7. គឺខ្ញុំ ដានីយ៉ែលតែឯងដែលឃើញការជាក់ស្តែងនោះ ពួកអ្នកដែលនៅជាមួយនឹងខ្ញុំឥតបានឃើញទេ តែគេកើតមានសេចក្ដីភ័យញ័រជាខ្លាំង ហើយក៏រត់ទៅពួនខ្លួន
8. ដូច្នេះ ខ្ញុំត្រូវចោលឲ្យនៅតែឯង ខ្ញុំក៏ឃើញការជាក់ស្តែងយ៉ាងធំនោះ ហើយបានខ្សោះល្វើយទៅ ទឹកមុខខ្ញុំក៏ផ្លាស់ប្រែទៅជាស្លេកស្លាំងហើយខ្ញុំឥតមានកំឡាំងនៅសល់ឡើយ
9. ប៉ុន្តែខ្ញុំឮសំឡេងនៃពាក្យរបស់អ្នកនោះបាន កាលខ្ញុំបានឮសំឡេងនៃពាក្យនោះរួចហើយ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ចុះដល់ដី។
10. នោះមានដៃ១ពាល់ខ្ញុំ ឲ្យខ្ញុំញ័រងើបឡើង ដោយជង្គង់ និងបាតដៃ
11. រួចក៏ពោលមកខ្ញុំថា ឱដានីយ៉ែលជាអ្នកសំណប់យ៉ាងសំខាន់អើយ ចូរយល់ពាក្យ ដែលយើងប្រាប់អ្នក ហើយឈរឲ្យត្រង់ឡើងចុះ ពីព្រោះយើងត្រូវចាត់មកឯអ្នក កាលលោកបានពោលពាក្យទាំងនោះមកខ្ញុំហើយ នោះខ្ញុំក៏ឈរនៅទាំងញាប់ញ័រ
12. រួចលោកប្រាប់ខ្ញុំថា ដានីយ៉ែលអើយ កុំឲ្យខ្លាចឡើយ ដ្បិតចាប់តាំងពីថ្ងៃមុនដំបូង ដែលអ្នកបានតាំងចិត្តរកយល់ ហើយបន្ទាបខ្លួនចុះ នៅចំពោះព្រះនៃអ្នក នោះពាក្យរបស់អ្នកក៏បានឮហើយ រួចយើងក៏បានមក ដោយព្រោះពាក្យនោះ
13. ប៉ុន្តែម្ចាស់ដ៏ធំនៃនគរពើស៊ី បានឃាត់យើងអស់២១ថ្ងៃ តែមើល មីកែល ជាពួកមហាទេវតា១បានមកជួយយើងយ៉ាងនោះ យើងបាននៅទីនោះជាមួយនឹងពួកស្តេចពើស៊ីទៅ
14. ឥឡូវនេះបានមក ដើម្បីឲ្យអ្នកយល់ពីការដែលត្រូវកើតដល់សាសន៍អ្នក នៅគ្រាក្រោយបង្អស់ ដ្បិតការជាក់ស្តែងនេះសំដៅដល់យូរថ្ងៃទៅខាងមុខ
15. លុះកាលលោកបាននិយាយមកខ្ញុំ តាមសេចក្ដីទាំងនោះរួចហើយ នោះខ្ញុំក៏ឱនមុខមើលទៅដី ហើយបានគនៅ
16. នោះឃើញមានម្នាក់មានភាពដូចមនុស្សជាតិ មកពាល់បបូរមាត់ខ្ញុំ រួចខ្ញុំហាមាត់និយាយដល់លោក ដែលឈរនៅមុខខ្ញុំថា ឱលោកម្ចាស់អើយ សេចក្ដីបារម្ភព្រួយបានចាប់ខ្ញុំ ដោយព្រោះឃើញការជាក់ស្តែងនេះ ហើយខ្ញុំឥតមានកំឡាំងទៀតសោះ