1. នៅឆ្នាំទី៣ ក្នុងរាជ្យនៃស៊ីរូស ជាស្តេចពើស៊ី នោះមានការ១បើកសំដែងឲ្យដានីយ៉ែល ដែលលោកមានឈ្មោះថា បេលថិស្សាសារ ឃើញ ការនោះក៏ពិតប្រាកដគឺជាការសង្គ្រាមយ៉ាងធំ លោកក៏ពិចារណាដំណើរនោះ ហើយបានយល់ចំពោះការជាក់ស្តែង
2. នៅគ្រានោះ ខ្ញុំដានីយ៉ែល ខ្ញុំមានសេចក្ដីទុក្ខព្រួយនៅពេញ៣អាទិត្យ
3. ខ្ញុំមិនបានទទួលទានអ្វីដែលត្រូវចំណុចចិត្ត ក៏មិនមានសាច់ ឬស្រាទំពាំងបាយជូរ ចូលមកក្នុងមាត់ខ្ញុំឡើយ ខ្ញុំក៏មិនបានអប់ខ្លួនដែរ ដរាបដល់ផុត៣អាទិត្យនោះទៅ
4. លុះដល់ថ្ងៃ២៤ខែចេត្រ កាលខ្ញុំនៅមាត់ទន្លេធំ គឺជាទន្លេហ៊ីដេកែល
5. នោះខ្ញុំបានងើបភ្នែកមើលទៅ ឃើញមានមនុស្សម្នាក់ស្លៀកពាក់ដោយសំពត់ទេសឯក ហើយក្រវាត់ចង្កេះដោយមាសសុទ្ធពីស្រុកអ៊ូផាស
6. រូបកាយរបស់អ្នកនោះមើលទៅដូចជាត្បូងបេរីល ហើយមុខមានភាពដូចជាផ្លេកបន្ទោរ ឯភ្នែកក៏ដូចជាចន្លុះដែលឆេះ ដៃ និងជើងដូចជាលង្ហិនខាត់យ៉ាងភ្លឺ ហើយសូរសំឡេងរបស់អ្នកនោះដូចជាសូរនៃជំនុំមនុស្សយ៉ាងធំ
7. គឺខ្ញុំ ដានីយ៉ែលតែឯងដែលឃើញការជាក់ស្តែងនោះ ពួកអ្នកដែលនៅជាមួយនឹងខ្ញុំឥតបានឃើញទេ តែគេកើតមានសេចក្ដីភ័យញ័រជាខ្លាំង ហើយក៏រត់ទៅពួនខ្លួន
8. ដូច្នេះ ខ្ញុំត្រូវចោលឲ្យនៅតែឯង ខ្ញុំក៏ឃើញការជាក់ស្តែងយ៉ាងធំនោះ ហើយបានខ្សោះល្វើយទៅ ទឹកមុខខ្ញុំក៏ផ្លាស់ប្រែទៅជាស្លេកស្លាំងហើយខ្ញុំឥតមានកំឡាំងនៅសល់ឡើយ
9. ប៉ុន្តែខ្ញុំឮសំឡេងនៃពាក្យរបស់អ្នកនោះបាន កាលខ្ញុំបានឮសំឡេងនៃពាក្យនោះរួចហើយ នោះខ្ញុំក៏លង់ស្មារតីទៅ មានមុខផ្កាប់ចុះដល់ដី។
10. នោះមានដៃ១ពាល់ខ្ញុំ ឲ្យខ្ញុំញ័រងើបឡើង ដោយជង្គង់ និងបាតដៃ