1. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
2. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា កាលណាមនុស្សប្រុស ឬស្រីណានឹងញែកខ្លួនចេញ ដោយបន់បំណន់របស់ពួកន៉ាសារីត ដើម្បីនឹងញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា
3. នោះត្រូវញែកខ្លួនឲ្យផុតចេញពីស្រាទំពាំងបាយជូរ និងគ្រឿងស្រវឹង មិនត្រូវបរិភោគទឹកខ្មេះ ដែលធ្វើពីស្រាទំពាំងបាយជូរ ឬទឹកខ្មេះដែលធ្វើពីគ្រឿងស្រវឹងណានីមួយឡើយ ក៏មិនត្រូវផឹកទឹកទំពាំងបាយជូរ ឬបរិភោគផ្លែទំពាំងបាយជូរ ទោះស្រស់ ឬក្រៀមផង
4. ក្នុងវេលាដែលញែកខ្លួនចេញដូច្នេះ នោះមិនត្រូវបរិភោគអ្វី ដែលធ្វើពីទំពាំងបាយជូរឡើយ ចាប់តាំងពីគ្រាប់ទៅដល់សំបកផង
5. នៅវេលាដែលញែកខ្លួនដោយបន់បំណន់ នោះមិនត្រូវទាំងឲ្យកាំបិតមកប៉ះសក់ផង ត្រូវឲ្យបានបរិសុទ្ធ ដរាបដល់បានសំរេចកំណត់ដែលញែកខ្លួនចេញថ្វាយដល់ព្រះយេហូវ៉ា គឺត្រូវទុកឲ្យសក់ដុះវែង
6. នៅវេលាដែលញែកខ្លួនចេញថ្វាយព្រះយេហូវ៉ា នោះមិនត្រូវទៅជិតខ្មោចស្លាប់ណាមួយឡើយ
7. គឺមិនត្រូវឲ្យខ្លួនសៅហ្មងដោយព្រោះឪពុកម្តាយ ឬបងប្អូនប្រុសស្រី ក្នុងកាលដែលគេស្លាប់នោះឡើយ ដ្បិតជាប់ការញែកខ្លួនចេញថ្វាយព្រះហើយ
8. នៅវេលាដែលញែកខ្លួនចេញ នោះតែងជាបរិសុទ្ធដល់ព្រះយេហូវ៉ាជានិច្ច
9. បើមានមនុស្សណាស្លាប់ភ្លាម១រំពេចនៅជិតខ្លួន ធ្វើឲ្យខូចការញែកខ្លួនចេញ នោះត្រូវកោរសក់ចេញក្នុងថ្ងៃដែលបានញែកជាស្អាតវិញ គឺត្រូវកោរសក់នៅថ្ងៃទី៧
10. រួចដល់ថ្ងៃទី៨ ត្រូវយកលលក២ ឬព្រាបជំទើរ២ ទៅប្រគល់ដល់សង្ឃនៅមាត់ទ្វារត្រសាលជំនុំ