6. រីឯក្នុងពួកអ្នកទាំងប៉ុន្មាននោះ មានពួកយូដាខ្លះ គឺមានដានីយ៉ែល១ ហាណានា១ មីសាអែល១ និងអ័សារា១
7. ឯចៅហ្វាយលើពួកកំរៀវ លោកឲ្យមានឈ្មោះផ្សេងវិញ គឺលោកឲ្យដានីយ៉ែលមានឈ្មោះថា បេលថិស្សាសារ ឲ្យហាណានាមានឈ្មោះថា សាដ្រាក់ ឲ្យមីសាអែលមានឈ្មោះថា មែសាក់ ហើយក៏ឲ្យអ័សារាមានឈ្មោះថា អ័បេឌ-នេកោ។
8. ប៉ុន្តែដានីយ៉ែលបានសំរេចក្នុងចិត្តថា មិនព្រមឲ្យខ្លួនសៅហ្មង ដោយអាហាររបស់ស្តេច ឬដោយស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយឡើយ បានជាលោកសូមដល់ចៅហ្វាយលើពួកកំរៀវ ដើម្បីមិនឲ្យខ្លួនត្រូវសៅហ្មងទៅ
9. ព្រះទ្រង់ក៏ធ្វើឲ្យដានីយ៉ែលបានប្រកបដោយសេចក្ដីសប្បុរស និងសេចក្ដីស្រឡាញ់របស់ចៅហ្វាយនោះ
10. ឯចៅហ្វាយលើពួកកំរៀវនោះ ក៏និយាយនឹងដានីយ៉ែលថា យើងខ្លាចព្រះករុណា ជាព្រះអម្ចាស់នៃយើង ដែលទ្រង់បានដំរូវអាហារ និងគ្រឿងផឹកដល់អ្នកណាស់ ចង់ឲ្យទ្រង់ទតឃើញមុខអ្នករាល់គ្នាបានអាក្រក់ជាងពួកកំឡោះៗស្រករនឹងឯងធ្វើអី យ៉ាងនោះ អ្នកនឹងធ្វើឲ្យយើងប្រថុយក្បាលចំពោះស្តេចហើយ
11. នោះដានីយ៉ែលនិយាយដល់អ្នកដំរួត ដែលចៅហ្វាយពួកកំរៀវបានតាំងឲ្យត្រួតលើដានីយ៉ែល ហាណានា មីសាអែល និងអ័សារាថា
12. សូមល្បងលយើងខ្ញុំ ជាអ្នកបំរើលោកបាន១០ថ្ងៃមើល សូមឲ្យគេឲ្យយើងខ្ញុំរាល់គ្នាទទួលទានតែបន្លែ ហើយផឹកទឹកប៉ុណ្ណោះចុះ
13. រួចសូមលោកមើលមុខយើងខ្ញុំ ផ្ទឹមនឹងមុខពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេច ក៏សូមលោកប្រព្រឹត្តនឹងយើងខ្ញុំតាមដែលលោកឃើញចុះ។
14. ដូច្នេះ លោកក៏ស្តាប់តាមគេក្នុងដំណើរនោះ ក៏ល្បងលគេមើលអស់១០ថ្ងៃ
15. លុះដល់ផុត១០ថ្ងៃទៅនោះមុខគេបានស្រស់ជាង ហើយគេមានសាច់ល្អជាងពួកកំឡោះៗ ដែលបរិភោគអាហាររបស់ស្តេចទៅទៀត
16. ដូច្នេះអ្នកដំរួតក៏ដកយកអាហារ និងស្រាទំពាំងបាយជូរដែលសំរាប់ឲ្យគេផឹកចេញទៅ ហើយបានឲ្យតែបន្លែដល់គេវិញ។
17. រីឯមនុស្សកំឡោះទាំង៤នាក់នេះ ព្រះទ្រង់ប្រទានឲ្យគេមានដំរិះ ហើយឲ្យបានឆ្លៀវឆ្លាតក្នុងគ្រប់ទាំងចំណេះនឹងប្រាជ្ញា ឯដានីយ៉ែល លោកក៏មានយោបល់ក្នុងអស់ទាំងការជាក់ស្តែង និងការយល់សប្តិផង