4. រួចដល់ឆ្នាំសោមនស្សនៃពួកកូនចៅអ៊ីស្រាអែល នោះមរដករបស់គេ នឹងត្រូវរាប់បញ្ចូល ក្នុងមរដករបស់ពូជអំបូរណាដែលគេចូលនោះ ហើយនឹងត្រូវដកចេញ ពីមរដករបស់ពួកអយ្យកោនៃពូជអំបូរយើងខ្ញុំទៅ។
5. នោះម៉ូសេលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែល តាមបង្គាប់នៃព្រះយេហូវ៉ាថា ពូជអំបូរនៃកូនចៅយ៉ូសែបគេបាននិយាយត្រូវ
6. នេះជាសេចក្ដី ដែលព្រះយេហូវ៉ាទ្រង់បង្គាប់ ពីដំណើរនៃពួកកូនស្រីស្លូផិហាត គឺថា ឲ្យគេយកប្ដីណា ដែលគេចូលចិត្តចុះ ប៉ុន្តែត្រូវយកក្នុងគ្រួសារនៃពូជអំបូររបស់អយ្យកោខ្លួន
7. យ៉ាងនោះ មរដករបស់ពួកកូនចៅអ៊ីស្រាអែល និងមិនត្រូវរើចេញ ពីពូជអំបូរ១ទៅពូជអំបូរ១ទៀតឡើយ ដ្បិតត្រូវឲ្យពួកកូនចៅអ៊ីស្រាអែលនៅជាប់នឹងមរដករបស់ពូជអំបូរ នៃពួកអយ្យកោគេរៀងខ្លួន
8. ហើយគ្រប់ទាំងកូនស្រីណា ដែលស៊ីមរដកក្នុងពូជអំបូរនៃពួកកូនចៅអ៊ីស្រាអែលណាមួយ នោះត្រូវតែយកប្ដីក្នុងគ្រួសាររបស់ពូជអំបូរនៃពួកអយ្យកោខ្លួន ដើម្បីឲ្យពួកកូនចៅអ៊ីស្រាអែល បានស៊ីមរដករបស់ពួកអយ្យកោគេរៀងខ្លួន