6. បើកាលណាមនុស្សប្រុសឬស្រី នឹងប្រព្រឹត្តអំពើបាបទាស់នឹងអ្នកណា ទាំងប្រព្រឹត្តរំលងចំពោះព្រះយេហូវ៉ាផង ហើយមានទោសដូច្នោះ
7. នោះត្រូវឲ្យលន់តួបាបដែលខ្លួនបានប្រព្រឹត្ត ហើយប្រគល់អ្វីៗនោះទៅវិញទាំងមូល ព្រមទាំងថែម១ភាគក្នុង៥ទៀត ឲ្យដល់អ្នកដែលខ្លួនមានទោសចំពោះគេផង
8. តែបើគ្មានអ្នកណាមានច្បាប់នឹងទទួលសំណងដែលខ្លួនសង ដើម្បីនឹងលោះបាបខ្លួននោះទេ នោះសំណងដែលសងដល់ព្រះយេហូវ៉ា ដោយព្រោះទោសខ្លួន នឹងត្រូវបានជារបស់សង្ឃវិញ ព្រមទាំងពពែឈ្មោលដែលសំរាប់ឲ្យធួននឹងបាប ដែលត្រូវថ្វាយឲ្យធួននឹងខ្លួននោះផង
9. ហើយគ្រប់ទាំងដង្វាយដែលថ្វាយដោយលើកចុះឡើង ពីដង្វាយបរិសុទ្ធនៃពួកកូនចៅអ៊ីស្រាអែល ដែលគេនាំយកមកប្រគល់ដល់សង្ឃ នោះត្រូវបានជារបស់ផងលោក
10. ហើយអស់ទាំងរបស់អ្វីដែលមនុស្សណានឹងញែកជាបរិសុទ្ធ គឺរបស់ណាក៏ដោយដែលមនុស្សនឹងប្រគល់ដល់សង្ឃ នោះត្រូវបានជារបស់ផងលោកហើយ។
11. ព្រះយេហូវ៉ាទ្រង់បង្គាប់ម៉ូសេ
12. ឲ្យប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា បើប្រពន្ធរបស់អ្នកណាបែរចេញទៅប្រព្រឹត្តក្បត់នឹងប្ដី
13. ហើយមានអ្នកណាសេពសម្ភពនឹងនាង តែការនោះនៅកំបាំងនឹងភ្នែកប្ដី ឥតអ្នកណាមួយដឹងសោះ គឺនាងបានទៅជាសៅហ្មង ដោយស្ងាត់កំបាំង ហើយគ្មានអ្នកធ្វើបន្ទាល់ទាស់នឹងនាង ក៏គ្មានអ្នកណាមួយបានទាន់ដែរ
14. រួចប្ដីកើតមានចិត្តប្រចណ្ឌនឹងប្រពន្ធ ដោយមានសេចក្ដីសង្ស័យ ហើយនាងក៏សៅហ្មងមែន ឬបើប្ដីកើតមានចិត្តប្រចណ្ឌ ដោយមានសេចក្ដីសង្ស័យ តែប្រពន្ធមិនបានសៅហ្មងទេ
15. នោះប្ដីត្រូវនាំប្រពន្ធខ្លួនទៅឯសង្ឃ ព្រមទាំងយកដង្វាយ ជាម្សៅឱក១ខ្ញឹងសំរាប់ប្រពន្ធផង មិនត្រូវចាក់ប្រេង ឬដាក់កំញានពីលើទេ ដ្បិតជាដង្វាយខាងឯសេចក្ដីប្រចណ្ឌ ទុកជាដង្វាយរំឭក សំរាប់នឹងរំឭកពីអំពើដ៏លាមក
16. ត្រូវឲ្យសង្ឃនាំនាងនោះមកជិត ឲ្យឈរនៅចំពោះព្រះយេហូវ៉ា
17. រួចត្រូវយកទឹកបរិសុទ្ធចាក់ក្នុងចានដី ហើយយកធូលីដីក្នុងរោងឧបោសថដាក់ចុះក្នុងទឹកនោះ
18. ត្រូវឲ្យសង្ឃឲ្យនាងឈរនៅចំពោះព្រះយេហូវ៉ា ហើយបើកក្បាលនៅទទេ រួចត្រូវដាក់ជាដង្វាយរំឭក គឺជាដង្វាយខាងឯសេចក្ដីប្រចណ្ឌនោះនៅបាតដៃនាង ហើយសង្ឃត្រូវកាន់ទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានោះនៅក្នុងដៃ
19. រួចត្រូវឲ្យនាងស្បថ ដោយប្រាប់ថា បើគ្មានប្រុសដទៃណារួមដំណេកនឹងនាង ឬបើនាងមិនបានបែរទៅឯសេចក្ដីសៅហ្មង ដើម្បីនឹងក្បត់ប្ដីទេ នោះឲ្យនាងរួចពីទឹកល្វីង ដែលនាំឲ្យត្រូវបណ្តាសានេះចុះ
20. តែបើនាង ដែលនៅក្រោមអំណាចប្ដី បានបែរចេញទៅរួមដំណេកនឹងប្រុសដទៃណាក្រៅពីប្ដីខ្លួន ឲ្យមានសេចក្ដីសៅហ្មងវិញ