ជនគណនា 5:20-29 ព្រះគម្ពីរបរិសុទ្ធ (KHOV)

20. តែ​បើ​នាង ដែល​នៅ​ក្រោម​អំណាច​ប្ដី បាន​បែរ​ចេញ​ទៅ​រួម​ដំណេក​នឹង​ប្រុស​ដទៃ​ណា​ក្រៅ​ពី​ប្ដី​ខ្លួន ឲ្យ​មាន​សេចក្ដី​សៅ‌ហ្មង​វិញ

21. យ៉ាង​នោះ​សង្ឃ​ត្រូវ​ឲ្យ​នាង​ស្បថ ដោយ​សម្បថ​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា រួច​នឹង​បញ្ចេញ​វាចា​ថា សូម​ព្រះ‌យេហូវ៉ា​ធ្វើ​ឲ្យ​នាង​ទៅ​ជា​អ្នក​រង​ពាក្យ​ដំនៀល និង​ពាក្យ​ប្រមាថ​នៅ​ក្នុង​សាសន៍​របស់​ខ្លួន​ចុះ ដោយ​ព្រះ‌យេហូវ៉ា​ទ្រង់​ធ្វើ​ឲ្យ​ភ្លៅ​នាង​រលួយ ហើយ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង

22. ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នេះ នឹង​ចូល​ទៅ​ក្នុង​ពោះ​នាង ព្រម​ទាំង​ធ្វើ​ឲ្យ​ពោះ​នាង​ហើម​ប៉ោង​ឡើង ហើយ​ឲ្យ​ភ្លៅ​នាង​រលួយ​ទៅ រួច​ស្ត្រី​នោះ​ត្រូវ​ទទួល​ថា អាម៉ែន អាម៉ែន

23. ត្រូវ​ឲ្យ​សង្ឃ​នោះ​កត់​សេចក្ដី​បណ្តាសា​ទាំង​នេះ ចុះ​ក្នុង​សៀវភៅ ហើយ​យក​ទឹក​ល្វីង​មក​លុប​ចេញ

24. រួច​ត្រូវ​ឲ្យ​នាង​ផឹក​ទឹក​ល្វីង​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​ទៅ ទឹក​នោះ​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង

25. រួច​ត្រូវ​ឲ្យ​សង្ឃ​យក​ដង្វាយ​នោះ ដែល​ត្រូវ​ខាង​សេចក្ដី​ប្រចណ្ឌ ពី​ដៃ​នាង​មក​គ្រវី​ថ្វាយ នៅ​ចំពោះ​ព្រះ‌យេហូវ៉ា ហើយ​យក​ទៅ​ឯ​អាស‌នា

26. នោះ​ត្រូវ​ឲ្យ​សង្ឃ​យក​ម្សៅ ពី​ដង្វាយ​នោះ​១​ក្តាប់ ទុក​ជា​សេចក្ដី​រំឭក​ទៅ​ដុត​លើ​អាស‌នា រួច​សឹម​ឲ្យ​នាង​ផឹក​ទឹក​នោះ

27. កាល​ណា​បាន​ឲ្យ​ផឹក​ទឹក​រួច​ហើយ បើ​នាង​មាន​សៅ‌ហ្មង​មែន ដោយ​បាន​ក្បត់​ប្ដី នោះ​ទឹក​ដែល​នាំ​ឲ្យ​ត្រូវ​បណ្តាសា​នឹង​ចូល​ទៅ​ក្នុង​នាង ត្រឡប់​ទៅ​ជា​ល្វីង ពោះ​នាង​នឹង​ហើម​ប៉ោង​ឡើង ហើយ​ភ្លៅ​នាង​នឹង​រលួយ​ទៅ នាង​នឹង​ទៅ​ជា​អ្នក​រង​សេចក្ដី​ដំនៀល​ទៅ​ក្នុង​សាសន៍​របស់​ខ្លួន

28. តែ​បើ​មិន​បាន​សៅ‌ហ្មង​ទេ គឺ​នាង​បរិសុទ្ធ​ស្អាត​វិញ នោះ​នឹង​បាន​រួច ហើយ​នឹង​មាន​កូន​ផង

29. នេះ​ហើយ​ជា​ច្បាប់ ខាង​ឯ​សេចក្ដី​ប្រចណ្ឌ កាល​ណា​ស្ត្រី​ណា ដែល​នៅ​ក្រោម​អំណាច​ប្ដី នឹង​បែរ​ចេញ​ទៅ​ក្បត់​ប្ដី​ខ្លួន​ឲ្យ​មាន​សៅ‌ហ្មង

ជនគណនា 5