5. ឯស្តេចខាងត្បូង នឹងមានកំឡាំង តែមេទ័ពម្នាក់របស់ទ្រង់នឹងមានកំឡាំងច្រើនលើសជាង ហើយនឹងមានអំណាចសោយរាជ្យ ឯអំណាចគ្រប់គ្រងរបស់អ្នកនោះនឹងបានធំទូលាយ
6. ដល់ក្រោយបួនដប់ឆ្នាំទៅ នោះគេនឹងចងសម្ពន្ធមិត្រនឹងគ្នាវិញ ដោយព្រះរាជបុត្រីនៃស្តេចខាងត្បូងបានទៅឯស្តេចខាងជើង ដើម្បីតាំងសញ្ញានឹងគ្នា តែនាងនឹងមិនមានអំណាចនៅជាយូរទេ ហើយបិតានាងក៏មិនជាប់នៅ ឬកន្សៃវង្សរបស់ទ្រង់ផង គឺនាងនឹងត្រូវលើកចោល ព្រមទាំងពួកអ្នកដែលបាននាំនាង និងកូនដែលនាងបង្កើត ហើយអ្នកដែលបានគាំពារនាងក្នុងគ្រានោះដែរ។
7. តែនឹងមានលំពង់១ពន្លកចេញពីវង្សនាង សោយរាជ្យឡើងជំនួសបិតា ស្តេចនោះនឹងទៅច្បាំងនឹងពលទ័ពនៃស្តេចខាងជើង ហើយនឹងចូលទៅក្នុងបន្ទាយរបស់គេ ក៏តយុទ្ធនឹងគេ ព្រមទាំងឈ្នះផង
8. រួចនឹងកៀរយកអស់ទាំងព្រះ និងរូបសិតរបស់គេ ព្រមទាំងប្រដាប់ធ្វើពីប្រាក់ និងមាសដ៏មានដំឡៃនាំទៅឯស្រុកអេស៊ីព្ទ បន្ទាប់នោះ នឹងខានទៅច្បាំងនឹងស្តេចខាងជើងជាយូរឆ្នាំ
9. ឯស្តេចខាងជើង នោះនឹងទន្ទ្រានចូលក្នុងព្រំដែនរបស់ស្តេចខាងត្បូង តែនឹងត្រូវវិលត្រឡប់ទៅឯស្រុកកំណើតរបស់ខ្លួនវិញ។
10. រួចមកពួកកូនចៅរបស់ស្តេចនោះនឹងធ្វើចំបាំង គឺនឹងប្រមូលកងទ័ពយ៉ាងធំជាច្រើន កងទ័ពនោះនឹងចេញទៅសាយពេញពាស ហើយដើរកាត់ស្រុកទៅច្បាំង រហូតដល់បន្ទាយរបស់គេ
11. គ្រានោះ ស្តេចខាងត្បូងនឹងមានសេចក្ដីក្រេវក្រោធឆុរឆេវឡើង ចេញទៅតយុទ្ធនឹងស្តេចខាងជើង គឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក ហើយពលទ័ពរបស់គេ នឹងត្រូវប្រគល់មកក្នុងកណ្តាប់ដៃនៃស្តេចខាងត្បូង
12. កាលណាបានឈ្នះពលទ័ពរបស់គេហើយ នោះទ្រង់នឹងមានព្រះទ័យប៉ោងឡើង រួចទ្រង់នឹងសំឡាប់ពួកគេទាំងម៉ឺនៗ តែតទៅនឹងឈ្នះមិនបានទេ
13. ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ នាំទាំងពលទ័ពយ៉ាងសន្ធឹកលើសជាងជាន់មុនទៅទៀត ហើយក្រោយបន្តិចទៅ គឺក្រោយប្រមាណប៉ុន្មានឆ្នាំទៅមុខ ទ្រង់នឹងនាំពលទ័ពយ៉ាងធំ និងគ្រឿងចំបាំងយ៉ាងសន្ធឹកមក
14. នៅគ្រានោះ នឹងមានមនុស្សជាច្រើនតាំងខ្លួនឡើង ទាស់នឹងស្តេចខាងត្បូង ឯក្នុងសាសន៍របស់អ្នក ក៏នឹងមានពួកមនុស្សច្រឡោតខ្លះលើកខ្លួនឡើងដែរ ដើម្បីនឹងសំរេចការជាក់ស្តែងនេះ តែគេនឹងត្រូវដួលចុះទេ
15. យ៉ាងនោះ ស្តេចខាងជើងនឹងមកជីកស្នាមភ្លោះ ហើយចាប់យកបានទីក្រុងដែលមានគ្រឿងការពារជាបរិបូរ ឯពលទ័ពរបស់ស្រុកខាងត្បូង និងធន់នៅមិនបាន ព្រមទាំងពលជ្រើសរើសរបស់ស្តេចនោះផង ក៏នឹងគ្មានកំឡាំងល្មមទប់ទល់ឡើយ
16. គឺស្តេចដែលលុកចូលមកច្បាំងនោះ នឹងធ្វើតាមតែអំពើចិត្ត ឥតមានអ្នកណាអាចនឹងឈរនៅមុខទ្រង់បានឡើយ ទ្រង់នឹងឈរនៅក្នុងស្រុកដ៏ឧត្តម ទាំងមានអំណាចបំផ្លាញនៅក្នុងកណ្តាប់ដៃផង
17. ហើយទ្រង់នឹងមានគំនិតគិតនាំកំឡាំងនៃរាជ្យទ្រង់ទាំងអស់មកទៀត តែទ្រង់បែរជាតាំងស្ពានមេត្រីវិញ ហើយក៏សំរេចតាមនោះ រួចលើកបុត្រីខ្លួន ឲ្យដល់ស្តេចខាងត្បូង ដើម្បីនឹងគិតបំផ្លាញទ្រង់ តែនាងមិនចូលគំនិត ឬសំរេចតាមបំណងបិតាឡើយ
18. ក្រោយនោះមកទ្រង់នឹងបែរព្រះភក្ត្រទៅខាងកោះសមុទ្រទាំងប៉ុន្មាន ហើយនឹងចាប់យកបានជាច្រើនដែរ តែនឹងមានទ័ព១កំចាត់សេចក្ដីអាម៉ាស់ខ្មាស ចំពោះស្តេចនោះចេញ អើ មួយទៀត នឹងទំលាក់សេចក្ដីអាម៉ាស់ខ្មាសនោះទៅលើទ្រង់វិញ
19. នោះទ្រង់នឹងបែរមុខទៅឯបន្ទាយនៅក្នុងស្រុករបស់ខ្លួន តែទ្រង់នឹងចំពប់ដួល ឥតមានអ្នកណាឃើញទៀតឡើយ។
20. បន្ទាប់នោះមក នឹងមានស្តេច១សោយរាជ្យឡើងជំនួស ជាអ្នកដែលនឹងចាត់ភ្នាក់ងារ ឲ្យដើរកាត់ស្រុករុងរឿងក្នុងនគរ ដើម្បីរ៉ឹងទារសួយ តែក្រោយមកមិនយូរថ្ងៃ ស្ដេចនោះនឹងត្រូវបំផ្លាញទៅ មិនមែនក្នុងការកំហឹង ឬការសង្គ្រាមនោះទេ
21. រួចនឹងមានម្នាក់ដែលគួរស្អប់ខ្ពើមតាំងខ្លួនឡើងជំនួសទ្រង់ ឥតមានអ្នកណាប្រគល់រាជសក្តិដល់អ្នកនោះឡើយ គឺនឹងចូលមក ក្នុងគ្រាសុខសាន្ត ជែងយករាជ្យដោយសេចក្ដីបញ្ចើចវិញ
22. ឯពលទ័ពដ៏មានជ័យនឹងត្រូវចុះចាញ់នៅចំពោះអ្នកនោះ ហើយនឹងត្រូវបាក់បែកអស់ទៅ អើ ទោះទាំងសំដេចសង្ឃនៃសេចក្ដីសញ្ញាផង
23. ក្រោយដែលគេបានតាំងសញ្ញានឹងអ្នកនោះហើយ នោះវានឹងប្រព្រឹត្តដោយឧបាយកល ដ្បិតវានឹងឡើងមក ហើយនឹងមានកំឡាំងឡើង ដោយមានគ្នាតែបន្តិចប៉ុណ្ណោះ
24. គឺនៅក្នុងគ្រាសុខសាន្ត ដែលវានឹងឡើងមកឯកន្លែងដ៏ល្អបំផុតក្នុងដែនខេត្ត ហើយវានឹងធ្វើការដែលពួកអយ្យកោវាតៗមកមិនដែលធ្វើឡើយ គឺវានឹងយករបឹប និងរបស់ដែលប្លន់បាន ហើយទ្រព្យសម្បត្តិផ្សេងៗ កំចាយដល់គេ អើ វានឹងបង្កើតកិច្ចកលរបស់វា ទាស់នឹងទីមាំមួន នៅរវាង១ពេល