ជនគណនា 6:8-18 ព្រះគម្ពីរបរិសុទ្ធ (KHOV)

8. នៅ​វេលា​ដែល​ញែក​ខ្លួន​ចេញ នោះ​តែង​ជា​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជានិច្ច

9. បើ​មាន​មនុស្ស​ណា​ស្លាប់​ភ្លាម​១​រំពេច​នៅ​ជិត​ខ្លួន ធ្វើ​ឲ្យ​ខូច​ការ​ញែក​ខ្លួន​ចេញ នោះ​ត្រូវ​កោរ​សក់​ចេញ​ក្នុង​ថ្ងៃ​ដែល​បាន​ញែក​ជា​ស្អាត​វិញ គឺ​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ទី​៧

10. រួច​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

11. ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប ហើយ​១​ទៀត​ជា​ដង្វាយ​ដុត ដើម្បី​ឲ្យ​ធួន​នឹង​អ្នក​នោះ ដោយ​ព្រោះ​កំហុស ដែល​បាន​ធ្វើ​ពី​ដំណើរ​ខ្មោច​ស្លាប់​នោះ ព្រម​ទាំង​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ​ឯង

12. រួច​ត្រូវ​ឲ្យ​អ្នក​នោះ​បន់​កំណត់​ពេល​វេលា ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា ជា​ថ្មី​ទៀត ហើយ​ត្រូវ​យក​កូន​ចៀម អាយុ​១​ខួប មក​សំរាប់​ជា​ដង្វាយ ដោយ​ព្រោះ​ការ​រំលង ដ្បិត​ថ្ងៃ​មុន​ទាំង​ប៉ុន្មាន​បាន​សាប‌សូន្យ​ហើយ ពី​ព្រោះ​បាន​ខូច​សេចក្ដី​បរិសុទ្ធ​ខ្លួន​ហើយ។

13. នេះ​ជា​ច្បាប់​នៃ​ពួក​ន៉ាសារីតក្នុង​កាល​ដែល​កំណត់​ញែក​ខ្លួន​ចេញ​នោះ​បាន​សំរេច​ហើយ ត្រូវ​ឲ្យ​នាំ​អ្នក​នោះ​ទៅ​ឯ​មាត់​ទ្វារ​ត្រសាល​ជំនុំ

14. ហើយ​អ្នក​នោះ​ត្រូវ​ថ្វាយ​ដង្វាយ​របស់​ខ្លួន ដល់​ព្រះ‌យេហូវ៉ា គឺ​កូន​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ​អាយុ​១​ខួប​សំរាប់​ជា​ដង្វាយ​ដុត និង​កូន​ចៀម​ញី​១​ឥត​ខ្ចោះ​អាយុ​១​ខួប សំរាប់​ជា​ដង្វាយ​លោះ​បាប ហើយ​ចៀម​ឈ្មោល​១​ឥត​ខ្ចោះ សំរាប់​ជា​ដង្វាយ​មេត្រី

15. និង​កញ្ច្រែង​១​ផ្ទុក​ដោយ​នំបុ័ង​ឥត​ដំបែ នំ​ធ្វើ​ពី​ម្សៅ​យ៉ាង​ម៉ដ្ត​លាយ​ដោយ​ប្រេង នំ​ក្រៀប​ឥត​ដំបែរ​ប្រោះ​ដោយ​ប្រេង ហើយ​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​នោះ​ផង

16. រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ទាំង​អស់ ទៅ​ថ្វាយ​នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ព្រម​ទាំង​ដង្វាយ​លោះ​បាប និង​ដង្វាយ​ដុត​របស់​អ្នក​នោះ​ដែរ

17. ក៏​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល ជា​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី ដល់​ព្រះ‌យេហូវ៉ា ព្រម​ទាំង​កញ្ច្រែង​នំបុ័ង​ឥត​ដំបែ​ផង ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​ដង្វាយ​ម្សៅ និង​ដង្វាយ​ច្រួច​ដែរ

18. នោះ​អ្នក​ន៉ាសារីត​ត្រូវ​កោរ​សក់ នៃ​ការ​ញែក​ខ្លួន​ចេញ​នៅ​ត្រង់​មាត់​ទ្វារ​ត្រសាល​ជំនុំ រួច​យក​សក់​ដែល​បាន​ទុក​ក្នុង​វេលា​ញែក​ខ្លួន​ចេញ​នោះ ទៅ​ដាក់​លើ​ភ្លើង​ដែល​ឆេះ​នៅ​ក្រោម​យញ្ញ‌បូជា​នៃ​ដង្វាយ​មេត្រី

ជនគណនា 6