1. ឯយើង នៅឆ្នាំដំបូងក្នុងរាជ្យនៃដារីយុស ជាសាសន៍មេឌី នោះយើងបានឈរជាមួយ ដើម្បីចំរើនកំឡាំង ហើយទប់ទល់ស្តេច។
2. ឥឡូវនេះ យើងនឹងសំដែងឲ្យអ្នកឃើញសេចក្ដីពិត មើល ត្រូវមានស្តេចសាសន៍ពើស៊ី៣អង្គទៀតសោយរាជ្យឡើង រួចស្តេចទី៤នឹងមានព្រះរាជទ្រព្យច្រើនក្រៃលែងជាជាងគេទាំងអស់ កាលណាបានចំរើនកំឡាំង ដោយសារព្រះរាជទ្រព្យទាំងនោះហើយ នោះទ្រង់នឹងលើកមនុស្សទាំងអស់ឡើង ទាស់នឹងអាណាចក្ររបស់សាសន៍ក្រេក
3. គ្រានោះ នឹងមានស្តេច១ខ្លាំងពូកែសោយរាជ្យឡើង ជាស្តេចដែលនឹងគ្រប់គ្រងដោយអំណាចយ៉ាងខ្លាំង ហើយនឹងធ្វើតាមតែបំណងព្រះទ័យ
4. កាលណាស្តេចនោះបានសោយរាជ្យឡើងហើយ នោះនគរទ្រង់នឹងត្រូវបែកខ្ញែក ហើយបែងចែកទៅឯខ្យល់លើអាកាសទាំង៤ទិស តែមិនមែនចែកឲ្យដល់ពូជពង្សនៃស្តេចនោះទេ ក៏មិនមែនដោយមានអំណាចដូចជាស្តេចនោះធ្លាប់គ្រប់គ្រងដែរ ដ្បិតនគរនោះនឹងត្រូវច្រៀកចេញចែកដល់មនុស្សដទៃវិញ។
5. ឯស្តេចខាងត្បូង នឹងមានកំឡាំង តែមេទ័ពម្នាក់របស់ទ្រង់នឹងមានកំឡាំងច្រើនលើសជាង ហើយនឹងមានអំណាចសោយរាជ្យ ឯអំណាចគ្រប់គ្រងរបស់អ្នកនោះនឹងបានធំទូលាយ
6. ដល់ក្រោយបួនដប់ឆ្នាំទៅ នោះគេនឹងចងសម្ពន្ធមិត្រនឹងគ្នាវិញ ដោយព្រះរាជបុត្រីនៃស្តេចខាងត្បូងបានទៅឯស្តេចខាងជើង ដើម្បីតាំងសញ្ញានឹងគ្នា តែនាងនឹងមិនមានអំណាចនៅជាយូរទេ ហើយបិតានាងក៏មិនជាប់នៅ ឬកន្សៃវង្សរបស់ទ្រង់ផង គឺនាងនឹងត្រូវលើកចោល ព្រមទាំងពួកអ្នកដែលបាននាំនាង និងកូនដែលនាងបង្កើត ហើយអ្នកដែលបានគាំពារនាងក្នុងគ្រានោះដែរ។
7. តែនឹងមានលំពង់១ពន្លកចេញពីវង្សនាង សោយរាជ្យឡើងជំនួសបិតា ស្តេចនោះនឹងទៅច្បាំងនឹងពលទ័ពនៃស្តេចខាងជើង ហើយនឹងចូលទៅក្នុងបន្ទាយរបស់គេ ក៏តយុទ្ធនឹងគេ ព្រមទាំងឈ្នះផង
8. រួចនឹងកៀរយកអស់ទាំងព្រះ និងរូបសិតរបស់គេ ព្រមទាំងប្រដាប់ធ្វើពីប្រាក់ និងមាសដ៏មានដំឡៃនាំទៅឯស្រុកអេស៊ីព្ទ បន្ទាប់នោះ នឹងខានទៅច្បាំងនឹងស្តេចខាងជើងជាយូរឆ្នាំ
9. ឯស្តេចខាងជើង នោះនឹងទន្ទ្រានចូលក្នុងព្រំដែនរបស់ស្តេចខាងត្បូង តែនឹងត្រូវវិលត្រឡប់ទៅឯស្រុកកំណើតរបស់ខ្លួនវិញ។
10. រួចមកពួកកូនចៅរបស់ស្តេចនោះនឹងធ្វើចំបាំង គឺនឹងប្រមូលកងទ័ពយ៉ាងធំជាច្រើន កងទ័ពនោះនឹងចេញទៅសាយពេញពាស ហើយដើរកាត់ស្រុកទៅច្បាំង រហូតដល់បន្ទាយរបស់គេ