ដានីយ៉ែល 10:1-12 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. នៅ​ឆ្នាំ​ទី​៣ ក្នុង​រាជ្យ​នៃ​ស៊ីរូស ជា​ស្តេច​ពើស៊ី នោះ​មាន​ការ​១​បើក​សំដែង​ឲ្យ​ដានី‌យ៉ែល ដែល​លោក​មាន​ឈ្មោះ​ថា បេល‌ថិស្សាសារ ឃើញ ការ​នោះ​ក៏​ពិត​ប្រាកដ​គឺ​ជា​ការ​សង្គ្រាម​យ៉ាង​ធំ លោក​ក៏​ពិចារណា​ដំណើរ​នោះ ហើយ​បាន​យល់​ចំពោះ​ការ​ជាក់​ស្តែង

2. នៅ​គ្រា​នោះ ខ្ញុំ​ដានី‌យ៉ែល ខ្ញុំ​មាន​សេចក្ដី​ទុក្ខ​ព្រួយ​នៅ​ពេញ​៣​អាទិត្យ

3. ខ្ញុំ​មិន​បាន​ទទួល​ទាន​អ្វី​ដែល​ត្រូវ​ចំណុច​ចិត្ត ក៏​មិន​មាន​សាច់ ឬ​ស្រា​ទំពាំង‌បាយ‌ជូរ ចូល​មក​ក្នុង​មាត់​ខ្ញុំ​ឡើយ ខ្ញុំ​ក៏​មិន​បាន​អប់​ខ្លួន​ដែរ ដរាប​ដល់​ផុត​៣​អាទិត្យ​នោះ​ទៅ

4. លុះ​ដល់​ថ្ងៃ​២៤​ខែ​ចេត្រ កាល​ខ្ញុំ​នៅ​មាត់​ទន្លេ​ធំ គឺ​ជា​ទន្លេ​ហ៊ីដេ‌កែល

5. នោះ​ខ្ញុំ​បាន​ងើប​ភ្នែក​មើល​ទៅ ឃើញ​មាន​មនុស្ស​ម្នាក់​ស្លៀក‌ពាក់​ដោយ​សំពត់​ទេស‌ឯក ហើយ​ក្រវាត់​ចង្កេះ​ដោយ​មាស​សុទ្ធ​ពី​ស្រុក​អ៊ូផាស

6. រូប​កាយ​របស់​អ្នក​នោះ​មើល​ទៅ​ដូច​ជា​ត្បូង​បេរីល ហើយ​មុខ​មាន​ភាព​ដូច​ជា​ផ្លេក‌បន្ទោរ ឯ​ភ្នែក​ក៏​ដូច​ជា​ចន្លុះ​ដែល​ឆេះ ដៃ និង​ជើង​ដូច​ជា​លង្ហិន​ខាត់​យ៉ាង​ភ្លឺ ហើយ​សូរ​សំឡេង​របស់​អ្នក​នោះ​ដូច​ជា​សូរ​នៃ​ជំនុំ​មនុស្ស​យ៉ាង​ធំ

7. គឺ​ខ្ញុំ ដានី‌យ៉ែល​តែ​ឯង​ដែល​ឃើញ​ការ​ជាក់​ស្តែង​នោះ ពួក​អ្នក​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ​ឥត​បាន​ឃើញ​ទេ តែ​គេ​កើត​មាន​សេចក្ដី​ភ័យ​ញ័រ​ជា​ខ្លាំង ហើយ​ក៏​រត់​ទៅ​ពួន​ខ្លួន

8. ដូច្នេះ ខ្ញុំ​ត្រូវ​ចោល​ឲ្យ​នៅ​តែ​ឯង ខ្ញុំ​ក៏​ឃើញ​ការ​ជាក់​ស្តែង​យ៉ាង​ធំ​នោះ ហើយ​បាន​ខ្សោះ​ល្វើយ​ទៅ ទឹក​មុខ​ខ្ញុំ​ក៏​ផ្លាស់​ប្រែ​ទៅ​ជា​ស្លេក‌ស្លាំង​ហើយ​ខ្ញុំ​ឥត​មាន​កំឡាំង​នៅ​សល់​ឡើយ

9. ប៉ុន្តែ​ខ្ញុំ​ឮ​សំឡេង​នៃ​ពាក្យ​របស់​អ្នក​នោះ​បាន កាល​ខ្ញុំ​បាន​ឮ​សំឡេង​នៃ​ពាក្យ​នោះ​រួច​ហើយ នោះ​ខ្ញុំ​ក៏​លង់​ស្មារតី​ទៅ មាន​មុខ​ផ្កាប់​ចុះ​ដល់​ដី។

10. នោះ​មាន​ដៃ​១​ពាល់​ខ្ញុំ ឲ្យ​ខ្ញុំ​ញ័រ​ងើប​ឡើង ដោយ​ជង្គង់ និង​បាត​ដៃ

11. រួច​ក៏​ពោល​មក​ខ្ញុំ​ថា ឱ​ដានី‌យ៉ែល​ជា​អ្នក​សំណប់​យ៉ាង​សំខាន់​អើយ ចូរ​យល់​ពាក្យ ដែល​យើង​ប្រាប់​អ្នក ហើយ​ឈរ​ឲ្យ​ត្រង់​ឡើង​ចុះ ពី​ព្រោះ​យើង​ត្រូវ​ចាត់​មក​ឯ​អ្នក កាល​លោក​បាន​ពោល​ពាក្យ​ទាំង​នោះ​មក​ខ្ញុំ​ហើយ នោះ​ខ្ញុំ​ក៏​ឈរ​នៅ​ទាំង​ញាប់‌ញ័រ

12. រួច​លោក​ប្រាប់​ខ្ញុំ​ថា ដានី‌យ៉ែល​អើយ កុំ​ឲ្យ​ខ្លាច​ឡើយ ដ្បិត​ចាប់​តាំង​ពី​ថ្ងៃ​មុន​ដំបូង ដែល​អ្នក​បាន​តាំង​ចិត្ត​រក​យល់ ហើយ​បន្ទាប​ខ្លួន​ចុះ នៅ​ចំពោះ​ព្រះ​នៃ​អ្នក នោះ​ពាក្យ​របស់​អ្នក​ក៏​បាន​ឮ​ហើយ រួច​យើង​ក៏​បាន​មក ដោយ​ព្រោះ​ពាក្យ​នោះ

ដានីយ៉ែល 10