2. ចូររាប់ចំនួនពួកកូនចៅកេហាត់ ញែកគេចេញពីពួកកូនចៅលេវីទាំងប៉ុន្មាន តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
3. ចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
4. ឯក្រសួងរបស់ពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ នោះគឺខាងឯរបស់បរិសុទ្ធបំផុត
5. កាលណាពួកជំនុំរៀបដំណើរចេញទៅ នោះអើរ៉ុន និងពួកកូនលោក ត្រូវចូលទៅដោះវាំងនន ដែលបិទបាំង យកទៅគ្របលើហឹប នៃសេចក្ដីបន្ទាល់
6. រួចត្រូវគ្របដោយស្បែកផ្សោត ហើយក្រាលសំពត់ពណ៌ផ្ទៃមេឃពីលើ ទើបព្រហកឈើស្នែងចូលទៅ
7. ត្រូវឲ្យគេក្រាលសំពត់ពណ៌ផ្ទៃមេឃ នៅលើតុនៃនំបុ័ងតាំងទុក ហើយដាក់ថាស ចាន ពែង និងប៉ាន់ ដែលសំរាប់ដង្វាយច្រួច ព្រមទាំងនំបុ័ង ដែលដាក់ជាអចិន្ត្រៃយ៍នៅលើតុនោះដែរ
8. រួចត្រូវក្រាលសំពត់ពណ៌ក្រហមលើរបស់ទាំងនោះ ទាំងគ្របដោយស្បែកផ្សោតពីលើទៀត រួចព្រហកឈើស្នែងចូលទៅ
9. ក៏ត្រូវយកសំពត់ពណ៌ផ្ទៃមេឃ គ្របពីលើជើងដែលសំរាប់ដាក់ចង្កៀង ព្រមទាំងចង្កៀង ឃ្នាបប្រឆេះ កន្ថោររងកំទេច និងដបប្រេងទាំងប៉ុន្មាន ដែលសំរាប់ការថែចង្កៀងនោះផង
10. រួចត្រូវឲ្យគេយកចង្កៀង និងប្រដាប់ទាំងនោះ ដាក់ក្នុងស្បែកផ្សោត ហើយស៊កឈើស្នែងចូល
11. ឯអាសនាមាស នោះត្រូវឲ្យក្រាលសំពត់ពណ៌ផ្ទៃមេឃនៅពីលើ ហើយគ្របដោយស្បែកផ្សោត រួចព្រហកឈើស្នែងចូលដែរ
12. ត្រូវយកប្រដាប់ប្រដាទាំងអស់ ដែលសំរាប់ប្រើក្នុងទីបរិសុទ្ធ ទៅដាក់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយគ្របនឹងស្បែកផ្សោត រួចស៊កឈើស្នែងចូល
13. ត្រូវកាយផេះពីអាសនាចេញ ហើយក្រាលសំពត់ពណ៌ស្វាយពីលើ
14. ព្រមទាំងដាក់ប្រដាប់ប្រដាដែលសំរាប់ប្រើនៅអាសនានេះផង គឺជើងពាន សម ចបចូក ផើង និងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយព្រហកឈើស្នែងចូល
15. កាលណាអើរ៉ុន និងពួកកូនលោកបានគ្របទីបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានជាស្រេចហើយ ក្នុងវេលាដែលពួកជំនុំរៀបដំណើរចេញទៅ នោះពួកកូនចៅកេហាត់ ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឲ្យពាល់ដល់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់ របស់ទាំងនោះជាបន្ទុកលើពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ។
16. ឯអេលាសារជាកូនអើរ៉ុនដ៏ជាសង្ឃ នោះត្រូវត្រួតខាងប្រេងសំរាប់ចង្កៀង គ្រឿងក្រអូប ដង្វាយម្សៅដែលថ្វាយជានិច្ច និងប្រេងចាក់លាប ហើយត្រូវត្រួតត្រាលើរោងឧបោសថទាំងមូល ព្រមទាំងប្រដាប់ប្រដានៅក្នុងរោងនោះទាំងប៉ុន្មាន និងទីបរិសុទ្ធ ហើយប្រដាប់ប្រដាសំរាប់ទីនោះផង។
17. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
18. កុំឲ្យកាត់ពូជគ្រួសារកេហាត់ឲ្យបាត់ពីពួកលេវីឡើយ
19. គឺត្រូវធ្វើនឹងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ឥតត្រូវស្លាប់ឡើយ ក្នុងកាលដែលគេចូលទៅឯរបស់ទាំងប៉ុន្មាន ដែលបរិសុទ្ធបំផុត គឺត្រូវឲ្យអើរ៉ុន និងពួកកូនលោក ចូលទៅដំរូវការងារ និងបន្ទុកឲ្យគេរៀងខ្លួន