26. អើ អ្នក១ដែលធ្លាប់ស៊ីចំណីរបស់ទ្រង់នឹងបំផ្លាញទ្រង់បង់ ហើយកងទ័ពរបស់ទ្រង់នឹងបែកខ្ញែករត់ទៅតែពាស ក៏នឹងមានជាច្រើនដួលស្លាប់ដែរ
27. ឯស្តេចទាំង២អង្គនេះ គេនឹងមានចិត្តរិះរកធ្វើតែការកំណាចទទេ គេនឹងកុហកដល់គ្នានឹងគ្នា ក្នុងពេលកំពុងអង្គុយនៅតុជាមួយគ្នាផង តែការនោះនឹងមិនចំរើនដល់គេឡើយ ដ្បិតវេលាចុងបំផុតនឹងមកក្នុងពេលកំណត់ទេ។
28. គ្រានោះ វានឹងវិលទៅស្រុករបស់ខ្លួនវិញ នាំទាំងទ្រព្យសម្បត្តិជាច្រើនទៅផង រួចវានឹងកើតមានចិត្តទាស់ទទឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមតែបំណងចិត្ត រួចវិលទៅឯស្រុករបស់ខ្លួនវិញ
29. លុះដល់វេលាកំណត់ វានឹងត្រឡប់មកចូលក្នុងស្រុកខាងត្បូងទៀត តែជាន់ក្រោយនេះ និងមិនបានដូចជាជាន់មុនទេ
30. ពីព្រោះអស់ទាំងនាវា ពីស្រុកគីទីម និងមកទាស់នឹងវា ដូច្នេះ វានឹងធ្លាក់ចិត្ត ហើយវិលទៅវិញ ដោយមានសេចក្ដីគ្នាន់ក្នាញ់ទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ ហើយនឹងធ្វើតាមអំពើចិត្ត គឺវានឹងត្រឡប់មកវិញ ហើយរួមគំនិតនឹងពួកអ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធនោះ
31. គ្រានោះ ពលទ័ពនឹងត្រូវខាងវា ហើយគេនឹងបង្អាប់ទីបរិសុទ្ធ គឺជាទីមាំមួន ព្រមទាំងបញ្ឈប់បំបាត់ការថ្វាយដង្វាយជានិច្ចចេញ ហើយតាំងសេចក្ដីគួរស្អប់ខ្ពើមដែលនាំឲ្យបង្ខូចបំផ្លាញឡើង
32. ឯពួកអ្នកដែលប្រព្រឹត្តអាក្រក់ទាស់នឹងសេចក្ដីសញ្ញា នោះវានឹងនាំបង្ខូចចិត្តគេ ដោយពាក្យបញ្ចើច តែចំណែកពួកអ្នកទាំងប៉ុន្មានដែលស្គាល់ព្រះនៃខ្លួន គេនឹងមានចិត្តរឹងប៉ឹង ហើយនឹងប្រតិបត្តិតទៅ
33. ពួកអ្នកដែលមានប្រាជ្ញាក្នុងបណ្តាជន គេនឹងបង្រៀនមនុស្សជាច្រើន ប៉ុន្តែគេនឹងត្រូវដួលដោយដាវ និងភ្លើង ព្រមទាំងត្រូវដឹកទៅជាឈ្លើយ ហើយត្រូវគេរឹបជាន់ជាយូរថ្ងៃផង
34. រីឯកាលណាគេត្រូវដួល នោះគេនឹងមានសេចក្ដីជំនួយបន្តិចដែរ ក៏នឹងមានមនុស្សជាច្រើនចូលខាងគេ ដោយចិត្តក្រឡេចក្រឡុច
35. ឯពួកគេដែលមានប្រាជ្ញា នឹងមានខ្លះដួលចុះ ដើម្បីឲ្យបានសំរង ហើយសំអាតពួកគេ ព្រមទាំងឲ្យគេបានសស្គុស ដរាបដល់វេលាចុងបំផុត ដ្បិតការទាំងនោះនឹងមកក្នុងពេលកំណត់ទេ។
36. ស្តេចនោះនឹងធ្វើតាមតែអំពើចិត្ត ក៏នឹងដំកើងខ្លួន ហើយលើកខ្លួនខ្ពស់ជាងអស់ទាំងព្រះ វានឹងពោលយ៉ាងអស្ចារ្យ ទាស់នឹងព្រះនៃអស់ទាំងព្រះ វានឹងចេះតែចំរើនដរាបដល់សេចក្ដីគ្នាន់ក្នាញ់បានសំរេច ដ្បិតការដែលបានសំរេចនឹងធ្វើហើយ នោះត្រូវធ្វើទៅ
37. វានឹងមិនយកចិត្តទុកដាក់ចំពោះព្រះនៃពួកអយ្យកោវា ឬចំពោះបំណងចិត្តរបស់ពួកស្រីៗទេ ក៏មិនកោតខ្លាចដល់ព្រះណាផង ដ្បិតវានឹងដំកើងខ្លួនជាធំលើសជាងទាំងអស់
38. ទោះបើយ៉ាងនោះ គង់តែវានឹងគោរពតាមព្រះនៃបន្ទាយដែរ ហើយឯព្រះ១ដែលពួកអយ្យកោវាមិនបានស្គាល់សោះ នោះវានឹងគោរពដោយមាស ប្រាក់ និងត្បូងមានតំឡៃ ហើយនឹងរបស់ថ្លៃវិសេស
39. គឺដោយព្រះដទៃនោះ ដែលវានឹងឈ្នះទីមាំមួនរបស់សាសន៍ផ្សេងៗ ឯអ្នកណាដែលនឹងយល់ខាងខ្លួន នោះវានឹងលើកឲ្យមានសក្តិយសជាធំឡើង ហើយនឹងតាំងឲ្យគេគ្រប់គ្រងលើមនុស្សជាច្រើន ព្រមទាំងចែកឲ្យដល់គេទុកជារង្វាន់ផង។
40. លុះដល់គ្រាចុងបំផុត នោះស្តេចខាងត្បូងនឹងតយុទ្ធនឹងវា តែស្តេចខាងជើងនឹងមកទាស់នឹងទ្រង់ដូចជាខ្យល់កួច មានទាំងរទេះចំបាំង ពលសេះ និងនាវាជាច្រើន វានឹងលុកចូលក្នុងប្រទេសដទៃទាំងប៉ុន្មាន ទាំងសាយចេញដូចជាទឹកជន់ រួចបង្ហួសទៅ
41. វានឹងចូលទៅក្នុងស្រុកឧត្តមដែរ ហើយមនុស្សជាច្រើននឹងត្រូវផ្តួលចុះ តែសាសន៍ទាំងនេះ នឹងបានរួចពីកណ្តាប់ដៃវា គឺអេដំម ម៉ូអាប់ និងពួកសំខាន់ក្នុងកូនចៅអាំម៉ូន
42. វានឹងលូកដៃទៅលើប្រទេសទាំងអស់ ហើយស្រុកអេស៊ីព្ទក៏មិនបានរួចដែរ
43. គឺវានឹងគ្រប់គ្រងលើអស់ទាំងមាស និងប្រាក់ ជាព្រះរាជទ្រព្យ និងលើគ្រប់ទាំងរបស់មានដំឡៃនៅស្រុកអេស៊ីព្ទ ឯពួកសាសន៍លីប៊ី និងសាសន៍អេធីយ៉ូពី គេនឹងជាប់តាមដានជើងវា
44. តែដំណឹងដែលនឹងចេញពីស្រុកខាងកើត ហើយពីខាងជើង និងនាំឲ្យវាវិតក្កព្រួយ ដូច្នេះវានឹងចេញទៅ ដោយសេចក្ដីក្រេវក្រោធយ៉ាងខ្លាំង ដើម្បីនឹងបំផ្លាញ ហើយរំលាងមនុស្សជាច្រើនបង់