5. ឯស្តេចខាងត្បូង នឹងមានកំឡាំង តែមេទ័ពម្នាក់របស់ទ្រង់នឹងមានកំឡាំងច្រើនលើសជាង ហើយនឹងមានអំណាចសោយរាជ្យ ឯអំណាចគ្រប់គ្រងរបស់អ្នកនោះនឹងបានធំទូលាយ
6. ដល់ក្រោយបួនដប់ឆ្នាំទៅ នោះគេនឹងចងសម្ពន្ធមិត្រនឹងគ្នាវិញ ដោយព្រះរាជបុត្រីនៃស្តេចខាងត្បូងបានទៅឯស្តេចខាងជើង ដើម្បីតាំងសញ្ញានឹងគ្នា តែនាងនឹងមិនមានអំណាចនៅជាយូរទេ ហើយបិតានាងក៏មិនជាប់នៅ ឬកន្សៃវង្សរបស់ទ្រង់ផង គឺនាងនឹងត្រូវលើកចោល ព្រមទាំងពួកអ្នកដែលបាននាំនាង និងកូនដែលនាងបង្កើត ហើយអ្នកដែលបានគាំពារនាងក្នុងគ្រានោះដែរ។
7. តែនឹងមានលំពង់១ពន្លកចេញពីវង្សនាង សោយរាជ្យឡើងជំនួសបិតា ស្តេចនោះនឹងទៅច្បាំងនឹងពលទ័ពនៃស្តេចខាងជើង ហើយនឹងចូលទៅក្នុងបន្ទាយរបស់គេ ក៏តយុទ្ធនឹងគេ ព្រមទាំងឈ្នះផង
8. រួចនឹងកៀរយកអស់ទាំងព្រះ និងរូបសិតរបស់គេ ព្រមទាំងប្រដាប់ធ្វើពីប្រាក់ និងមាសដ៏មានដំឡៃនាំទៅឯស្រុកអេស៊ីព្ទ បន្ទាប់នោះ នឹងខានទៅច្បាំងនឹងស្តេចខាងជើងជាយូរឆ្នាំ
9. ឯស្តេចខាងជើង នោះនឹងទន្ទ្រានចូលក្នុងព្រំដែនរបស់ស្តេចខាងត្បូង តែនឹងត្រូវវិលត្រឡប់ទៅឯស្រុកកំណើតរបស់ខ្លួនវិញ។
10. រួចមកពួកកូនចៅរបស់ស្តេចនោះនឹងធ្វើចំបាំង គឺនឹងប្រមូលកងទ័ពយ៉ាងធំជាច្រើន កងទ័ពនោះនឹងចេញទៅសាយពេញពាស ហើយដើរកាត់ស្រុកទៅច្បាំង រហូតដល់បន្ទាយរបស់គេ
11. គ្រានោះ ស្តេចខាងត្បូងនឹងមានសេចក្ដីក្រេវក្រោធឆុរឆេវឡើង ចេញទៅតយុទ្ធនឹងស្តេចខាងជើង គឺនឹងដំរៀបពលទ័ពយ៉ាងសន្ធឹក ហើយពលទ័ពរបស់គេ នឹងត្រូវប្រគល់មកក្នុងកណ្តាប់ដៃនៃស្តេចខាងត្បូង
12. កាលណាបានឈ្នះពលទ័ពរបស់គេហើយ នោះទ្រង់នឹងមានព្រះទ័យប៉ោងឡើង រួចទ្រង់នឹងសំឡាប់ពួកគេទាំងម៉ឺនៗ តែតទៅនឹងឈ្នះមិនបានទេ
13. ដ្បិតស្តេចខាងជើងនឹងវិលត្រឡប់មកវិញ នាំទាំងពលទ័ពយ៉ាងសន្ធឹកលើសជាងជាន់មុនទៅទៀត ហើយក្រោយបន្តិចទៅ គឺក្រោយប្រមាណប៉ុន្មានឆ្នាំទៅមុខ ទ្រង់នឹងនាំពលទ័ពយ៉ាងធំ និងគ្រឿងចំបាំងយ៉ាងសន្ធឹកមក
14. នៅគ្រានោះ នឹងមានមនុស្សជាច្រើនតាំងខ្លួនឡើង ទាស់នឹងស្តេចខាងត្បូង ឯក្នុងសាសន៍របស់អ្នក ក៏នឹងមានពួកមនុស្សច្រឡោតខ្លះលើកខ្លួនឡើងដែរ ដើម្បីនឹងសំរេចការជាក់ស្តែងនេះ តែគេនឹងត្រូវដួលចុះទេ