5. ដូច្នេះ គេក៏ធ្វើបុណ្យនោះត្រង់ទីរហោស្ថានស៊ីណាយ នៅថ្ងៃ១៤ខែចេត្រ នៅវេលាពេលល្ងាច តាមគ្រប់ទាំងសេចក្ដីដែលព្រះយេហូវ៉ាបានបង្គាប់មកម៉ូសេ គឺពួកកូនចៅអ៊ីស្រាអែលបានធ្វើសំរេចយ៉ាងដូច្នោះ។
6. រីឯមនុស្សខ្លះ គេមានសៅហ្មងដោយខ្មោចស្លាប់ម្នាក់ បានជាគេធ្វើបុណ្យរំលងនៅថ្ងៃនោះមិនបាន គេក៏មកឯម៉ូសេ និងអើរ៉ុន នៅថ្ងៃនោះ
7. រួចជំរាបលោកថា យើងរាល់គ្នាមានសៅហ្មងដោយខ្មោចស្លាប់ម្នាក់ ហេតុអ្វីបានជាឃាត់ មិនឲ្យយើងខ្ញុំយកដង្វាយមកថ្វាយដល់ព្រះយេហូវ៉ា នៅពេលកំណត់ ជាមួយនឹងពួកកូនចៅអ៊ីស្រាអែលផង
8. នោះម៉ូសេប្រាប់គេថា ចាំសិន ទំរាំខ្ញុំឮសេចក្ដីដែលព្រះយេហូវ៉ា ទ្រង់បង្គាប់ពីដំណើរអ្នករាល់គ្នាជាយ៉ាងណា។
9. ព្រះយេហូវ៉ាទ្រង់ក៏បង្គាប់ម៉ូសេ
10. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើសិនជាមនុស្សណាក្នុងពួកឯងរាល់គ្នា ឬក្នុងពូជដំណឯងតទៅ មានសៅហ្មងដោយខ្មោចស្លាប់ ឬគេដើរដំណើរទៅឆ្ងាយក្តី ក៏គង់តែត្រូវធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ
11. គឺត្រូវឲ្យគេធ្វើនៅពេលល្ងាច ក្នុងថ្ងៃ១៤ ខែពិសាខវិញ ត្រូវឲ្យគេបរិភោគបុណ្យនោះជាមួយនឹងនំបុ័ងឥតដំបែរ ហើយនឹងបន្លែល្វីង
12. មិនត្រូវឲ្យទុកអ្វីដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឲ្យសោះ គឺត្រូវធ្វើតាមរបៀបបុណ្យរំលងគ្រប់ចំពូក
13. តែឯមនុស្សណាដែលស្អាត ឥតមានដំណើរទៅឯណា ហើយខានធ្វើបុណ្យរំលង មនុស្សនោះត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកដង្វាយ មកថ្វាយដល់ព្រះយេហូវ៉ានៅវេលាកំណត់មនុស្សនោះនឹងត្រូវទ្រាំទ្រក្នុងអំពើបាបរបស់ខ្លួន
14. បើសិនជាមនុស្សប្រទេសក្រៅ ដែលនៅជាមួយនឹងឯងរាល់គ្នា គេចង់ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យគេធ្វើតាមរបៀប និងបញ្ញត្តច្បាប់របស់បុណ្យរំលងនេះចុះ មានច្បាប់តែ១ទេ ដែលសំរាប់ទាំងអ្នកប្រទេសក្រៅ និងអ្នកកើតក្នុងស្រុកផង។
15. នៅថ្ងៃដែលបានដំឡើងរោងឧបោសថ នោះពពកក៏មកគ្របរោងឧបោសថ គឺជាត្រសាលនៃសេចក្ដីបន្ទាល់ ហើយនៅពេលល្ងាច មានភាពដូចជាភ្លើងវិញ រហូតដល់ព្រឹក