16. តែបើអ្នកនោះបានប្រហារគេ ដោយគ្រឿងដែកអ្វីឲ្យដល់ស្លាប់ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន
17. ឬបើអ្នកនោះកាន់ថ្មនៅដៃគប់គេ ល្មមឲ្យស្លាប់ទៅបាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន
18. ឬបើអ្នកនោះបានប្រហារគេដោយគ្រឿងឈើដែលកាន់នៅដៃ ជាប្រដាប់ល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ អ្នកនោះឈ្មោះថាជាអ្នកសំឡាប់គេហើយ អ្នកណាដែលសំឡាប់គេដូច្នេះ នោះត្រូវតែសំឡាប់វិញជាមិនខាន
19. ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវតែសំឡាប់អ្នកដែលបានសំឡាប់គេនោះវិញ កាលជួបប្រទះឃើញអ្នកនោះវេលាណា នោះត្រូវតែសំឡាប់ចោលចេញ
20. បើសិនជាអ្នកនោះបានប្រហារគេដោយចិត្តស្អប់ ឬបានលបចោលគេនឹងអ្វីឲ្យដល់ស្លាប់
21. ឬបានដាល់គេដោយចិត្តក្នាញ់ឲ្យដល់ស្លាប់ នោះត្រូវតែសំឡាប់អ្នកដែលបានវាយគេនោះ ចោលចេញជាមិនខាន អ្នកនោះឈ្មោះថាបានសំឡាប់គេហើយ ឯអ្នកដែលត្រូវសងសឹកនឹងឈាម នោះត្រូវសំឡាប់អ្នកនោះវិញ ក្នុងវេលាដែលជួបប្រទះនោះឯង។
22. តែបើអ្នកនោះ ស្រាប់តែវាយគេ ដោយឥតមានចិត្តសំអប់សោះ ឬចោលរបស់អ្វី ទៅលើគេ ដោយឥតមានឈ្លបលប
23. ឬបានទំលាក់ថ្មណាមួយ ទៅលើគេដោយមិនបានឃើញ ដែលល្មមឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ តែអ្នកនេះមិនមែនជាខ្មាំងសត្រូវ ហើយក៏មិនដែលប៉ងនឹងធ្វើអាក្រក់គេដែរ
24. នោះពួកជំនុំត្រូវជំនុំជំរះអ្នកដែលបានសំឡាប់គេ និងអ្នកដែលរកសងសឹកនឹងឈាមគេនោះ តាមមាត្រាច្បាប់ទាំងនេះ
25. រួចត្រូវដោះអ្នកដែលបានសំឡាប់គេ ចេញពីកណ្តាប់ដៃ នៃអ្នកដែលរកសងសឹកនឹងឈាមគេនោះ ហើយត្រូវឲ្យអ្នកនោះត្រឡប់ទៅឯក្រុងពំនាក់ ដែលបានរត់ទៅជ្រកអាស្រ័យវិញ ត្រូវឲ្យគេនៅក្នុងទីក្រុងនោះ ដរាបដល់សំដេចសង្ឃ ដែលបានចាក់ប្រេងបរិសុទ្ធតាំងឡើង លោកសុគតទៅ