14. គ្រានោះ ដានីយ៉ែលឆ្លើយដោយវាងវៃ ហើយឆ្លៀវឆ្លាតដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គ ដែលបានចេញទៅ ដើម្បីសំឡាប់ពួកអ្នកប្រាជ្ញដែលនៅក្រុងបាប៊ីឡូន
15. លោកសួរដល់អើយ៉ុក ជាមេកងទ័ពរក្សាអង្គថា ហេតុអ្វីបានជាព្រះរាជឱង្ការនៃស្តេចប្រថំអីម៉្លេះ នោះអើយ៉ុកក៏ពន្យល់ប្រាប់ដានីយ៉ែល
16. រួចដានីយ៉ែលចូលទៅគាល់ស្តេច ទូលសូមឲ្យបានឱកាសបន្តិច នោះនឹងកាត់ស្រាយថ្វាយទ្រង់ជ្រាប។
17. នោះដានីយ៉ែលក៏វិលទៅឯផ្ទះ ប្រាប់រឿងនោះដល់ហាណានា មីសាអែល និងអ័សារា ជាគូកនរបស់លោក
18. ដើម្បីឲ្យគេបានទូលសូមដល់ព្រះនៃស្ថានសួគ៌ ឲ្យទ្រង់បានប្រោសមេត្តាដល់គេ ពីដំណើរសេចក្ដីអាថ៌កំបាំងនោះប្រយោជន៍ឲ្យដានីយ៉ែល និងគូកនលោកមិនត្រូវវិនាសជាមួយនឹងពួកអ្នកប្រាជ្ញឯទៀត ដែលនៅក្រុងបាប៊ីឡូនឡើយ
19. ដូច្នេះ សេចក្ដីអាថ៌កំបាំងនោះ បានសំដែងមក ឲ្យដានីយ៉ែលឃើញ ក្នុងការជាក់ស្តែងនៅវេលាយប់ នោះលោកក្រាបថ្វាយបង្គំដល់ព្រះនៃស្ថានសួគ៌
20. ហើយទូលថា សូមឲ្យព្រះនាមនៃព្រះបានប្រកបដោយព្រះពរ នៅអស់កល្បតរៀងទៅ ដ្បិតប្រាជ្ញា និងតេជានុភាពជារបស់ផងទ្រង់
21. គឺទ្រង់ដែលបំផ្លាស់បំប្រែពេលកំណត់ និងរដូវកាល ទ្រង់ដកស្តេចចេញ ហើយក៏តាំងស្តេចឡើងទ្រង់ប្រទានប្រាជ្ញាដល់ពួកអ្នកប្រាជ្ញ និងចំណេះដល់អស់អ្នកដែលមានយោបល់
22. ទ្រង់ក៏សំដែងឲ្យឃើញអស់ទាំងសេចក្ដីជ្រាលជ្រៅ ហើយលាក់កំបាំង ទ្រង់ជ្រាបសេចក្ដីដែលនៅទីងងឹត ហើយមានពន្លឺនៅជាមួយនឹងទ្រង់
23. ឱព្រះនៃពួកអយ្យកោទូលបង្គំអើយ ទូលបង្គំអរព្រះគុណ ហើយក៏សរសើរដល់ទ្រង់ ពីព្រោះទ្រង់បានប្រោសឲ្យទូលបង្គំមានប្រាជ្ញា និងអំណាច ហើយឥឡូវនេះទ្រង់បានសំដែងឲ្យទូលបង្គំដឹងសេចក្ដី ដែលយើងខ្ញុំបានសូមពីទ្រង់ដ្បិតទ្រង់បានសំដែង ឲ្យយើងខ្ញុំស្គាល់រឿងរ៉ាវរបស់ស្តេច
24. ដូច្នេះ ដានីយ៉ែលក៏ចូលទៅឯអើយ៉ុក ជាអ្នកដែលស្តេចបានបង្គាប់ឲ្យបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនបង់ នោះគឺបានទៅនិយាយដូច្នេះថា សូមកុំបំផ្លាញពួកអ្នកប្រាជ្ញ នៅក្រុងបាប៊ីឡូនឡើយ សូមនាំខ្ញុំចូលទៅគាល់ដល់ស្តេចចុះ នោះខ្ញុំនឹងកាត់ស្រាយសេចក្ដីថ្វាយទ្រង់ជ្រាបវិញ។
25. ដូច្នេះ អើយ៉ុកក៏នាំដានីយ៉ែលចូលទៅចំពោះស្តេចដោយប្រញាប់ប្រញាល់ ហើយទូលថា ទូលបង្គំរកបានមនុស្សម្នាក់ ក្នុងកូនចៅនៃពួកឈ្លើយ ជាសាសន៍យូដាដែលនឹកកាត់ស្រាយសេចក្ដី ថ្វាយព្រះករុណា ឲ្យទ្រង់ជ្រាបបាន