12. ត្រូវយកប្រដាប់ប្រដាទាំងអស់ ដែលសំរាប់ប្រើក្នុងទីបរិសុទ្ធ ទៅដាក់ក្នុងសំពត់ពណ៌ផ្ទៃមេឃ ហើយគ្របនឹងស្បែកផ្សោត រួចស៊កឈើស្នែងចូល
13. ត្រូវកាយផេះពីអាសនាចេញ ហើយក្រាលសំពត់ពណ៌ស្វាយពីលើ
14. ព្រមទាំងដាក់ប្រដាប់ប្រដាដែលសំរាប់ប្រើនៅអាសនានេះផង គឺជើងពាន សម ចបចូក ផើង និងអស់ទាំងប្រដាប់ប្រដានៃអាសនានោះ រួចត្រូវក្រាលស្បែកផ្សោតពីលើ ហើយព្រហកឈើស្នែងចូល
15. កាលណាអើរ៉ុន និងពួកកូនលោកបានគ្របទីបរិសុទ្ធ ព្រមទាំងប្រដាប់ប្រដាទាំងប៉ុន្មានជាស្រេចហើយ ក្នុងវេលាដែលពួកជំនុំរៀបដំណើរចេញទៅ នោះពួកកូនចៅកេហាត់ ត្រូវមកលីសែងរបស់ទាំងនោះ តែមិនត្រូវឲ្យពាល់ដល់បរិសុទ្ធណាមួយឡើយ ក្រែងត្រូវស្លាប់ របស់ទាំងនោះជាបន្ទុកលើពួកកូនចៅកេហាត់ក្នុងត្រសាលជំនុំ។
16. ឯអេលាសារជាកូនអើរ៉ុនដ៏ជាសង្ឃ នោះត្រូវត្រួតខាងប្រេងសំរាប់ចង្កៀង គ្រឿងក្រអូប ដង្វាយម្សៅដែលថ្វាយជានិច្ច និងប្រេងចាក់លាប ហើយត្រូវត្រួតត្រាលើរោងឧបោសថទាំងមូល ព្រមទាំងប្រដាប់ប្រដានៅក្នុងរោងនោះទាំងប៉ុន្មាន និងទីបរិសុទ្ធ ហើយប្រដាប់ប្រដាសំរាប់ទីនោះផង។
17. ព្រះយេហូវ៉ា ទ្រង់មានព្រះបន្ទូលនឹងម៉ូសេ ហើយនឹងអើរ៉ុនថា
18. កុំឲ្យកាត់ពូជគ្រួសារកេហាត់ឲ្យបាត់ពីពួកលេវីឡើយ
19. គឺត្រូវធ្វើនឹងគេយ៉ាងនេះវិញ ដើម្បីឲ្យគេរស់នៅ ឥតត្រូវស្លាប់ឡើយ ក្នុងកាលដែលគេចូលទៅឯរបស់ទាំងប៉ុន្មាន ដែលបរិសុទ្ធបំផុត គឺត្រូវឲ្យអើរ៉ុន និងពួកកូនលោក ចូលទៅដំរូវការងារ និងបន្ទុកឲ្យគេរៀងខ្លួន
20. តែមិនត្រូវឲ្យគេចូលទៅមើល កំពុងដែលគ្របរបស់បរិសុទ្ធទាំងប៉ុន្មានឡើយ ក្រែងត្រូវស្លាប់។
21. ព្រះយេហូវ៉ា ទ្រង់បង្គាប់ដល់ម៉ូសេថា
22. ចូររាប់ចំនួននៃពួកកូនចៅគើសុនដែរ តាមគ្រួសារ តាមវង្សានុវង្សរបស់ឪពុកគេ
23. ត្រូវរាប់គេចាប់តាំងពីអាយុ៣០ឆ្នាំឡើងទៅ រហូតដល់៥០ឆ្នាំ គឺអស់អ្នកដែលត្រូវទទួលការងារក្នុងត្រសាលជំនុំបាន
24. ឯក្រសួងរបស់ពួកគ្រួសារគើសុន នោះគឺជាការបំរើ និងការលីសែងផង
25. ត្រូវឲ្យគេសែងផ្ទាំងសំពត់ទាំងប៉ុន្មាន ដែលសំរាប់រោងឧបោសថ ព្រមទាំងត្រសាលជំនុំ និងគំរបនៃត្រសាល គំរបស្បែកផ្សោតដែលគ្របពីលើ ហើយនឹងរនាំងបាំងមាត់ទ្វារត្រសាលជំនុំ
26. រនាំងទីលាន រនាំងបាំងមាត់ទ្វារទីលាន ដែលនៅព័ទ្ធជុំវិញរោងឧបោសថ ហើយនឹងអាសនា និងអស់ទាំងខ្សែ ប្រដាប់ប្រដាសំរាប់ការងារទាំងប៉ុន្មាន ហើយគ្រប់ទាំងរបស់អ្វីផ្សេងៗឯទៀត គឺការនោះឯងដែលគេត្រូវបំរើ