1. នៅឆ្នាំទី៣ ក្នុងរាជ្យយេហូយ៉ាគីម ជាស្តេចយូដា នោះនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ទ្រង់មកឡោមព័ទ្ធច្បាំងនឹងក្រុងយេរូសាឡិម
2. នោះព្រះអម្ចាស់ទ្រង់ប្រគល់យេហូយ៉ាគីម ជាស្តេចយូដាទៅក្នុងកណ្តាប់ដៃនេប៊ូក្នេសា ព្រមទាំងគ្រឿងប្រដាប់១ភាគ ដែលនៅក្នុងព្រះវិហារនៃព្រះផង ហើយទ្រង់ក៏ដឹកនាំទៅឯស្រុកស៊ីណើរ ដាក់ក្នុងវិហាររបស់ព្រះនៃទ្រង់ គឺបាននាំយកគ្រឿងប្រដាប់ទាំងនោះទៅក្នុងឃ្លាំងរបស់ព្រះនៃខ្លួន
3. ស្តេចទ្រង់មានព្រះបន្ទូលបង្គាប់ដល់អាសផ្នាស ជានាយលើពួកកំរៀវរបស់ទ្រង់ ឲ្យនាំពូជស្តេច និងពួកមានត្រកូលខ្ពស់ ក្នុងពួកកូនចៅអ៊ីស្រាអែលចូលមក
4. គឺជាមនុស្សកំឡោះៗដែលឥតមានខ្ចោះអ្វីសោះ ជាអ្នកដែលមានរូបរាងល្អ ហើយចេះស្ទាត់ក្នុងគ្រប់ទាំងចំណេះ ឆាប់យល់ខាងសេចក្ដីជ្រៅជ្រះ មានគំនិតវាងវៃ និងអស់ទាំងអ្នកដែលមានដំរិះ អាចធ្វើការងារក្នុងដំណាក់ស្តេចបាន ក៏ប្រាប់ឲ្យលោកបង្រៀនគេតាមវិជ្ជានឹងភាសារបស់សាសន៍ខាល់ដេ
5. ស្តេចទ្រង់ក៏ដំរូវឲ្យមានចំណែកអាហារហ្លួងចែកដល់គេជារាល់ថ្ងៃ ព្រមទាំងស្រាទំពាំងបាយជូរដែលទ្រង់ធ្លាប់សោយផង ហើយឲ្យចិញ្ចឹមគេយ៉ាងដូច្នោះគ្រប់៣ឆ្នាំ ដើម្បីកាលណាសំរេចពេលកំណត់ហើយ នោះឲ្យគេបានធ្វើការងារនៅចំពោះស្តេច
6. រីឯក្នុងពួកអ្នកទាំងប៉ុន្មាននោះ មានពួកយូដាខ្លះ គឺមានដានីយ៉ែល១ ហាណានា១ មីសាអែល១ និងអ័សារា១
7. ឯចៅហ្វាយលើពួកកំរៀវ លោកឲ្យមានឈ្មោះផ្សេងវិញ គឺលោកឲ្យដានីយ៉ែលមានឈ្មោះថា បេលថិស្សាសារ ឲ្យហាណានាមានឈ្មោះថា សាដ្រាក់ ឲ្យមីសាអែលមានឈ្មោះថា មែសាក់ ហើយក៏ឲ្យអ័សារាមានឈ្មោះថា អ័បេឌ-នេកោ។