ជនគណនា 6:1-11 ព្រះគម្ពីរបរិសុទ្ធ (KHOV)

1. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

2. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​មនុស្ស​ប្រុស ឬ​ស្រី​ណា​នឹង​ញែក​ខ្លួន​ចេញ ដោយ​បន់​បំណន់​របស់​ពួក​ន៉ាសារីត ដើម្បី​នឹង​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា

3. នោះ​ត្រូវ​ញែក​ខ្លួន​ឲ្យ​ផុត​ចេញ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ និង​គ្រឿង​ស្រវឹង មិន​ត្រូវ​បរិភោគ​ទឹក‌ខ្មេះ ដែល​ធ្វើ​ពី​ស្រា​ទំពាំង‌បាយ‌ជូរ ឬ​ទឹក‌ខ្មេះ​ដែល​ធ្វើ​ពី​គ្រឿង​ស្រវឹង​ណា​នីមួយ​ឡើយ ក៏​មិន​ត្រូវ​ផឹក​ទឹក​ទំពាំង‌បាយ‌ជូរ ឬ​បរិភោគ​ផ្លែ​ទំពាំង‌បាយ‌ជូរ ទោះ​ស្រស់ ឬ​ក្រៀម​ផង

4. ក្នុង​វេលា​ដែល​ញែក​ខ្លួន​ចេញ​ដូច្នេះ នោះ​មិន​ត្រូវ​បរិភោគ​អ្វី ដែល​ធ្វើ​ពី​ទំពាំង‌បាយ‌ជូរ​ឡើយ ចាប់​តាំង​ពី​គ្រាប់​ទៅ​ដល់​សំបក​ផង

5. នៅ​វេលា​ដែល​ញែក​ខ្លួន​ដោយ​បន់​បំណន់ នោះ​មិន​ត្រូវ​ទាំង​ឲ្យ​កាំបិត​មក​ប៉ះ​សក់​ផង ត្រូវ​ឲ្យ​បាន​បរិសុទ្ធ ដរាប​ដល់​បាន​សំរេច​កំណត់​ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា គឺ​ត្រូវ​ទុក​ឲ្យ​សក់​ដុះ​វែង

6. នៅ​វេលា​ដែល​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ‌យេហូវ៉ា នោះ​មិន​ត្រូវ​ទៅ​ជិត​ខ្មោច​ស្លាប់​ណា​មួយ​ឡើយ

7. គឺ​មិន​ត្រូវ​ឲ្យ​ខ្លួន​សៅ‌ហ្មង​ដោយ​ព្រោះ​ឪពុក​ម្តាយ ឬ​បង​ប្អូន​ប្រុស​ស្រី ក្នុង​កាល​ដែល​គេ​ស្លាប់​នោះ​ឡើយ ដ្បិត​ជាប់​ការ​ញែក​ខ្លួន​ចេញ​ថ្វាយ​ព្រះ​ហើយ

8. នៅ​វេលា​ដែល​ញែក​ខ្លួន​ចេញ នោះ​តែង​ជា​បរិសុទ្ធ​ដល់​ព្រះ‌យេហូវ៉ា​ជានិច្ច

9. បើ​មាន​មនុស្ស​ណា​ស្លាប់​ភ្លាម​១​រំពេច​នៅ​ជិត​ខ្លួន ធ្វើ​ឲ្យ​ខូច​ការ​ញែក​ខ្លួន​ចេញ នោះ​ត្រូវ​កោរ​សក់​ចេញ​ក្នុង​ថ្ងៃ​ដែល​បាន​ញែក​ជា​ស្អាត​វិញ គឺ​ត្រូវ​កោរ​សក់​នៅ​ថ្ងៃ​ទី​៧

10. រួច​ដល់​ថ្ងៃ​ទី​៨ ត្រូវ​យក​លលក​២ ឬ​ព្រាប​ជំទើរ​២ ទៅ​ប្រគល់​ដល់​សង្ឃ​នៅ​មាត់​ទ្វារ​ត្រសាល​ជំនុំ

11. ត្រូវ​ឲ្យ​សង្ឃ​ថ្វាយ​១​ជា​ដង្វាយ​លោះ​បាប ហើយ​១​ទៀត​ជា​ដង្វាយ​ដុត ដើម្បី​ឲ្យ​ធួន​នឹង​អ្នក​នោះ ដោយ​ព្រោះ​កំហុស ដែល​បាន​ធ្វើ​ពី​ដំណើរ​ខ្មោច​ស្លាប់​នោះ ព្រម​ទាំង​ញែក​អ្នក​នោះ​ចេញ​ជា​បរិសុទ្ធ​នៅ​ថ្ងៃ​នោះ​ឯង

ជនគណនា 6