32. ឯក្បាលរបស់រូបនោះ ជាមាសយ៉ាងល្អ ដើមទ្រូង និងដៃជាប្រាក់ ពោះ និងភ្លៅជាលង្ហិន
33. ជើងជាដែក ហើយប្រអប់ជើងជាដែកលាយនឹងដីឥដ្ឋ
34. ទ្រង់បានទតឃើញ ដរាបដល់មានថ្ម១ដាប់ផ្តាច់ចេញ ឥតដៃអ្នកណាធ្វើ មកទង្គិចត្រូវរូបនោះត្រង់ប្រអប់ជើង ដែលធ្វើពីដែក និងដីឥដ្ឋ ក៏បំបាក់បំបែកខ្ទេចខ្ទីទៅ
35. រួចទាំងដែក ដីឥដ្ឋ លង្ហិន ប្រាក់ ហើយនឹងមាសក៏ត្រូវបែកបាក់ខ្ទេចខ្ទីទាំងអស់ ហើយត្រឡប់ដូចជាអង្កាមនៅលានស្រូវខែប្រាំង រួចខ្យល់បក់ផាត់យកទៅបាត់ ឥតដែលឃើញផង់ណារបស់រូបនោះទៀតឡើយ ឯថ្មដែលទង្គិចនឹងរូបនោះ ក៏ត្រឡប់ទៅជាភ្នំយ៉ាងធំនៅពេញផែនដីទាំងដុំមូល។
36. សេចក្ដីនោះហើយ ជាសុបិនរបស់ទ្រង់ព្រះករុណាឥឡូវនេះ យើងខ្ញុំនឹងកាត់ស្រាយ ថ្វាយព្រះករុណាជ្រាប
37. បពិត្រព្រះករុណា ទ្រង់ជាស្តេចលើអស់ទាំងស្តេច គឺជាស្តេចដែលព្រះនៃស្ថានសួគ៌ ទ្រង់បានប្រទានឲ្យមានរាជ្យព្រះចេស្តា ឥទ្ធិឫទ្ធិ និងសិរីល្អទាំងនេះ
38. ហើយកន្លែងណាដែលមានមនុស្សជាតិអាស្រ័យនៅ នោះព្រះទ្រង់បានប្រទានទាំងសត្វនៅដី និងសត្វហើរលើអាកាស មកក្នុងព្រះហស្តទ្រង់ ព្រមទាំងតាំងទ្រង់ឲ្យគ្រប់គ្រងលើទាំងអស់ផង គឺទ្រង់ដែលជាក្បាលមាសនោះ
39. តពីទ្រង់ទៅ នោះនឹងមាននគរ១ទៀតកើតឡើង ដែលថោកជាងទ្រង់ រួចនឹងមាននគរ១ទៀត ជានគរទី៣ដែលជាលង្ហិន នគរនោះនឹងមានអំណាចគ្រប់គ្រងលើផែនដីទាំងមូល
40. ឯនគរទី៤នឹងមានកំឡាំងដូចដែក ដ្បិតដែលដែកបំបាក់បំបែកឲ្យខ្ទេចខ្ទី ហើយក៏កំរាបទាំងអស់ជាយ៉ាងណា នគរនោះក៏នឹងបំបែកបំបាក់ឲ្យខ្ទេចខ្ទី ហើយកិនល្អិតយ៉ាងនោះដែរ គឺដូចជាដែក ដែលបំបាក់បំបែករបស់ទាំងនោះឯង