18. តែបើមិនជួយទេ នោះសូមឲ្យទ្រង់ព្រះករុណាជ្រាបថា យើងខ្ញុំមិនព្រមគោរពតាមព្រះរបស់ទ្រង់ឡើយ ក៏មិនព្រមថ្វាយបង្គំដល់រូបមាស ដែលទ្រង់បានតាំងឡើងនោះដែរ។
19. នោះនេប៊ូក្នេសា ទ្រង់មានពេញដោយសេចក្ដីឃោរឃៅ ព្រះភក្ត្រទ្រង់ក៏ផ្លាស់ប្រែទៅ ទាស់នឹងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ទ្រង់ក៏បង្គាប់ឲ្យគេដុតគុកភ្លើងឲ្យក្តៅជាងធម្មតា១ជា៧
20. រួចទ្រង់បង្គាប់ដល់មនុស្សខ្លាំងពូកែខ្លះក្នុងកងទ័ពទ្រង់ ឲ្យគេចងសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ បោះទៅក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅនោះ
21. ដូច្នេះ គេក៏ចងអ្នកទាំងនោះភ្ជាប់ទាំងខោទាំងអាវ និងឈ្នួត ព្រមទាំងសំលៀកបំពាក់ឯទៀតផង បោះចុះក្នុងគុកភ្លើងដែលឆេះយ៉ាងសន្ធៅទៅ
22. ហេតុនោះដោយព្រោះបង្គាប់ស្តេចក៏តឹងរឹងណាស់ ហើយគុកភ្លើងបានក្តៅយ៉ាងក្រៃលែង បានជាអណ្តាតភ្លើងឆេះសំឡាប់ពួកអ្នកដែលបានលើកបោះសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោទៅនោះ
23. ចំណែកអ្នកទាំង៣នោះ គឺសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ គេធ្លាក់ទៅកណ្តាលគុកភ្លើងដែលឆេះយ៉ាងសន្ធៅ ទាំងជាប់ចំណងផង។
24. ខណៈនោះ ស្តេចនេប៊ូក្នេសា ទ្រង់មានសេចក្ដីស្រឡាំងកាំង ហើយក៏ក្រោកឡើងជាប្រញាប់ មានព្រះបន្ទូលនឹងពួកជំនិតរបស់ទ្រង់ថា តើមិនមែន៣នាក់ ដែលយើងបោះទៅក្នុងភ្លើងទាំងជាប់ចំណងផងទេឬអី គេក៏ទូលតបថា បពិត្រព្រះករុណាអើយ ពិតហើយដូច្នោះ
25. រួចទ្រង់មានព្រះបន្ទូលថា មើល យើងឃើញ៤នាក់ ឥតជាប់ចំណងសោះ កំពុងដើរនៅកណ្តាលភ្លើង ឥតមានអ្វីសោះ ឯអ្នកទី៤ក៏មានភាពដូចជាកូនព្រះ
26. នោះនេប៊ូក្នេសាក៏ចូលទៅជិតមាត់គុកភ្លើង ដែលឆេះយ៉ាងសន្ធៅនោះ មានព្រះបន្ទូលថា ឱសាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ជាអ្នកគោរពដល់ព្រះដ៏ខ្ពស់បំផុតអើយ សូមចេញមក ហើយមកឯណេះចុះ ដូច្នេះ សាដ្រាក់ មែសាក់ និងអ័បេឌ-នេកោ ក៏ចេញពីកណ្តាលភ្លើងមក
27. រួចពួកចៅហ្វាយខេត្ត ពួកភូឈួយ ពួកចៅហ្វាយស្រុក និងពួកជំនិតរបស់ស្តេចដែលបានប្រជុំគ្នា គេក៏ឃើញមនុស្សទាំងនោះដែលភ្លើងគ្មានអំណាចលើខ្លួនគេសោះ សក់ក្បាលគេក៏មិនបានទាំងរួញដែរ ឯខោអាវមិនបានឆេះ ក៏ឥតមានក្លិនឈ្ងៀមនៅជាប់លើគេផង។