4. ឯរបៀបធ្វើជើងចង្កៀងនោះគឺធ្វើពីមាស មានរចនាក្បាច់ ចាប់តាំងពីគល់រហូតដល់ផ្កាសុទ្ធតែជាវិចិត្រ ដោយក្បាច់ទាំងអស់ តាមគំរូដែលព្រះយេហូវ៉ាបានបង្ហាញមកម៉ូសេ លោកក៏ធ្វើជើងចង្កៀងយ៉ាងដូច្នោះ។
5. ព្រះយេហូវ៉ាទ្រង់បង្គាប់ដល់ម៉ូសេថា
6. ចូរយកពួកលេវីពីពួកកូនចៅអ៊ីស្រាអែល ហើយញែកគេចេញជាស្អាត
7. គឺត្រូវឲ្យសំអាតគេយ៉ាងដូច្នេះ ត្រូវប្រោះទឹកសំអាតបាបទៅលើគេ រួចឲ្យគេកោរសក់ និងរោមនៅខ្លួនចេញទាំងអស់ ត្រូវឲ្យបោកសំលៀកបំពាក់ ហើយសំអាតខ្លួនផង
8. រួចត្រូវឲ្យគេយកគោឈ្មោលស្ទាវ១ ព្រមទាំងដង្វាយម្សៅ គឺជាម្សៅយ៉ាងម៉ដ្ត លាយដោយប្រេង ហើយយកគោឈ្មោលស្ទាវ១ទៀត សំរាប់ជាដង្វាយលោះបាប
9. រួចត្រូវនាំពួកលេវីមកនៅមុខត្រសាលជំនុំ ហើយប្រមូលពួកជំនុំនៃកូនចៅអ៊ីស្រាអែលទាំងអស់មក
10. នោះត្រូវនាំពួកលេវីមកនៅចំពោះព្រះយេហូវ៉ា ឲ្យពួកកូនចៅអ៊ីស្រាអែលដាក់ដៃលើគេ
11. រួចត្រូវឲ្យអើរ៉ុនថ្វាយពួកលេវី ទុកជាដង្វាយរបស់ពួកកូនចៅអ៊ីស្រាអែលនៅចំពោះព្រះយេហូវ៉ា ដើម្បីឲ្យគេបានធ្វើការងារថ្វាយព្រះយេហូវ៉ា
12. នោះត្រូវឲ្យពួកលេវីដាក់ដៃលើក្បាលគោទាំង២នោះ ហើយត្រូវឲ្យឯង ថ្វាយ១ជាដង្វាយលោះបាប និង១ទៀតជាដង្វាយដុតថ្វាយព្រះយេហូវ៉ា ដើម្បីឲ្យធួននឹងពួកលេវី