33. ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ
34. ទ្រង់បានទតឃើញ ដរាបដល់មានថ្ម១ដាប់ផ្តាច់ចេញ ឥតដៃអ្នកណាធ្វើ មកទង្គិចត្រូវរូបនោះត្រង់ប្រអប់ជើង ដែលធ្វើពីដែក និងដីឥដ្ឋ ក៏បំបាក់បំបែកខ្ទេចខ្ទីទៅ
35. រួចទាំងដែក ដីឥដ្ឋ លង្ហិន ប្រាក់ ហើយនឹងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅលានស្រូវខែប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតដែលឃើញផង់ណារបស់រូបនោះទៀតឡើយ ឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល។
36. សេចក្ដីនោះហើយ ជាសុបិនរបស់ទ្រង់ព្រះករុណាឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយ ថ្វាយព្រះករុណាជ្រាប
37. បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច គឺជាស្តេចដែលព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានឲ្យមានរាជ្យព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អទាំងនេះ
38. ហើយកន្លែងណាដែលមានមនុស្សជាតិអាស្រ័យនៅ នោះព្រះទ្រង់បានប្រទានទាំងសត្វនៅដី និងសត្វហើរលើអាកាស មកក្នុងព្រះហស្តទ្រង់ ព្រមទាំងតាំងទ្រង់ឲ្យគ្រប់គ្រងលើទាំងអស់ផង គឺទ្រង់ដែលជាក្បាលមាសនោះ
39. តពីទ្រង់ទៅ នោះនឹងមាននគរ១ទៀតកើតឡើង ដែលថោកជាងទ្រង់ រួចនឹងមាននគរ១ទៀត ជានគរទី៣ដែលជាលង្ហិន នគរនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល
40. ឯនគរទី៤នឹងមានកំឡាំងដូចដែក ដ្បិតដែលដែកបំបាក់បំបែកឲ្យខ្ទេចខ្ទី ហើយក៏កំរាបទាំងអស់ជាយ៉ាងណា នគរនោះក៏នឹងបំបែកបំបាក់ឲ្យខ្ទេចខ្ទី ហើយកិនល្អិតយ៉ាងនោះដែរ គឺដូចជាដែក ដែលបំបាក់បំបែករបស់ទាំងនោះឯង
41. ហើយដែលទ្រង់បានឃើញប្រអប់ជើង និងម្រាមជើងនោះមាន១ចំណែកជាដីរបស់ជាងស្មូន ហើយ១ចំណែកទៀតជាដែកវិញ នោះគឺថា នគរនោះនឹងញែកបែកគ្នា តែក្នុងនគរនោះ នឹងមានកំឡាំងដូចជាដែក ដ្បិតទ្រង់បានឃើញដែកលាយនឹងដីស្អិតនោះ
42. ហើយដែលម្រាមជើងជាដែក និងជាដីឥដ្ឋ លាយគ្នាជាយ៉ាងណា នគរនោះនឹងមានកំឡាំង១ចំណែក ហើយស្រួយ១ចំណែកយ៉ាងនោះដែរ
43. ហើយដែលទ្រង់បានឃើញដែកលាយនឹងដីស្អិតជាយ៉ាងណា នោះគឺគេនឹងលាយខ្លួននឹងអស់ទាំងពូជមនុស្សផងយ៉ាងនោះដែរ តែគេនឹងមិននៅជាប់ជិតគ្នានឹងគ្នាទេ ដូចជាដែកដែលមិនលាយជាប់នឹងដីដែរ
44. រីឯនៅគ្រានៃស្តេចទាំងនោះ ព្រះនៃស្ថានសួគ៌ទ្រង់នឹងតាំងនគរ១ឡើង ដែលមិនត្រូវបំផ្លាញឡើយ ហើយអំណាចហ្លួងក៏មិនត្រូវផ្ទេរដល់សាសន៍ដទៃណាដែរ គឺនឹងបំបាក់បំបែក ហើយលេបបំបាត់នគរទាំងនោះវិញ នគរនោះនឹងស្ថិតស្ថេរនៅអស់កល្បជានិច្ច
45. គឺដូចជាទ្រង់បានឃើញថ្មនោះ ដាប់ផ្តាច់ចេញពីភ្នំឥតមានដៃអ្នកណាធ្វើ ហើយថ្មនោះបានបំបាក់បំបែកទាំងដែក លង្ហិន ដីឥដ្ឋ ប្រាក់នឹងមាសនោះហើយ គឺព្រះដ៏ជាធំ ទ្រង់បានសំដែងឲ្យព្រះករុណាជ្រាបពីការដែលត្រូវមកនៅខាងមុខ សុបិននេះជាប្រាកដហើយ ឯសេចក្ដីសំរាយក៏ជាពិតដែរ។
46. ដូច្នេះ ស្តេចនេប៊ូក្នេសា ទ្រង់ក្រាបផ្កាប់ព្រះភក្ត្រថ្វាយបង្គំដល់ដានីយ៉ែល ក៏បង្គាប់ឲ្យគេយកគ្រឿងបូជា និងគ្រឿងក្រអូបមកគោរពដល់លោក
47. ស្តេចទ្រង់មានព្រះបន្ទូលនឹងដានីយ៉ែលថា ពិតប្រាកដជាព្រះនៃអ្នកជាព្រះលើអស់ទាំងព្រះហើយ ទ្រង់ជាព្រះអម្ចាស់លើអស់ទាំងស្តេច គឺជាព្រះដែលសំដែងឲ្យយល់សេចក្ដីអាថ៌កំបាំង ពីព្រោះឃើញថា អ្នកអាចនឹងសំដែង ឲ្យយល់សេចក្ដីអាថ៌កំបាំងនេះបាន
48. នោះស្តេចទ្រង់ក៏តាំងដានីយ៉ែលឡើងជាធំ ទ្រង់ប្រទានអំណោយទានយ៉ាងវិសេសជាច្រើនដល់លោក ព្រមទាំងតាំងលោក ឲ្យត្រួតលើខេត្តបាប៊ីឡូនទាំងមូល ហើយឲ្យបានជាអធិបតី លើពួកអ្នកប្រាជ្ញទាំងប៉ុន្មាន នៅក្រុងបាប៊ីឡូនផង