំរួចពីគុកភ្លើង ដែលឆេះយ៉ាងសន្ធៅបានហើយ បពិត្រព្រះករុណា ព្រះអង្គនោះក៏នឹងជួយឲ្យយើងរួចពីព្រះហស្តទ្រង់ដែរ