2. រួចស្តេចទ្រង់បង្គាប់ឲ្យហៅពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ និងគ្រូអាបធ្មប់ ព្រមទាំងពួកខាល់ដេឲ្យមកកាត់ស្រាយសប្តិនោះថ្វាយទ្រង់ គេក៏ចូលមកឈរនៅចំពោះស្តេច
3. រួចស្តេចទ្រង់មានព្រះបន្ទូលនឹងគេថា អញបានយល់សប្តិ ហើយមានវិញ្ញាណវិងស៊ុង ដោយចង់ដឹងន័យក្នុងសប្តិនោះ
4. ដូច្នេះ ពួកខាល់ដេ គេទូលឆ្លើយដល់ស្តេច ជាភាសាអារ៉ាមថា បពិត្រព្រះករុណា សូមឲ្យទ្រង់មានព្រះជន្មតរៀងទៅ សូមទ្រង់មានព្រះបន្ទូលប្រាប់សុបិននោះមកយើងខ្ញុំ ជាបាវបំរើចុះ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប
5. តែស្តេច ទ្រង់មានព្រះបន្ទូល ដល់ពួកខាល់ដេថា សេចក្ដីនោះយើងបានភ្លេចទៅហើយ បើអ្នករាល់គ្នាមិនប្រាប់ឲ្យយើងដឹងសប្តិនោះ ហើយកាត់ស្រាយផង នោះអ្នករាល់គ្នានឹងត្រូវកាប់ជាដុំៗ ហើយផ្ទះរបស់អ្នករាល់គ្នានឹងទៅជាកន្លែងបន្ទោលាមក
6. តែបើអ្នករាល់គ្នាប្រាប់សប្តិនោះ ព្រមទាំងកាត់ស្រាយផង នោះអ្នករាល់គ្នានឹងបានអំណោយទាន និងរង្វាន់ ហើយកិត្តិយសពីយើងវិញ ដូច្នេះ ចូរប្រាប់ពន្យល់សប្តិនោះដល់យើង ហើយកាត់ស្រាយទៅចុះ
7. គេទូលឆ្លើយម្តងទៀតថា សូមតែឲ្យព្រះករុណាមានព្រះបន្ទូលប្រាប់សប្តិនោះដល់យើងខ្ញុំ ជាបាវបំរើទ្រង់ នោះយើងខ្ញុំនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប
8. ស្តេចទ្រង់តបឡើងថា យើងបានដឹងពិតប្រាកដថា អ្នករាល់គ្នានឹងចង់បានពេលវេលា ដោយឃើញថា យើងបានភ្លេចសេចក្ដីទៅហើយ
9. បើសិនជាអ្នករាល់គ្នាមិនប្រាប់សប្តិនោះដល់យើងទេ នោះមានទោសតែ១ប៉ុណ្ណោះសំរាប់អ្នកទាំងអស់គ្នា ដ្បិតអ្នករាល់គ្នាបានបង្កើតពាក្យភូតភរ ហើយឆបោកសំរាប់ឆ្លើយមកយើង ចាំទំរាំតែគ្រានេះបានផ្លាស់ប្រែទៅ ដូច្នេះ ចូរប្រាប់សប្តិនោះដល់យើង នោះយើងនឹងដឹងថា អ្នករាល់គ្នាអាចនឹងកាត់ស្រាយបានមែន
10. តែពួកខាល់ដេ គេទូលឆ្លើយនៅចំពោះស្តេចថា គ្មានមនុស្សណាមួយនៅលើផែនដីនេះ ដែលអាចនឹងបង្ហាញដំណើរនៃព្រះករុណាបានទេ ក៏មិនដែលមានស្តេចណាទោះបើធំ ហើយមានអំណាចយ៉ាងណាក៏ដោយ ដែលបានបង្គាប់ការយ៉ាងនេះដល់ពួកគ្រូមន្តអាគម គ្រូអង្គុយធម៌ ឬដល់ពួកខាល់ដេណាៗឡើយ
11. ការដែលព្រះករុណាទ្រង់បង្គាប់នេះ ជាការកម្រមានណាស់ គ្មានអ្នកណាអាចនឹងបង្ហាញដំណើរនេះដល់ព្រះករុណាបានទេ មានតែពួកព្រះដែលមិនស្ថិតនៅក្នុងសាច់ឈាមវិញប៉ុណ្ណោះ
12. ហេតុដូច្នេះ ស្តេចទ្រង់ក៏ខ្ញាល់ ហើយមានសេចក្ដីក្រេវក្រោធយ៉ាងក្រៃលែង ក៏បង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញទាំងអស់ដែលនៅក្រុងបាប៊ីឡូនទៅ
13. យ៉ាងនោះ មានព្រះរាជឱង្ការចេញទៅ បង្គាប់ឲ្យសំឡាប់ពួកអ្នកប្រាជ្ញបង់ ហើយគេក៏រកដានីយ៉ែល និងពួកគូកនលោក ដើម្បីយកទៅសំឡាប់ដែរ។
14. គ្រានោះ ដានីយ៉ែលឆ្លើយដោយវាងវៃ ហើយឆ្លៀវឆ្លាតដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គ ដែលបានចេញទៅ ដើម្បីសំឡាប់ពួកអ្នកប្រាជ្ញដែលនៅក្រុងបាប៊ីឡូន