ជនគណនា 35:7-24 ព្រះគម្ពីរបរិសុទ្ធ (KHOV)

7. អស់​ទាំង​ទី​ក្រុង​ដែល​ត្រូវ​ឲ្យ​ដល់​ពួក​លេវី នោះ​រួម​ត្រូវ​ជា​៤៨ ព្រម​ទាំង​តំបន់​នៅ​ជុំវិញ​ផង

8. ឯ​ទី​ក្រុង​ក្នុង​កេរ‌អាករ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល ដែល​ឯង​រាល់​គ្នា​ត្រូវ​ឲ្យ​ដល់​ពួក​លេវី នោះ​ត្រូវ​យក​យ៉ាង​ច្រើន ពី​ពួក​ណា​ដែល​មាន​ទី​ក្រុង​ច្រើន ហើយ​យ៉ាង​តិច​ពី​ពួក​ណា​ដែល​មាន​តិច ត្រូវ​ឲ្យ​គ្រប់​គ្នា​ចែក​ទី​ក្រុង​ទាំង​នោះ ដល់​ពួក​លេវី តាម​មរដក​ដែល​ខ្លួន​ទទួល​ហើយ។

9. ព្រះ‌យេហូវ៉ា​ទ្រង់​បង្គាប់​ម៉ូសេ

10. ឲ្យ​ប្រាប់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ថា កាល​ណា​ឯង​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​កាណាន​ហើយ

11. នោះ​ត្រូវ​ឲ្យ​ដំរូវ​ទី​ក្រុង​ខ្លះ ទុក​សំរាប់​ជា​ទី​ក្រុង​ពំនាក់ ដល់​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​ណា​ដែល​សំឡាប់​មនុស្ស មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​នៅ​ទី​នោះ​បាន

12. ទី​ក្រុង​ទាំង​នោះ​នឹង​បាន​សំរាប់​ជា​ទី​ពំនាក់ ឲ្យ​ឯង​រាល់​គ្នា​បាន​រួច​ពី​អ្នក​ដែល​សង‌សឹក​ចេញ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សំឡាប់​គេ បាន​ត្រូវ​ស្លាប់​ឡើយ ដរាប​ដល់​បាន​ជំនុំ‌ជំរះ​នៅ​មុខ​ពួក​ជំនុំ​ហើយ

13. ក្នុង​បណ្តា​ទី​ក្រុង​ដែល​ឯង​រាល់​គ្នា​នឹង​ឲ្យ​នោះ ត្រូវ​មាន​៦​ទុក​ជា​ទី​ក្រុង​ពំនាក់​សំរាប់​ឯង​រាល់​គ្នា

14. ត្រូវ​ឲ្យ​ឯង​រាល់​គ្នា​ឲ្យ​ទី​ក្រុង​៣ នៅ​ត្រើយ​ទន្លេ​យ័រដាន់​ខាង‌អាយ ហើយ​ទី​ក្រុង​៣​ទៀត​នៅ​ក្នុង​ស្រុក​កាណាន ទី​ក្រុង​ទាំង​៦​នោះ ត្រូវ​ទុក​សំរាប់​ជា​ទី​ពំនាក់​អាស្រ័យ

15. គឺ​ត្រូវ​បាន​សំរាប់​ជា​ទី​ពំនាក់​ដល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល និង​ពួក​អ្នក​ប្រទេស​ក្រៅ ហើយ​ដល់​អ្នក​ណា​ដែល​ស្នាក់​នៅ​ជា​មួយ​ផង ដើម្បី​ឲ្យ​អស់​អ្នក​ណា​ដែល​សំឡាប់​មនុស្ស មិន​ប្រកប​ដោយ​ចិត្ត​ប៉ង បាន​រត់​ទៅ​ជ្រក​អាស្រ័យ​បាន។

16. តែ​បើ​អ្នក​នោះ​បាន​ប្រហារ​គេ ដោយ​គ្រឿង​ដែក​អ្វី​ឲ្យ​ដល់​ស្លាប់ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន

17. ឬ​បើ​អ្នក​នោះ​កាន់​ថ្ម​នៅ​ដៃ​គប់​គេ ល្មម​ឲ្យ​ស្លាប់​ទៅ​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន

18. ឬ​បើ​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​គ្រឿង​ឈើ​ដែល​កាន់​នៅ​ដៃ ជា​ប្រដាប់​ល្មម​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ អ្នក​នោះ​ឈ្មោះ​ថា​ជា​អ្នក​សំឡាប់​គេ​ហើយ អ្នក​ណា​ដែល​សំឡាប់​គេ​ដូច្នេះ នោះ​ត្រូវ​តែ​សំឡាប់​វិញ​ជា​មិន​ខាន

19. ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​សំឡាប់​គេ​នោះ​វិញ កាល​ជួប​ប្រទះ​ឃើញ​អ្នក​នោះ​វេលា​ណា នោះ​ត្រូវ​តែ​សំឡាប់​ចោល​ចេញ

20. បើ‌សិន​ជា​អ្នក​នោះ​បាន​ប្រហារ​គេ​ដោយ​ចិត្ត​ស្អប់ ឬ​បាន​លប​ចោល​គេ​នឹង​អ្វី​ឲ្យ​ដល់​ស្លាប់

21. ឬ​បាន​ដាល់​គេ​ដោយ​ចិត្ត​ក្នាញ់​ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​វាយ​គេ​នោះ ចោល​ចេញ​ជា​មិន​ខាន អ្នក​នោះ​ឈ្មោះ​ថា​បាន​សំឡាប់​គេ​ហើយ ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​សំឡាប់​អ្នក​នោះ​វិញ ក្នុង​វេលា​ដែល​ជួប​ប្រទះ​នោះ​ឯង។

22. តែ​បើ​អ្នក​នោះ ស្រាប់​តែ​វាយ​គេ ដោយ​ឥត​មាន​ចិត្ត​សំអប់​សោះ ឬ​ចោល​របស់​អ្វី ទៅ​លើ​គេ ដោយ​ឥត​មាន​ឈ្លប​លប

23. ឬ​បាន​ទំលាក់​ថ្ម​ណា​មួយ ទៅ​លើ​គេ​ដោយ​មិន​បាន​ឃើញ ដែល​ល្មម​ឲ្យ​ស្លាប់​បាន ហើយ​គេ​ក៏​ស្លាប់​ទៅ តែ​អ្នក​នេះ​មិន​មែន​ជា​ខ្មាំង​សត្រូវ ហើយ​ក៏​មិន​ដែល​ប៉ង​នឹង​ធ្វើ​អាក្រក់​គេ​ដែរ

24. នោះ​ពួក​ជំនុំ​ត្រូវ​ជំនុំ‌ជំរះ​អ្នក​ដែល​បាន​សំឡាប់​គេ និង​អ្នក​ដែល​រក​សង‌សឹក​នឹង​ឈាម​គេ​នោះ តាម​មាត្រា​ច្បាប់​ទាំង​នេះ

ជនគណនា 35