11. គឺត្រូវឲ្យគេធ្វើនៅពេលល្ងាច ក្នុងថ្ងៃ១៤ ខែពិសាខវិញ ត្រូវឲ្យគេបរិភោគបុណ្យនោះជាមួយនឹងនំបុ័ងឥតដំបែរ ហើយនឹងបន្លែល្វីង
12. មិនត្រូវឲ្យទុកអ្វីដល់ព្រឹកឡើយ ក៏មិនត្រូវបំបាក់ឆ្អឹងណាមួយឲ្យសោះ គឺត្រូវធ្វើតាមរបៀបបុណ្យរំលងគ្រប់ចំពូក
13. តែឯមនុស្សណាដែលស្អាត ឥតមានដំណើរទៅឯណា ហើយខានធ្វើបុណ្យរំលង មនុស្សនោះត្រូវកាត់កាល់ចេញពីសាសន៍របស់ខ្លួន ដោយព្រោះមិនបានយកដង្វាយ មកថ្វាយដល់ព្រះយេហូវ៉ានៅវេលាកំណត់មនុស្សនោះនឹងត្រូវទ្រាំទ្រក្នុងអំពើបាបរបស់ខ្លួន
14. បើសិនជាមនុស្សប្រទេសក្រៅ ដែលនៅជាមួយនឹងឯងរាល់គ្នា គេចង់ធ្វើបុណ្យរំលងថ្វាយព្រះយេហូវ៉ាដែរ នោះត្រូវឲ្យគេធ្វើតាមរបៀប និងបញ្ញត្តច្បាប់របស់បុណ្យរំលងនេះចុះ មានច្បាប់តែ១ទេ ដែលសំរាប់ទាំងអ្នកប្រទេសក្រៅ និងអ្នកកើតក្នុងស្រុកផង។
15. នៅថ្ងៃដែលបានដំឡើងរោងឧបោសថ នោះពពកក៏មកគ្របរោងឧបោសថ គឺជាត្រសាលនៃសេចក្ដីបន្ទាល់ ហើយនៅពេលល្ងាច មានភាពដូចជាភ្លើងវិញ រហូតដល់ព្រឹក
16. ក៏មានដូច្នោះនៅជានិច្ច គឺមានពពកគ្របរោងឧបោសថ ហើយនៅពេលយប់ មានដូចជាភ្លើងវិញ
17. បើកាលណាពពកឡើងផុតពីត្រសាល នោះពួកកូនចៅអ៊ីស្រាអែល ក៏ធ្វើដំណើរទៅ ហើយនៅកន្លែងណាដែលពពកឈប់ នោះពួកកូនចៅអ៊ីស្រាអែល ក៏ដំឡើងត្រសាលនៅទីនោះ
18. ដូច្នេះ គឺតាមបង្គាប់ព្រះយេហូវ៉ា ដែលពួកកូនចៅអ៊ីស្រាអែលបានធ្វើដំណើរទៅ ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេឈប់ដំឡើងត្រសាលនៅ បើពពកនៅលើរោងឧបោសថជាយូរប៉ុណ្ណា នោះគេក៏ចេះតែនៅជាដរាបទៅប៉ុណ្ណោះឯង
19. កាលណាពពកនៅលើរោងឧបោសថជាយូរថ្ងៃ នោះពួកកូនចៅអ៊ីស្រាអែលគេក៏រក្សាបញ្ញើរបស់ព្រះយេហូវ៉ា ឥតមានធ្វើដំណើរទៅឯណាទេ
20. ជួនកាលពពកនៅលើរោងឧបោសថតែបួនដប់ថ្ងៃ នោះគេក៏តាំងនៅតាមបង្គាប់ព្រះយេហូវ៉ា រួចដែលចេញដំណើរទៅ ក៏តាមបង្គាប់ព្រះយេហូវ៉ាដែរ
21. ហើយជួនកាលពពកគ្រាន់តែនៅពីល្ងាចដល់ព្រឹក រួចព្រឹកឡើង កាលណាបានឡើងផុតទៅ នោះគេក៏ចេញដំណើរទៅ កាលណាពពកបានឡើងផុតទៅ ទោះបើជាពេលថ្ងៃ ឬយប់ក្តី គង់តែគេក៏ចេញដំណើរទៅដែរ
22. ឬបើជា២ថ្ងៃ ឬ១ខែ ឬ១ឆ្នាំ ដែលពពកនៅជាប់លើរោងឧបោសថឥតរើទៅឯណា នោះពួកកូនចៅអ៊ីស្រាអែលក៏ចេះតែនៅទីនោះជាដរាប ឥតធ្វើដំណើរទៅឯណាឡើយ តែវេលាណាដែលពពកឡើងផុតវិញ នោះទើបគេចេញដំណើរទៅ
23. គឺតាមតែបង្គាប់ព្រះយេហូវ៉ា ដែលគេដំឡើងត្រសាល ហើយក៏តាមបង្គាប់ព្រះយេហូវ៉ា ដែលគេចេញដំណើរទៅ គេក៏ស្តាប់បង្គាប់នៃព្រះយេហូវ៉ា តាមដែលទ្រង់មានព្រះបន្ទូលមកដោយសារម៉ូសេ។